ជាតិ
បោះឆ្នោត
បក្ស៥បានចុះបញ្ជីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤
08, Mar 2024 , 9:59 pm        
រូបភាព
បក្សចំនួន៥ បានចុះបញ្ជីចូលរួមការបោះឆ្នោតក្រុមប្រឹក្សា។
បក្សចំនួន៥ បានចុះបញ្ជីចូលរួមការបោះឆ្នោតក្រុមប្រឹក្សា។
ភ្នំពេញ៖ មានគណបក្សចំនួន៥ហើយ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ បក្សទាំង៥នោះ មានបក្សប្រជាជនកម្ពុជា បក្សឆន្ទៈខ្មែរ បក្សកម្លាំងជាតិ បក្សហ្វ៊ុនស៊ិនប៉ិច និងបក្សខ្មែររួបរួមជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

 
គ.ជ.ប បានបើកឱ្យបណ្ដាបក្សនយោបាយទាំងអស់ ដែលមានបំណងចង់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ចុះបញ្ជីគណបក្សឈរឈ្មោះ និងបេក្ខជន ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ មីនា។ ៥ថ្ងៃមកនេះ គ.ជ.ប បានទទួលពាក្យសុំចុះឈ្មោះចំនួន៥គណបក្ស ដែលពួកគេបានដាក់បេក្ខជនឈរឈ្មោះ សរុបទាំងអស់២៧៩៥៣រូប។ 
 
គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោះតជ្រើសរើសក្រុមប្រឹក្សាសរុប៨៦១៨រូប ក្នុងនោះ មានបេក្ខជនពេញសិទ្ធិ៤២០០នាក់ និងបម្រុង៤៤១៨នាក់។ បេក្ខជនទាំងនោះ បានឈរឈ្មោះនៅ២៥រាជធានីខេត្ត និងទូទាំង២០៩ ក្រុង ស្រុក ខណ្ឌ។ 
 
ចំណែកបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឈរឈ្មោះសរុប៧៨៦៦រូប ក្នុងនោះបេក្ខជនពេញសិទ្ធិ៣៩១០នាក់ និងបម្រុង៣៩៥៦នាក់។ បក្សនេះ ដាក់បេក្ខជន ឈរឈ្មោះនៅមណ្ឌលរាជធានីខេត្តចំនួន២៣ និងក្រុង ស្រុក ខណ្ឌ ចំនួន១៨២។ 
 
រីឯ បក្សកម្លាំងជាតិ ចុះប​ញ្ជីបេក្ខជនឈរឈ្មោះសរុប៣៥៧៧រូប ក្នុងនោះអ្នកពេញសិទ្ធិ១៨០២នាក់ និងបម្រុង១៧៧៥នាក់។ បក្សកម្លាំងជាតិ ឈរឈ្មោះនៅមណ្ឌលរាជធានីខេត្តចំនួន២២ និងមណ្ឌលក្រុង ស្រុក ខណ្ឌ ចំនួន១០២។ 
 
គណបក្សហ្វ៊ុនស៊ិនប៉ិច បានដាក់បេក្ខជនឈរឈ្មោះសរុប ៤៩៨៥រូប ក្នុងនោះមានបេក្ខជនពេញសិទ្ធិ២៥១៩ និងបម្រុង២៤៦៦។ បក្សនេះ ឈរឈ្មោះនៅមណ្ឌលរាជធានីខេត្តចំនួន១៩ និងមណ្ឌលក្រុង ស្រុក ខណ្ឌ ចំនួន១៤៤។ 
 
គណបក្សខ្មែររួបរួមជាតិ បានចុះបញ្ជីឈរឈ្មោះបេក្ខជនសរុប២៩០៧រូប ក្នុងនោះ បេក្ខជនពេញសិទ្ធិចំនួន១៤៧៥នាក់ ហើយបេក្ខជនបម្រុងចំនួន១៤៣២នាក់។ ចំពោះ មណ្ឌលឈរឈ្មោះនៅរាជធានីខេត្តមានចំនួន១៧ និងមណ្ឌលក្រុង ស្រុក​ ខណ្ឌចំនួន៧៨។ 
 
នីតិវិធីសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សានេះ គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត នឹងពិនិត្យ ហើយសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត យ៉ាងយូរ៥ថ្ងៃ ក្រោយទទួលបានពាក្យស្នើសុំនេះ។ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤  រួមទាំងការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបណ្ដោះអាសន្ន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ឧសភា៕ 

© រក្សាសិទ្ធិដោយ thmeythmey.com