អន្តរជាតិ
អ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងថាសាច់គោធ្វើពីអង្ករជាប្រភពប្រូតេអុីន
15, Mar 2024 , 7:29 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូង បានបណ្តុះកោសិកាសាច់គោនៅក្នុងគ្រាប់ស្រូវដែលពួកគេអះអាងថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបានប្រភពប្រូតេអ៊ីនប្រកបដោយនិរន្តរភាព តម្លៃសមរម្យ និងមិនប៉ះពាល់ដល់បរិស្ថាន ដោយសារអាចជំនួសសត្វគោក្របី ដែលចិញ្ចឹមដើម្បីយកសាច់។

 
សាស្ត្រាចារ្យ លោក Jinkee Hong នៃសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល ដែលបានដឹកនាំការស្រាវជ្រាវ និងបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីMatter ក្នុងខែនេះបាននិយាយថា «អង្ករសាច់គោ» គឺជាផលិតផលដំបូងក្នុងប្រភេទនេះ។ ការពិសោធនេះប្រើភាគល្អិតគ្រាប់ ធញ្ញជាតិជាមូលដ្ឋានសម្រាប់ការបណ្តុះសាច់ដុំសត្វ និងកោសិកាខ្លាញ់។
 
នៅក្នុងការស្រាវជ្រាវគ្រាប់ស្រូវត្រូវបានថែទាំដោយអង់ស៊ីម ដើម្បីបង្កើតបរិយាកាសដ៏ល្អ ប្រសើរសម្រាប់ការលូតលាស់កោសិកា បន្ទាប់មកបញ្ចូលជាមួយកោសិកា bovine (ពពួកគោ ក្របីជាដើម)​ ដែលលូតលាស់ឡើងដើម្បីសម្រេចបាននូវផលិតផលចុងក្រោយ ដែល ស្រដៀងទៅនឹងគ្រាប់ស្រូវពណ៌ផ្កាឈូក។
 
ក្រុមស្រាវជ្រាវ Yonsei មិនមែនជាក្រុមដំបូងដែលធ្វើការលើផលិតផលសាច់ដែលលូតលាស់ ដោយមន្ទីរពិសោធន៍នោះទេ ព្រោះមានក្រុមហ៊ុនជុំវិញពិភពលោកបានចាប់ផ្តើមចិញ្ចឹមសាច់ ក្នុងទីពិសោធន៍ស្រដៀងគ្នាផងដែរ។ មួយ​ក្នុង​ចំណោម​ចុង​ក្រោយ​បំផុត​ពាក់​ព័ន្ធ​នឹង​សាច់​មាន់ និង​អន្ទង់ ​ដែល​លូតលាស់ពី​មូលដ្ឋាន​សណ្តែកសៀងដែល​មាន​ទីផ្សារ​ក្នុង​សិង្ហបុរី។ 
 
ក្រុម​របស់​សាស្ត្រាចារ្យ Hong លើកឡើងផងដែរថា អង្ករ​មាន​អត្ថប្រយោជន៍​ចំពោះសុខភាព ជាជាងសណ្តែកសៀង ឬ​សណ្ដែកដី ពីព្រោះ​មនុស្សចំនួន​តិច​ជាង​ដែល​មាន​អាឡែស៊ី​នឹង​អង្ករ។
 
«​ប្រសិនបើ​ការ​អភិវឌ្ឍ​ទៅជា​ផលិតផល​អាហារ​ដោយ​ជោគជ័យ អង្ករ​សាច់គោ​អាច​បម្រើ​ជា​ប្រភព​ប្រូតេអ៊ីន​ប្រកបដោយ​និរន្តរភាពជាពិសេស​នៅក្នុង​បរិយាកាស​ដែល​ការចិញ្ចឹម​សត្វ​បែប​ប្រពៃណី​មិន​អាច​អនុវត្តបាន​»​។ សាស្ត្រាចារ្យ Hong បញ្ជាក់បែបនេះផងដែរ។
 
អង្ករសាច់គោមានប្រូតេអ៊ីនប្រហែល ៨ភាគរយ និងខ្លាញ់ច្រើនជាងអង្ករធម្មតា ៧​ភាគរយ។ លោក Hong បានកត់សម្គាល់ថា ប្រូតេអ៊ីនមានមូលដ្ឋានលើសត្វ ១៨ភាគរយដែលធ្វើឱ្យវា ក្លាយជាប្រភពសម្បូរអាស៊ីតអាមីណូសំខាន់ៗ។ ចំពោះតម្លៃ​មានប្រហែល ២ដុល្លារ​ក្នុង​មួយ ​គីឡូក្រាម ហើយ​ដោយ​មាន​កាបូន​តិច​ជាងការ​ផលិតផល​សាច់គោ​តាមបែបប្រពៃណីដែល កត្តានេះអាចផ្ដល់ឱកាសឱ្យអង្ករ​សាច់គោមានការ​ប្រកួតប្រជែង​លើទីផ្សារ​​។
 
យ៉ាងណាមិញ បញ្ហាប្រឈមនៅតែមានពីទស្សនៈបច្ចេកទេស និងទាក់ទងនឹងការយកឈ្នះ លើអតិថិជនជាមួយនឹងរសជាតិ និងលក្ខណៈ៕

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com