RFI
អន្តរជាតិ
ចិន​បរិហារ​ការ​អនុម័ត​ច្បាប់​​ហាម​ឃាត់​TikTok របស់​អាមេរិក​ថា​ជា​វិធីសាស្ត្រ​ពាល
15, Mar 2024 , 10:29 pm        
រូបភាព
នបរិហារការអនុម័តច្បាប់ហាមឃាត់TikTok នៅអាមេរិកថាជាវិធីសាស្ត្រពាល REUTERS
នបរិហារការអនុម័តច្បាប់ហាមឃាត់TikTok នៅអាមេរិកថាជាវិធីសាស្ត្រពាល REUTERS
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​លើ​គម្រោង​ច្បាប់​សំដៅ​ហាមឃាត់​ការ​ប្រើប្រាស់បណ្តាញ​សង្គម​ចិន​​TikTok ក្រោម​ហេតុ​ផល​សន្តិសុខ​ជាតិ ក្នុង​សំឡេងភាគ​ច្រើន​នៅ​ថ្ងៃ​ពុធ​ទី​១៣​មីនា​២០២៤ម្សិលមិញ។ ប៉ុន្តែ​​​ប៉េកាំងយល់​ថា​ជា​ហេតុ​ផល​មិន​ត្រឹម​ត្រូវ​ និង​បាន​បរិហារ​ការ​ប្រើ​ច្បាប់​នេះ​ថា​ជា​វិធីសាស្ត្រ​ពាល។

 
ចិន​មិន​អាច​ទប់​កំហឹង​បាន​ទេ នៅពេល​ឃើញ​សភា​អាមេរិក​អនុម័ត​ច្បាប់ដែល​ស្នើ​សុំ​ឱ្យ​បណ្តាញ​សង្គម​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ចិន។ “ច្បាប់សំដៅហាម​ឃាត់​​Tik Tok​នេះ ដើរ​បញ្ច្រាស​​នឹង​គោលការណ៍​ប្រកួត​ប្រជែង​និងវិធាន​អន្តរជាតិ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​និង​​ពាណិជ្ជកម្ម”​ នេះ​ជា​ប្រតិកម្ម​របស់​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន។ ចំណែក​ក្រសួង​ពាណិជ្ជកម្ម​វិញ​​ព្រមាន​ថា សហរដ្ឋ​អាមេរិក​ត្រូវ​តែ​បញ្ឈប់​ការ​ដាក់​សម្ពាធ​សំដៅ​កៀសដោយ​អយុត្តិធម៌ ក្រុមហ៊ុន​បរទេស​ចេញ​ពីទីផ្សារ​ ​ពុំ​ទោះ​ទេចិន​នឹង​ចាត់​វិធានការ​ចាំបាច់​វិញ​ដើម្បីការពារ​ក្រុមហ៊ុន​ចិន។ តែ​គ្មាន​ការ​លម្អិត​ថា​តើ​ជា​ចំណាត់ការ​បែបណា​ឡើយ។ មុន​ប្រតិកម្ម​ផ្លូវការ​ចិន​ អគ្គនាយក​ក្រុមហ៊ុន​​Tik Tok លោក Shou Zi Chew បានអំពានាវ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​ទាំងអស់​បញ្ចេញ​សំឡេង​ប្រឆាំង​នឹង​គម្រោង​ច្បាប់ ដែល​លោក​យល់​ថា​នឹង​ធ្វើ​ឱ្យ​បាត់​បង់​ការងារ​ប្រមាណ​៣០ម៉ឺន​ ព្រមទាំងធ្វើ​ឱ្យ​ក្រុមហ៊ុន​ខ្នាត​តូច​រំពឹង​លើ​​Tik Tok ​ខាត​បង់​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​។
 
