RFI
អន្តរជាតិ
ឆ្នាំ​២០២៣ ភូមាក្លាយជាប្រទេស​ផលិតអាភៀនធំជាង​គេ​បង្អស់​ ទូទាំងពិភពលោក
16, Mar 2024 , 8:29 am        
រូបភាព
ស្ត្រីភូមាធ្វើការនៅក្នុងចំការអាភៀន តំបន់ព្រំដែនរវាងរដ្ឋការ៉េន និងរដ្ឋស្ហាន។ រូបថតថ្ងៃទី ២៤ កុម្ភៈ ២០២៤ AFP
ស្ត្រីភូមាធ្វើការនៅក្នុងចំការអាភៀន តំបន់ព្រំដែនរវាងរដ្ឋការ៉េន និងរដ្ឋស្ហាន។ រូបថតថ្ងៃទី ២៤ កុម្ភៈ ២០២៤ AFP
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
 
កសិកម្ម​ដាំដំណាំអាភៀននៅភូមា បាន​រីកដុះដាលកាន់តែខ្លាំង នាប៉ុន្មាន​ឆ្នាំចុងក្រោយនេះ បន្ទាប់ពី​របបសិកភូមា បានធ្វើរដ្ឋប្រហារ​យោធា។ យោងតាម​អង្គការសហប្រជាជាតិ ភូមាបាន​ក្លាយជាប្រទេសផលិត​អាភៀនធំជាងគេបំផុត នៅឆ្នាំ​២០២៣។ មុខរបបដាំអាភៀន និងធ្វើ​ការក្នុងចំការអាភៀន បានក្លាយជាមុខរបបដ៏ចាំបាច់ ដើម្បីចិញ្ចឹមជីវិត សម្រាប់ប្រជាជន​ភូមានៅតាមតំបន់ដែលមានជម្លោះប្រដាប់អាវុធ។



ក្នុងចំការព័ទ្ធជុំវិញដោយភ្នំ ផ្កាអាភៀនរីកស្គុះស្គាយគួរឲ្យ​គយគន់។ ពលករភូមាជាច្រើននាក់ យកវត្ថុម្យ៉ាងដើរឆ្កួតលើ​ផ្កាអាភៀន ឲ្យវា​ចេញជ័រ។ នៅ​ថ្ងៃបន្ទាប់ ទើបគេដើរកៀរ ប្រមូលយកជ័រទាំងនោះ ដែលគេហៅថា ជ័រអាភៀន។
 
កសិកម្ម​ដាំដំណាំអាភៀននៅភូមា បាន​រីកដុះដាលកាន់តែខ្លាំង នាប៉ុន្មាន​ឆ្នាំចុងក្រោយនេះ បន្ទាប់ពី​របបសិកភូមា បានធ្វើរដ្ឋប្រហារ​យោធា។ យោងតាម​អង្គការសហប្រជាជាតិ ភូមាបាន​ក្លាយជាប្រទេសផលិត​អាភៀនធំជាងគេបំផុត នៅឆ្នាំ​២០២៣ ។ តំណែងដែលភូមាបាន​ដណ្តើមពី​ដៃអាហ្វហ្កានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានវិលត្រលប់ មកកាន់អំណាច​វិញ​ ហើយដែល​បានចេញវិធានការ​ទប់ស្កាត់​ការដាំអាភៀន។
 
ការពិតទៅ នៅភូមា ដំណាំអាភៀន គឺមានជាយូរយាមកហើយ នៅតាមតំបន់ភ្នំ ក្នុងរដ្ឋការ៉េន និង​រដ្ឋ​ស្ហាន ​ក្បែរព្រំដែនថៃ និង​ព្រំដែនឡាវ។ ជាតំបន់​ដែលស្ថិតក្រោម​ការគ្រប់គ្រង របស់ក្រុមឧទ្ទាមប្រដាប់អាវុធ ហើយ​ជាទី​​ដែល​ក្រុម​ឈ្មួចទុច្ចរិតធ្វើសកម្មភាព ផលិត​កែច្នៃជ័រអាភៀន ធ្វើជាគ្រឿងញៀនហេរ៉ូអ៊ីន យ៉ាងកាក់កបបំផុត។ ឧស្សាហកម្ម​ផលិត​ហេរ៉ូអ៊ីនរបស់ភូមានេះ រកចំណូល​បាន​រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ​ៗ។
 
