បោះឆ្នោត
អន្តរជាតិ
លោកពូទីន បោះឆ្នោតប្រធានាធិបតីតាមប្រព័ន្ធអនឡាញ
16, Mar 2024 , 3:59 pm        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Tass
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Tass
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅអាណត្តិបន្ទាប់ បានបោះឆ្នោតតាមប្រព័ន្ធអនឡាញ។ លោកពូទីន ត្រូវបានរំពឹងថា នឹងបន្តកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីនៅអាណត្តិបន្ទាប់ ដ្បិតគ្មានសំឡេងប្រឆាំងសំខាន់ឡើយ។

 
ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីចាប់ពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០២៤ ប្រព្រឹត្តិទៅដោយគ្មានសំឡេងប្រឆាំង។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោក វ៉្លាឌីមៀ ពូទីន ប្រាកដជាជាប់ឆ្នោតក្លាយប្រធានាធិបតីបន្តទៀតដែលកាន់អំណាចរហូតដល់ឆ្នាំ២០៣០។
 
នៅថ្ងៃដំបូងនៃការចាប់ផ្តើមការបោះឆ្នោត ទីភ្នាក់ងារព័ត៌មាន Tass របស់រុស្ស៊ី បានចុះផ្សាយថា លោកប្រធានាធិបតី ពូទីន បានបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិច។ នេះជាការបោះឆ្នោតតាមប្រព័ន្ធអនឡាញលើកដំបូងក្នុងការបោះឆ្នោតប្រធានាធិបតី។ 
 
«តាមខ្សែវីដេអូបង្ហាញថា លោកពូទីនបានដើរទៅកាន់កុំព្យូទ័រក្នុងការិយាល័យរបស់លោក និងបោះឆ្នោត ហើយបានញញឹមទៅកាន់កាម៉េរ៉ា»។ ទីភ្នាក់ងារព័ត៌មាន Tass បានចុះផ្សាយបែបនេះ ដោយបន្ថែមថា​ កុំព្យូទ័ររបស់លោក ក៏បានបង្ហាញពីសារជូនដំណឹងពីការបោះឆ្នោតទទួលបានជោគជ័យផងដែរ។ 
 
ក្នុងការបោះឆ្នោតលើកនេះ ទន្ទឹមនឹងលោកពូទីន បុគ្គល ៣រូបទៀតក៏បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីផងដែរ។ ក្នុងនោះមាន មេដឹកនាំបក្សប្រជាធិបតេយ្យសេរីរុស្ស៊ី លោក Leonid Slutsky, សមាជិកសភា Vladislav Davankov និងសមាជិកសភាមួយរូបទៀតគឺលោក Nikolay Kharitonov៕

Tag:
 រុស្ស៊ី
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com