RFI
អន្តរជាតិ
កងទ័ពជើងទឹកឥណ្ឌាសង្រ្គោះកប៉ាល់១ពីចោរសមុទ្រសូម៉ាលី ក្រោយតាមដានអស់ជាច្រើនខែ កងទ័ពជើងទឹកឥណ្ឌាសង្រ្គោះកប៉ាល់១ពីចោរសមុទ្រសូម៉ាលី ក្រោយតាមដានអស់ជាច្រើនខែ។ via REUTERS
×
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
ទីបញ្ជាការកងទ័ពជើងទឹកឥណ្ឌា ប្រកាសថា បានជួយសង្គ្រោះកប៉ាល់ដឹកទំនិញ១គ្រឿងពីកណ្តាប់ដៃក្រុមចោរសមុទ្រសូម៉ាលី ហើយនិងបានរំដោះអ្នកបើកកប៉ាល់និងក្រុមបុគ្គលិកនៅលើកប៉ាល់នោះ ប្រកបដោយសុវត្ថិភាព។ ប្រទេសប៊ុលហ្ការី ដែលមានជនជាតិខ្លួនច្រើននៅលើកប៉ាល់នោះ បានថ្លែងអំណរគុណឥណ្ឌា និងបានចាត់ទុកថា ជាជោគជ័យមួយដ៏ធំសម្រាប់សហគមឈ្មួញផ្លូវសមុទ្រ។
កប៉ាល់ MV Ruen ជារបស់ក្រុមហ៊ុនប៊ុលហ្ការី ដឹកគ្រឿងលោហៈដែក តម្រង់ឆ្ពោះទៅប្រទេសកូរ៉េខាងត្បូង។ កប៉ាល់នេះ ត្រូវក្រុមចោរសមុទ្រសូម៉ាលី លួចឆ្មក់វាយដណ្តើមយក នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចក្បែរកោះយេម៉ែន ប្រហែល៧០០គីឡូម៉ែត្រ ពីកោះ Socotra។ ការលួចបានសម្រេច ពីសំណាក់ពួកចោរសមុទ្រសូម៉ាលី មិនធ្លាប់ប្រទះទេ ក្នុងរយៈពេល ជាង១ទសវត្សរ៍ចុងក្រោយនេះ។ ក៏ប៉ុន្តែ ទីបំផុត ត្រូវបង្ក្រាបបាន ក្រោមដៃឥណ្ឌា។ ឥណ្ឌា តាមរយៈទីបញ្ជាការកងទ័ពជើងទឹក បានបញ្ជាក់ថា ប្រតិបត្តិការស្ទាក់ចាប់កប៉ាល់និងរំដោះចេញពីកណ្តាប់ដៃចោរសមុទ្រសូម៉ាលីនេះ ធ្វើឡើងនាចម្ងាយប្រមាណ ២ ៦០០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រឥណ្ឌា។
ប្រតិបត្តិការស្ទាក់ចាប់ ប្រើពេលមិនដល់២ថ្ងៃទេ ផ្តើមពីថ្ងៃសុក្រនិងសម្រេចរួចរាល់ដោយជោគជ័យ នៅយប់ថ្ងៃសៅរ៍ ទី១៦មីនា គ្មានអ្នករបួស គ្មានអ្នកស្លាប់។ ដើម្បីឈានសម្រេចបានជោគជ័យនេះ ឥណ្ឌាត្រូវចំណាយពេលវេលាជាច្រើនសប្តាហ៍ច្រើនខែដើម្បីសង្កេតតាមដានដំណើរទិសដៅរបស់ពួកចោរ និងរៀបចំយុទ្ធសាស្ត្រ។ ក្នុងរយៈពេលតាមដាននេះ ឥណ្ឌាប្រើមធ្យោបាយច្រើន តាំងពីចុងខែធ្នូមក ដោយបណ្តែតនាវាចម្បាំងដល់ទៅ ៣ គ្រឿង និង យន្តហោះតាមដានកំណត់ទីតាំង ព្រមទាំង ទូមិនតិចជាង ១០ គ្រឿងឡើយ នៅសមុទ្រអារ៉ាប់ ប៉ែកខាងជើង និងខាងលិច។ តម្រុយដំបូងបំផុត ដែលនាំឲ្យឥណ្ឌាដឹងនិងងាយតាមដានកប៉ាល់នេះ ក៏ព្រោះតែទាហានជើងទឹកឥណ្ឌា បានស្រង់មនុស្សម្នាក់របួស ដែលត្រូវពួកចោរសមុទ្រ បោះទម្លាក់ចោលក្នុងសមុទ្រ។
ប្រតិបត្តិរយៈពេល៤០ម៉ោង ឥណ្ឌាបានប្រើយន្តហោះដ្រូន យន្តហោះប៊ូអ៊ីង P81 Poseidon កងកុម្ម៉ង់ដូទ័ពជើងទឹកជាច្រើន ហើយនិងយន្តហោះចម្បាំង១ផង។ ទាហានជើងទឹកឥណ្ឌា ចាប់ឃាត់ខ្លួនពួកចោរសមុទ្រសូម៉ាលី ចំនួន៣៥នាក់។ មានការបាញ់បោះគ្នាខ្លះដែរ តែមិនរបួសធ្ងន់ធ្ងរឡើយ ដោយពួកចោរសម្រេចស្មគ្រចិត្តប្រគល់ខ្លួន។ នេះបើតាមទីបញ្ជាការកងទ័ពជើងទឹកឥណ្ឌា និងដែលបញ្ជាក់ទៀតថា បានរំដោះក្រុមបុគ្គលិកនៅលើកប៉ាល់ទាំងអស់ ១៧ នាក់ ដោយសុវត្ថិភាព។ អ្នកទាំងនោះ មានជនជាតិប៊ុលហ្ការី ៧នាក់ ជនជាតិភូមា ៩នាក់ ហើយនិង អង់គ្លេស ម្នាក់ដែរ។ ម្ចាស់កប៉ាល់ប៊ុលហ្ការី MV Ruen បានថ្លែងសរសើរនិងអរគុណឥណ្ឌា ហើយចាត់ទុកថា នេះជាជោគជ័យដ៏ធំសម្បើមណាស់សម្រាប់ក្រុមឈ្មួញផ្លូវសមុទ្រអន្តរជាតិ។
គួរជ្រាបដែរថា ក្នុងសប្តាហ៍នេះ ឥណ្ឌាក៏បានសង្គ្រោះកប៉ាល់ MV Abdullah ពីដៃពួកចោរសមុទ្រ និងបានរំដោះបុគ្គលិកលើកប៉ាល់ ចំនួន២២នាក់។ សកម្មភាពចោរសមុទ្របានកម្រើកច្រើន ចាប់តាំងពីផ្ទុះសង្គ្រាមនៅហ្កាហ្សា ជាង៥ខែមកនេះ ដ្បិតថា ពួកឧទ្ទាមហ៊ួតទី ក៏បានបង្កធ្វើព្យុះធ្វើភ្លៀងនៅសមុទ្រក្រហម ដែលជាច្រកចេញចូលដឹកនាំទំនិញដ៏សំខាន់លក្ខណៈអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com