ក្រោយ​រដ្ឋប្រហារយោធានៅឆ្នាំ​២០២១ ដែល​បាន​ធ្វើឲ្យរលំសឹងទាំងស្រុង នៃសេដ្ឋកិច្ចភូមាទូទាំងប្រទេស ប្រជាកសិករភូមាកាន់តែច្រើន បានងាកទៅប្រកបរបរដាំដំណាំអាភៀន ដើម្បី​បានចំណូល​។ កសិករភូមាម្នាក់ ឈ្មោះ Aung Moe Oo បានប្រាប់ទីភ្នាក់ព័ត៌មានបារាំង AFPថា ពីមិនខ្លួនមាន​ដើមអាភៀនតែប៉ុន្មានដើមប៉ុណ្ណោះ តែឆ្នាំនេះ គេបាន​ដាំបន្ថែម​លើទំហំដី​១ហិកតា​។ ដោយ​មិនខ្វល់ខ្វាយថាស្របឬមិនស្របច្បាប់ កសិកររូបនេះ បាន​អះអាងថា ដំណាំអាភៀនជាមធ្យោបាយ​ដ៏ល្អបំផុត​ ដើម្បីចិញ្ចឹមជីវិត​គ្រួសារ​។ បុរសម្នាក់នេះបញ្ជាក់ឲ្យដឹងថា ជ័រអាភៀនដែលខ្លួន​ប្រមូល​បាន​ចំនួន​១៦គីឡូក្រាម គឺលោកអាចលក់បាន​តម្លៃខ្ទង់​៤៥០០ដុល្លារ​។
 
កសិករភូមា​ម្នាក់ទៀត ឈ្មោះ Aye Aye Thien បាន​លើកឡើងថា ពីមុខខ្លួន​ដាំដំណាំស្រូវ ដំណាំពោត សណ្តែក និង​ផ្លែប៊ឺរជាដើម។ ក៏ប៉ុន្តែ បន្ទាប់ពីកងទ័ពភូមាបានធ្វើ​រដ្ឋប្រហារ និងបាន​​បើកប្រតិបត្តិការ​បង្ក្រាប​ការ​បះបោរ របស់​ក្រុមឧទ្ទាម​​​​នៅ​ក្នុងតំបន់​​នេះ បានធ្វើឲ្យ​ខ្លួន​ត្រូវបង្ខំ​ចិត្តចាកចោលផ្ទះសំបែង និង​ដីចំការ។ តម្លៃកសិផល​បានចុះថោក ដោយសារតែតម្លៃប្រាក់ Kyat របស់ភូមា បានធ្លាក់ចុះយ៉ាងខ្លាំង​ក្រោយ​រដ្ឋប្រហារ។ ជាងនេះទៀត កសិផលស្រូវ ពោតឬសណ្តែកដែលប្រមូលបាន​ហើយ បើចង់លក់ គឺត្រូវឆ្លងកាត់​ឈ្មួញកណ្តាល​ច្រើនដំណាក់ ធ្វើឲ្យ​ការចំណាយ​ខាតកាន់តែច្រើន​។ ផ្ទុយ​ទៅវិញ​ ទិន្នផល​ជ័រអាភៀន គឺងាយស្រួលលក់ចេញ​​ជាងឆ្ងាយ​ណាស់​។ នេះបើផ្អែកតាម លោក​ Aung Moe Oo ។
 
គួរបញ្ជាក់ថា យោងតាម​ធនាគារពិភពលោកកាលពីចុងឆ្នាំ២០២៣ សង្គ្រាមស៊ីវីលនៅភូមា បានរំខានយ៉ាងខ្លាំង ដល់ការដឹកជញ្ជូន និងការនាំចេញ​​ទំនិញ​កសិផល​នៅភូមា។ ស្របពេលជាមួយគ្នានេះ ការដាំដំណាំអាភៀន កាន់តែមានភាព​សំបូរបែប និងរីកដុះដាលខ្លាំង ដោយ​កសិករភូមាបានប្រើប្រាស់បច្ចេកទេសកាន់តែល្អ ក្នុង​ការ​កោសឆ្កូតផ្កាអាភៀន ដើម្បីយកជ័រឲ្យ​បានកាន់តែច្រើន​។
 
ផ្អែកតាមតួលេខរបស់ការិយាល័យសហប្រជាជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម​ នៅ​​ក្នុងឆ្នាំ​២០២៣កន្លងទៅ ភូមា​បានផលិត​អាភៀនចំនួន ១០៨០តោន។ បុរសភូមា Aung Moe Oo បាន​លើកឡើងថា ជម្លោះប្រដាប់អាវុធនៅភូមា​​ មិនស្ងប់ស្ងាត់ទេ។ ដូច្នេះការដាំដំណាំអាភៀន ព្រមទាំងការប្រមូលផលជ័រអាភៀន ​នឹងកាន់តែកើនឡើងថែម​ទៀ​ត នៅក្នុងតំបន់ដែល​លោករស់នៅ ព្រោះថាមនុស្ស​ដែលភៀសខ្លួន​មានកាន់តែច្រើន ហើយ​គ្មានមុខរបរអ្វីផ្សេងធ្វើ​ ក្រៅ​ធ្វើការក្នុងចំការអាភៀនឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com