ជាតិ
កម្ពុជា ដាក់គោលដៅកសាងប្រព័ន្ធគាំពារសង្គម ឱ្យទាន់ប្រទេសក្នុងតំបន់
12, Mar 2024 , 9:29 pm        
រូបភាព
រូបពីហ្វេសប៊ុក «គាំពារសង្គមកម្ពុជា»
រូបពីហ្វេសប៊ុក «គាំពារសង្គមកម្ពុជា»
ភ្នំពេញ៖ កម្ពុជា បានរៀបចំកម្មវីធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ ២០២៤» ដោយផ្ដោតលើការកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់ ដើម្បីបោះជំហានឱ្យទាន់ប្រទេសក្នុងថ្នាក់តំបន់។



កម្មវិធីនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៣ ខែមីនា ដោយមានការចូលរួមពី តំណាងនិយោជក និយោជិត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា។ ក្នុងនោះ ក៏មានកិច្ចពិភាក្សាផ្លាស់ប្ដូរបទពិសោធ ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ដូចជា វៀតណាម, ថៃ, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ផងដែរ។ 
 
លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា កំពុងបោះជំហានទៅមុខប្រកបដោយវឌ្ឍនភាព។ 
 
ចាប់តាំងពីការបង្កើតនៅឆ្នាំ២០១៧ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានដាក់ចេញកម្មវិធីជាតិជំនួយ និងរបបសន្តិសុខសង្គមជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រីកការគាំពារដល់ពលរដ្ឋឱ្យកាន់តែប្រសើរ ឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។​ ជាក់ស្ដែង នៅពេលកម្ពុជា ជួបវិបត្តិផ្ទួនៗដូចជា ជំងឺកូវីដ-១៩, សម្ពាធអតិផរណា និងគ្រោះទឹកជំនន់ ប្រព័ន្ធគាំពារសង្គម បានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដើម្បីផ្តល់ការគាំទ្រ ទប់លំនឹងជីវភាព កាត់បន្ថយផលអវិជ្ជមាន និងស្តារជីវភាពរបស់ពលរដ្ឋផងដែរ។ 
 
ក្នុងឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានប​ន្ថែមថា កម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើ «មនុស្ស»ជាចម្បង។ ទន្ទឹមនោះ ប្រព័ន្ធគាំពារសង្គម ត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដូចជា របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់គ្រួសារងាយរងហានិភ័យ, របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។ 
 
យុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ព្រមទាំង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន និងផែនការយុទ្ធសាស្រ្ដបរិវត្ដកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ២០២៤-២០២៨ ជាដើម។ 
 
ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមរូបនេះ អះអាងថា ការដាក់អនុវត្តគោលនយោបាយទាំងនេះ បានប​ង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេច ហ៊ុន ម៉ាណែត ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធិភាព។
 
សូមជម្រាបថា នៅឆ្នាំ២០២៣ ប្រព័ន្ធគាំពារសង្គមកម្ពុជាមានរបបសន្តិសុខសង្គម និងកម្មវិធីជាតិជំនួយសង្គមចំនួន១៦សំខាន់ៗ ដែលមានអ្នកទទួលផលប្រមាណ ៦.៦ លាននាក់ ឬ ស្មើនឹង ៤២ភាគរយនៃពលរដ្ឋសរុប៕  

Tag:
 គាំពារសង្គម
  ក្រសួងសេដ្ឋកិច្ច
  ប៉ែន សុបភា
  អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com