អាជ្ញាធរ​អាមេរិក​សំឡឹង​សំឡក់​TikTok តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ​ ព្រោះ​យល់ថា​បណ្តាញ​សង្គម​ប្រើ​វីដេអូខ្លីៗ​មួយ​នេះអាចជា​ឈ្នាន់​សម្រាប់​រដ្ឋាភិបាល​ចិន​ធ្វើ​ចារកិច្ច​និង​បង្វិល​ក្បាល​ពលរដ្ឋ​អាមេរិក។ សភា​អ្នក​តំណាង​បាន​កោះ​ហៅ​ម្ចាស់​ក្រុមហ៊ុន​​Tik Tok ឱ្យ​ចូល​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈកម្មការ​អំពី​ឥទ្ធិពល​នៃ​កម្មវិធី​ចំពោះ​សុខភាព​ខួរក្បាលរបស់អ្នកប្រើប្រាស់ដែល​មាន​ចំនួន​ដល់​ទៅ​១៧០​លាន​នាក់​ ឬចំពោះ​​ការ​ប្រើប្រាស់​ទិន្នន័យ​បុគ្គល​ និង​ស្តី​ពី​ហានិភ័យ​ចំពោះ​សន្តិសុខជាតិ។​ គម្រោងច្បាប់បាន​ចែង​តម្រូវ​ឱ្យ ByteDance ឈ្មោះ​ក្រុមហ៊ុនដើម​របស់​ ​​Tik Tok ត្រូវ​តែ​លក់​ភាគហ៊ុន​មក​សហគ្រាស​អាមេរិក ក្នុង​រយៈ​ពេល​១៨០ថ្ងៃ​យ៉ាងយូរ ពោល​គឺ​ផ្តាច់​ចំណង​ជាមួយ​អាជ្ញាធរ​ចិន បើ​មិន​ដូច្នេះ​ទេ​​Tik Tok ត្រូវ​បណ្តេញ​ចេញ​ពី​ក្រុមហ៊ុន​Apple និង​Google​អាមេរិក។
 
សម្រាប់​សភា​អាមេរិក​ ច្បាប់​មិនមែន​ជា​ការ​​ហាមឃាត់ទេ តែ​ជា​ការ​ផ្តល់​ដំណោះស្រាយ​ត្រឹម​ត្រូវ ដើម្បី​សន្តិសុខ​ជាតិ​និង​ដើម្បីការពារ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​មិន​ឱ្យ​ធ្លាក់​ដល់​ដៃ​បក្ស​កុម្មុយនិស្ត​ចិន។​ ច្បាប់​បាន​ឆ្លង​កាត់​សភា​ដោយ​ជោគជ័យ នៅរសៀ​ល​ថ្ងៃ ​ពុធ​ទី​១៣​មីនា ដោយ​សមាជិក​សភា​អ្នក​តំណាង​អាមេរិក​បាន​បោះឆ្នោត​​គាំទ្រក្នុង​សំឡេងដ៏​ច្រើនលើសលុប​ដែល​កម្រ​កើត​មាន​ណាស់​នៅក្នុង​សភា​ខុនហ្ក្រេស​អាមេរិក។ គឺ​ ដល់​ទៅ​៣៥២សំឡេងគាំទ្រ​​​ទល់​នឹង​៦៥​ប្រឆាំង។ ប៉ុន្តែ​បន្ទាប់​ពីសភា គម្រោង​ច្បាប់​នឹង​ត្រូវ​ឡើង​ ​ព្រឹទ្ធសភា​ដែល​មិន​ប្រាកដ​ព្រម​​អនុម័តទេ ព្រោះ​ឥស្សរជន​គ្រាក់ៗ​ប្រឆាំង​នឹង​ការ​ប្រើ​វិធានការ​ក្តៅ​ខ្លាំង​លើ​កម្មវិធី​ដ៏​ពេញ​និយម។ លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន ដែល​ទើប​បើក​គណនី​ កាលពី​ខែ​កុម្ភៈ​ ដើម្បី​ទាក់​ទាញ​យុវវ័យ បាន​ប្រកាស​ចុះ​ហត្ថលេខា​ផ្តល់​សុពលភាព​ដល់​ច្បាប់​ភ្លាម​ បើច្បាប់​ឆ្លង​​​ព្រឹទ្ធសភារួច​និង​ឡើងមក​តុ​ប្រធានាធិបតី៕

© រក្សាសិទ្ធិដោយ thmeythmey.com