អន្តរជាតិ
លោក គីម ជុងអ៊ុន ដឹកនាំសមយុទ្ធបាញ់កាំភ្លើងធំ នៅក្បែរទីក្រុងសេអ៊ូល
09, Mar 2024 , 3:10 pm        
រូបភាព
យោងតាមរបាយការណ៍ទីភ្នាក់ងារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) ចេញផ្សាយ នាថ្ងៃទី៨ ខែមីនា កងកម្លាំងយោធាបានបញ្ជាក់ថា មេដឹកនាំប្រទេស លោក គីម ជុងអ៊ុនបាន ដឹកនាំសមយុទ្ធបាញ់កាំភ្លើងធំដោយកងទ័ពប្រជាជនកូរ៉េខាងជើង នៅក្បែរទីក្រុងសេអ៊ូល។

សមយុទ្ធដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែមីនា ពាក់ព័ន្ធនឹងអង្គភាពនៅជិតព្រំដែនដែល ស្ថិតនៅក្នុងជួរបាញ់លើរដ្ឋធានីរបស់សត្រូវ។ KCNA លើកឡើងបែបនេះ ដោយសំដៅទៅ លើរដ្ឋធានីកូរ៉េខាងត្បូង​ គឺទីក្រុងសេអ៊ូលដែលមានប្រជាជនជិត​ ១០ លាននាក់ ហើយបាន បន្ថែមថា កូរ៉េខាងជើងបំពេញបេសកកម្មយោធាសំខាន់ៗសម្រាប់ការរារាំងសង្គ្រាមផងដែរ។
 
ក្នុងការសាកល្បងនេះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) សម្គាល់ថា យោធា កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ និងកាំភ្លើងធំបាញ់ដោយស្វ័យ ប្រវត្តិ ឆ្ពោះទៅសមុទ្រលឿង ចន្លោះម៉ោង ១១ ព្រឹកដល់ម៉ោង ៥ ល្ងាច។ JCS បន្តតាមដាន សកម្មភាពយោធារបស់កូរ៉េខាងជើង ខណៈដែលសមយុទ្ធរួមគ្នាដែលធ្វើឡើងដោយយោធា កូរ៉េខាងត្បូង និងអាម៉េរិកកំពុងដំណើរការ។ 
 
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានមានប្រសាសន៍ថា សមយុទ្ធរួមគ្នានៅកូរ៉េខាងត្បូង គឺជាទម្លាប់ និងមានគោលបំណងការពារ ហើយបានអំពាវនាវឱ្យកូរ៉េខាងជើងជៀសវាងពី សកម្មភាពបង្កហេតុ ឬអស្ថិរភាព និងត្រឡប់ទៅរកផ្នែកការទូតវិញ។ សមយុទ្ធដែលត្រូវបាន ស្គាល់ថាជាសមយុទ្ធ Freedom Shield បានចាប់ផ្តើមកាលពីថ្ងៃទី៤ ខែមីនា ជាមួយនឹង ចំនួនទាហានចូលរួមទ្វេដងបើធៀបនឹងឆ្នាំមុន។
 
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក JCS បញ្ជាក់ថា ទីក្រុងព្យុងយ៉ាងក៏បានធ្វើការប៉ុន ប៉ងជាច្រើនដងដោយបង្ហាញពីសញ្ញា GPS នៅជិតព្រំដែនកូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃទី៥ ខែមីនា ដោយបន្តថា មិនមានការខូចខាតណាមួយត្រូវបានបង្កឡើងឡើយ ប៉ុន្តែព្រមានអំពី ផលវិបាក។
 
យោងតាម របាយការណ៍ KCNA ខាងលើ សមយុទ្ធកាំភ្លើងធំនេះ មានគោលបំណងបង្កើនការ ត្រៀមខ្លួនប្រយុទ្ធ និងសមត្ថភាពធ្វើសង្គ្រាម។
 
«លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបណ្តុះបណ្តាលទាហានកាំភ្លើងធំទាំងអស់នៃកងទ័ពទាំងមូលទៅជាអ្នកជំនាញក្នុងការចូលរួមកាំភ្លើងធំ...និងបានកំណត់ភារកិច្ចសំខាន់ៗសម្រាប់ការត្រៀមរៀបចំសង្រ្គាមកាំភ្លើងធំ»។ ឯកសារប្រព័ន្ធផ្សព្វផ្សាយរដ្ឋខាងលើបានស្រង់សម្តី លោកគីមបែបនេះ។
 
រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងសេអ៊ូល លោក Shin Won-sik បានទៅធ្វើទស្សនកិច្ចនៅទី បញ្ជាការការពាររាជធានីនៅថ្ងៃសមយុទ្ធផ្ទាល់ហើយបានបញ្ជាឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើងធ្វើការបង្កហេតុសំដៅទៅលើរដ្ឋធានី។
 
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងក៏ប្រកាសថា លោក គីមបានត្រួតពិនិត្យការហ្វឹកហ្វឺនកងទ័ពនៅមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់មួយនៅក្នុងតំបន់ភាគខាងលិចនៃប្រទេស៕

© រក្សាសិទ្ធិដោយ thmeythmey.com