អន្តរជាតិ
មន្ត្រីជាន់ខ្ពស់អុីស្រាអែលចោទអាម៉េរិក ចង់ផ្តួលរំលំរដ្ឋាភិបាលខ្លួន
13, Mar 2024 , 4:20 pm        
រូបភាព
ជំនួបលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) និងលោកបេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល នៅក្រុង Tel Aviv អុីស្រាអែល ក្នុងខែតុលា ឆ្នាំ២០២៣។ រូបភាព AFP
ជំនួបលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) និងលោកបេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល នៅក្រុង Tel Aviv អុីស្រាអែល ក្នុងខែតុលា ឆ្នាំ២០២៣។ រូបភាព AFP
រដ្ឋបាលអាម៉េរិកកំពុងប៉ុនប៉ងផ្តួលរលំ រដ្ឋាភិបាលរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអុីស្រាអែល បានចោទបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១២ ខែមីនា ក្រោយចារកិច្ចអាម៉េរិកបញ្ចេញរបាយការណ៍មួយ។

 
ក្នុងរបាយការណ៍ដាក់ទៅកាន់សភាពាក់ព័ន្ធនឹងសន្តិសុខជាតិ ចារកិច្ចអាម៉េរិក បានបញ្ជាក់ថា ភាពជាអ្នកដឹកនាំរបស់លោកបេនចាមីន ណេតាន់យ៉ាហ៊ូ ជាមេដឹកនាំអុីស្រាអែល ស្ថិតក្នុងសភាពគ្រោះថ្នាក់។ បើតាមរបាយការណ៍នោះ ការមិនទុកចិត្តសមត្ថភាពរបស់លោក ណេតាន់យ៉ាហ៊ូ កាន់តែមានច្រើនឡើងពោលគឺតាំងពីមុនជម្លោះជាមួយហាម៉ាសទៅទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ អាម៉េរិករំពឹងថា នឹងមានការតវ៉ាទ្រង់ទ្រាយធំ និងទាមទារឱ្យមេដឹកនាំរូបនេះ ចុះចេញពីតំណែងថែមទៀត។ 
 
ក្រោយរបាយការណ៍ខាងលើ មន្រ្តីជាន់ខ្ពស់អុីស្រាអែលមួយរូប បានបង្ហាញការមិនពេញឡើយ ហើយថែមទាំងប្រើពាក្យសម្តីខ្លាំងៗដាក់អាម៉េរិកថែមទៀត។ 
 
«យើងរំពឹងថាមិត្តរបស់យើងនឹងធ្វើសកម្មភាពដើម្បីផ្តួលរលំរបបភេរវករ ហាម៉ាស មិនមែនរដ្ឋាភិបាលជាប់ឆ្នោតនៅអ៊ីស្រាអែលទេ»។ មន្ត្រីជាន់ខ្ពស់ដែលមិនបានបញ្ចេញឈ្មោះ បានឆ្លើយតបបែបនេះនឹងរបាយការណ៍កម្រាស់ ៤១ទំព័រខាងលើ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel។
 
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ មានតែពលរដ្ឋអុីស្រាអែលទេ ដែលអាចជ្រើសរើសនាយករដ្ឋមន្ត្រីខ្លួនបាន។ ទំនងខឹងនឹងអាម៉េរិកខ្លាំង មន្រ្តីអុីស្រាអែលដែលមិនបានបញ្ចេញឈ្មោះនោះ បានបន្ថែមថា អុីស្រាអែល មិនស្ថិតក្រោមអាណាព្យាបាលរបស់អាម៉េរិកទេ។ ផ្ទុយទៅវិញ អុីស្រាអែល ជារដ្ឋឯករាជ្យ និងប្រជាធិបតេយ្យ ដែលត្រូវបានជ្រើសដោយប្រជាជន។ 
 
របាយការណ៍ខាងលើ ធ្វើឡើងស្របពេលមេដឹកនាំអាម៉េរិក និងអុីស្រាអែល មានការខ្វែងគំនិតគ្នា ពាក់ព័ន្ធនឹងជម្លោះលើតំបន់កាហ្សា។ 
 
ការរិះគន់របស់រដ្ឋបាលលោក បៃឌិន ចំពោះលោក នេតាន់យ៉ាហ៊ូ លើជម្លោះកាហ្សា គឺទៅលើការមិនយកចិត្តទុកដាក់លើប្រជាជនស៊ីវិល ដែលបានបាត់បង់ជីវិតជាច្រើនម៉ឺននាក់ និងមិនសូវគិតគូរពីជំនួយ។ តាមរយៈក្រសួងសុខាភិបាលកាហ្សា មនុស្សយ៉ាងហោចណាស់ ៣១១៨៤នាក់ បានស្លាប់បាត់បង់ជីវិត និងលើសពី ៧ម៉ឺននាក់បានរងរបួស។ 
 
ក្នុងសុន្ទរកថាជាមួយគណៈកម្មាធិការកិច្ចការអាម៉េរិកអុីស្រាអែល លោក នេតាន់យ៉ាហ៊ូ នៅថ្ងៃទី១២ ខែមីនា បានបង្ហាញថា លោកនៅតែជឿជាក់ចំពោះការគាំទ្រពីរដ្ឋបាលលោកបៃឌិន​នៅពេលកន្លងមក ហើយអុីស្រាអែល ជឿថា អាម៉េរិកនៅតែបន្តគាំទ្រខ្លួន។ 
 
លើសពីនេះ មេដឹកនាំអុីស្រាអែល បានបញ្ជាក់ច្បាស់ៗជាថ្មីថា យោធាខ្លួន នឹងឈ្នះការប្រយុទ្ធជាមួយក្រុមហាម៉ាសនៅក្នុងតំបន់កាហ្សា ហើយអុីស្រាអែល នឹងបន្តវាយប្រហារក្រុមហាម៉ាស នៅក្នុងតំបន់ Rafah ដើម្បីកុំឱ្យក្រុមមួយនេះ អាចកៀងគរកម្លាំងប្រយុទ្ធជាថ្មី៕

Tag:
 កាហ្សា អុីស្រាអែល អាម៉េរិក ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com