អន្តរជាតិ
អូស្ត្រាលី​កើនកម្ដៅដល់ ៤០ អង្សា ដែល​បង្កើន​ហានិភ័យ​ភ្លើង​ឆេះ​ព្រៃ
09, Mar 2024 , 4:40 pm        
រូបភាព
តំបន់ដ៏ធំនៃប្រទេសអូស្ត្រាលីនៅថ្ងៃទី៩ ខែមីនាបានកើនកម្ដៅខ្លាំង ខណៈរលកកំដៅធ្ងន់ធ្ងរដែល បង្កើនហានិភ័យដល់ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍របស់ប្រទេសបន្ថែមទៀត។

អ្នកព្យាករណ៍អាកាសធាតុអូស្ត្រាលីបានប្រកាសអាសន្នអំពីរលកកម្ដៅសម្រាប់រដ្ឋអូស្ត្រាលី ខាងត្បូង រដ្ឋ New South Wales រដ្ឋ Tasmania រដ្ឋ​ Australian Capital Territory និង រដ្ឋ Victoria ដោយព្រមានថាសីតុណ្ហភាពនៅក្នុងតំបន់ខ្លះអាចឡើងលើសពី ៤០ អង្សា។ ទិន្នន័យ បង្ហាញថា នៅក្នុងរដ្ឋធានីមែលប៊ន រដ្ឋ Victoria សីតុណ្ហភាពអតិបរមាគឺរហូតដល់ ៣៩ អង្សា ត្រូវបានព្យាករណ៍សម្រាប់ថ្ងៃទី៩ ខែមីនា គឺច្រើនជាង ១៥ ដឺក្រេលើសពីសីតុណ្ហភាព មធ្យម នៃខែមីនា ខណៈអ្នកព្យាករណ៍សម្គាល់ថា កំដៅគឺ ៣១,៥ អង្សានៅម៉ោង ១១ និង ១០ នាទី ព្រឹក។
 
«គ្រោះថ្នាក់ភ្លើងឆេះខ្លាំងត្រូវបានព្យាករណ៍សម្រាប់សង្កាត់កណ្តាល និងភាគនិរតី រួមទាំងទី ក្រុងមែលប៊ន Geelong» ។ អ្នកព្យាករណ៍អាកាសធាតុខាងលើ បានបង្ហោះសារលើ បណ្ដាញសង្គម X បែបនេះផងដែរ។
 
នៅរដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនជាងគេ មានភ្លើងឆេះព្រៃ និងស្មៅ ចំនួន ១៩ កន្លែងបានឆាបឆេះនៅថ្ងៃដូចគ្នានេះ បើយោងតាមគេហទំព័រទីភ្នាក់ងារសេវាភ្លើង​ ឆេះតំបន់ជនបទរបស់រដ្ឋ។
 
អ្នកជំនាញឧតុនិយមជាន់ខ្ពស់លោកស្រី Sarah Scully បានប្រាប់ក្រុមហ៊ុនផ្សព្វផ្សាយ អូស្ត្រាលី (Australian Broadcasting) ថា អាកាសធាតុក្តៅទំនងជានឹងបន្តរហូត ដល់ថ្ងៃទី១២ ខែមីនានៅពេលដែលម៉ាស់ខ្យល់ត្រជាក់ខ្លាំង និងការផ្លាស់ប្តូរនៅភាគខាងត្បូងរំពឹងនឹងកើត មាន។
 
គួរបញ្ជាក់ថា រដូវក្តៅរបស់អូស្ត្រាលីត្រូវបានគ្រប់គ្រងដោយបាតុភូតអាកាសធាតុ El Nino ដែលឥឡូវនេះបានធូរស្រាលមកវិញ។ បញ្ហាអាកាសធាតុនេះបានពាំនាំសីតុណ្ហភាពក្តៅ ខ្លាំ ងខុសពីធម្មតាសម្រាប់មហាសមុទ្រប៉ាស៊ីហ្វិកដែលបង្កឱ្យមានរលកកំដៅ ព្យុះស៊ីក្លូន គ្រោះ រាំងស្ងួត និងភ្លើងឆេះព្រៃ។
 
កាលពីខែកុម្ភៈ មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញ ចំពេលមានរលកកំដៅខ្លាំង និងភ្លើងឆេះ ព្រៃដ៏ធំនៅក្នុងរដ្ឋ Victoria ដែលប្រឈមមុខនឹងស្ថានភាពដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ ឆ្នាំ៕

© រក្សាសិទ្ធិដោយ thmeythmey.com