កីឡាអន្តរជាតិ
អន្តរជាតិ
Bellingham ថាអាជ្ញាកណ្តាលដាក់ពិន័យខ្លួន ដើម្បីគំរាមកីឡាករដទៃ
09, Mar 2024 , 3:40 pm        
រូបភាព
Jude Bellingham ខ្សែបម្រើក្រុម ​Real Madrid ប្រត្តិកម្មចំពោះការដាក់ពិន័យ ២ប្រកួត ក្នុងក្របខណ្ឌ La Liga។ កីឡាករសញ្ជាតិអង់គ្លេស ចាត់ទុកការដាក់ពិន័យនេះហាក់ដូចជារឿងដ៏គួរឱ្យអស់សំណើច ហើយថែមទាំងអះអាងថាព្រោះតែខ្លួនជាកីឡាករចំណូលថ្មីនៅក្នុងលីគអេស្ប៉ាញ ទើបក្រុមអាជ្ញាកណ្តាលយកធ្វើជាឧទាហរណ៍ដើម្បីគំរាមកីឡាករដទៃទៀត។

​កីឡាករវ័យ ២០ឆ្នាំ រង់ពិន័យ ២ប្រកួត ពីសំណាក់គណៈកម្មាធិការវិន័យក្របខណ្ឌ La Liga ​បន្ទាប់គេទទួលបានកាត់ក្រហមនៅក្នុងការប្រកួតស្មើ ២-២ ទល់នឹងក្រុម Valencia​ កាលពីសប្តាហ៍មុន ចំពោះការតវ៉ាទាមទារគ្រាប់បាល់បញ្ចូលទីក្រោយពេលអាជ្ញាកណ្តាលការប្រកួតបានផ្លុំបញ្ចែបញ្ចប់ការប្រកួតជាមុន។
 
Bellingham បានប្រើអាកប្បកិរិយាមិនសមរម្យលើអាជ្ញាកណ្តាល និងនិយាយដោយប្រើពាក្យមិនសមរម្យ«It’s F…ing Goals» ដដែលៗសំដៅទាមទារគ្រាប់បាល់ជ័យជម្នះពីអាជ្ញាកណ្តាល។
 
«វាពិតជាពិបាកក្នុងការនិយាយ ព្រោះថាពាក្យបណ្តឹងឧទ្ធរណ៍កំពុងតែដំណើរការ។ អ្វីដែលខ្ញុំអាចនិយាយបានគឺរឿងដែលកើតឡើង ជាមួយនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដែលផ្លុំកញ្ចែបញ្ចប់ការប្រកួត។​ ខ្ញុំមិនបាននិយាយប្រមាថ ពេលខ្លះខ្ញុំអារម្មណ៍ដូចជាអ្នកចំណូលថ្មី សម្រាប់ពួកគេយកធ្វើជាគំរូ។ ខ្ញុំត្រូវទទួលខុសត្រូវចំពោះទង្វើរខ្ញុំ ហើយខ្ញុំគិតថារឿងនេះគួរឱ្យអស់សំណើចបន្តិចដែរ។»។ ​Bellingham បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Movistar បែបនេះ។
 
បម្រាម ២ប្រកួត នឹងត្រូវបានគេមើលឃើញថា កីឡាករអន្តរជាតិអង់គ្លេស ត្រូវខកខានការប្រកួតរបស់ Real Madrid ក្នុងសប្តាហ៍នេះទល់នឹងក្រុម Celta Vigo និង Osasuna នៅថ្ងៃទី១៦ ខែមីនា។
 
កាលពីថ្ងៃទី៦ ខែមីនា កីឡាករវ័យ ២០ឆ្នាំ បានចូលលេងក្នុងជំនួប Real Madrid ស្មើដោយលទ្ធផល ១-១ ទល់នឹងក្រុម RB Leipzig ហើយខ្សែបម្រើបានបញ្ជូនបាល់យ៉ាងល្អទៅកាន់មិត្តរួមក្រុម Vinicius Jr ដើម្បីស៊ុតបញ្ចូលទី និងរក្សាបានកៅអីទៅវគ្គ ១​/៤​ ចុងក្រោយ នៃពានរង្វាន់ UEFA Champions League៕

Tag:
 (Jude Bellingham
  Real Madrid)
© រក្សាសិទ្ធិដោយ thmeythmey.com