សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី៥ក្នុងតំបន់ និង៣៥លើពិភពលោក
14, Mar 2024 , 9:29 pm        
រូបភាព
ទិដ្ឋភាពថតពីលើអគារ Landmark 81 នៅទីក្រុងហូជីមិញ ។ រូបភាព ៖ baochinhphu
ទិដ្ឋភាពថតពីលើអគារ Landmark 81 នៅទីក្រុងហូជីមិញ ។ រូបភាព ៖ baochinhphu
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ប្រមាណថា ផលិតក្នុងស្រុកសរុប(GDP) របស់វៀតណាមក្នុងឆ្នាំ២០២៣ បានកើនឡើងប្រមាណ ៤៣៣,៣ពាន់លានដុល្លារ ដែលធ្វើឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់ទី៥ នៅអាស៊ីអាគ្នេយ៍ និងទី៣៥ នៅលើពិភពលោក។

 
ទិន្នន័យចុងក្រោយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា នៅឆ្នាំ ២០២៣ ទំហំ GDP នៃតំបន់អាស៊ីអាគ្នេយ៍ជារួមមានតម្លៃប្រហែល ៣,៨៦ទ្រីលានដុល្លារ។
 
ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​តំបន់​បានទៅ​​ឥណ្ឌូណេស៊ី​ដែល​មាន​ផលិតផលក្នុងស្រុក​សរុប​​ចំនួន ១,៤២ ទ្រីលាន​ដុល្លារ។ ទន្ទឹមនេះ ​ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ ដែល​មាន GDP ​សរុប​ចំនួន ៥១២,១៩ពាន់​លាន​ដុល្លារ។ ​តាមពីក្រោយ ដោយ​សិង្ហបុរី និង​ហ្វីលីពីន ដែល​មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​តម្លៃ​ ៤៩៧,៣៥ពាន់​លាន​ដុល្លារ និង ៤៣៥,៦៨ពាន់​លាន​ដុល្លាររៀងគ្នា​។
 
យោងតាមទិន្នន័យពី ​​IMF ដដែលទំហំ GDP របស់វៀតណាមក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ប្រមាណមានចំនួន ៤៣៣,៣ពាន់លានដុល្លារដែលជាប់ចំណាត់ថ្នាក់ទី៥ ក្នុងតំបន់ និងជាមហាអំណាចសេដ្ឋកិច្ចទី៣៥ នៅលើពិភពលោក។ នេះបើតាមសារព័ត៌មាន Vietnam News ដកស្រង់ទិន្នន័យពី IMF នៅថ្ងៃទី១៤ ខែមីនា។ 
 
យ៉ាងណាមិញ ទំហំសេដ្ឋកិច្ចវៀតណាមប្រហាក់ហែលម៉ាឡេស៊ី (៤៣៣,៣ ពាន់លានដុល្លារ) និងនាំមុខមីយ៉ាន់ម៉ា (៧៤,៨៦ពាន់លានដុល្លារ) កម្ពុជា (៣០,៩ពាន់លានដុល្លារ) ប្រ៊ុយណេ (១៥,១ពាន់លានដុល្លារ) ឡាវ (១៤,២ពាន់លានដុល្លារ) និង ទីម័រខាងកើត (២ពាន់លានដុល្លារ)។
 
ដោយសារអត្ថប្រយោជន៍នៃចំនួនប្រជាជនច្រើន និងវ័យក្មេង វៀតណាមមានឱកាសវ៉ាដាច់ប្រទេសអាស៊ានភាគច្រើនដែលមានសេដ្ឋកិច្ចខ្លាំងក្លាដូចជាសិង្ហបុរី ថៃ ឬម៉ាឡេស៊ី ហើយអាចនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។
 
នៅទូទាំងពិភពលោក ទិន្នន័យរបស់ IMF បានកត់ត្រាថាទំហំនៃ GDP ពិភពលោកក្នុងឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណមានចំនួន ១០៤,៤៨ទ្រីលានដុល្លារ។ ទន្ទឹមនេះ អាម៉េរិកនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក ជាមួយទំហំ GDP នៃឆ្នាំ២០២៣ ដែលប៉ាន់ស្មានមានចំនួន ២៦,៩៥ ទ្រីលានដុល្លារ។
 
ចំណែកចិនជាប់ចំណាត់លេខ២ ដែលមានទំហំ GDP សរុបចំនួន ១៧,៧ ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣។ តាមពីក្រោយដោយអាល្លឺម៉ង់ (៤,៤៣ទ្រីលានដុល្លារ), ជប៉ុន (៤,២៣ ទ្រីលានដុល្លារ) និងឥណ្ឌា (៣,៧៣ទ្រីលានដុល្លារ)៕

Tag:
 វៀតណាម​
  សេដ្ឋកិច្ច
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com