សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុន ប្រកាសដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ
19, Mar 2024 , 9:29 pm        
រូបភាព
ប្រាក់យ៉េនជប៉ុន ។ រូបភាព ៖ AFP
ប្រាក់យ៉េនជប៉ុន ។ រូបភាព ៖ AFP
ធនាគារកណ្តាលជប៉ុន (BOJ) នៅថ្ងៃទី១៩ ខែមីនា បានប្រកាសថានឹងដំឡើងអត្រាការប្រាក់រយៈពេលខ្លីចន្លោះ ០-០,១ភាគរយ ជំនួសឱ្យ -០,១ភាគរយដូចពីមុន។ នេះជាលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ ដែល BOJ បានដំឡើងអត្រាការប្រាក់ ហើយក៏ជាលើកទី១តាំងពីឆ្នាំ ២០១៦ ដែលបានបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន។

 
ជប៉ុនជាប្រទេសចុងក្រោយបង្អស់ក្នុងពិភពលោកដែលបោះបង់អត្រាការប្រាក់អវិជ្ជមាន។ យ៉ាងណាមិញ អត្រាការប្រាក់នៅតែស្ថិតក្នុងរង្វង់សូន្យភាគរយ ដោយសារតែសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចផុយស្រួយ។ 
 
ក្រោយពីមានសញ្ញាវិជ្ជមាននៃអាជីវកម្មដែលទទួលយកការដំឡើងប្រាក់ឈ្នួលនៅឆ្នាំនេះ ធនាគារកណ្តាលជប៉ុន (BOJ) បានបង្កើនអត្រាការប្រាក់រយៈពេលខ្លីពី -០,១ភាគរយទៅចន្លោះ ០ ដល់០,១ភាគរយ។ ​អត្រា​ការប្រាក់​អវិជ្ជមាន​ត្រូវ​បាន​អនុវត្ត​នៅ​ជប៉ុន​តាំងពី​ឆ្នាំ២០១៦ ។
 
ធនាគារកណ្តាលជប៉ុន បានរំពឹងថាសេដ្ឋកិច្ចធំទី២ របស់អាស៊ីមួយនេះនឹងត្រឡប់មកវិញ បន្ទាប់ពីធ្លាក់ចូលបរិត្តផរណាអស់រយៈពេលយូរ។ គោលនយោបាយរបស់ជប៉ុនមានភាពផ្ទុយស្រឡះ ជាមួយនឹងធនាគារកណ្តាលផ្សេងទៀត ដែលបង្កើនអត្រាការប្រាក់យ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដោយសារជំងឺរាលដាលកូវីដ-១៩, ជម្លោះ និងបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់។ 
 
«ការផ្លាស់ប្តូរនេះមានអត្ថន័យជានិមិត្តរូបដ៏អស្ចារ្យ។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ជាក់ស្តែងលើសេដ្ឋកិច្ចគឺមានមិនច្រើនទេ»។ លោកស្រី Izumi Devalier នាយកស្រាវជ្រាវសេដ្ឋកិច្ចជប៉ុននៅធនាគារ Bank of America Securities ប្រាប់ Reuters បែបនេះ។ 
 
គោលនយោបាយរូបិយវត្ថុដែលធូររលុងខ្លាំងរបស់ធនាគារកណ្តាលជប៉ុន បានរួមចំណែកដល់ការធ្លាក់ថ្លៃយ៉ាងឆាប់រហ័សនៃប្រាក់យ៉េន ដែលប៉ះពាល់ដល់ប្រជាជន និងបង្កើនសម្ពាធបរិត្តផរណា។
 
ការសម្រេចចិត្តបញ្ចប់អត្រាការប្រាក់អវិជ្ជមានក៏អាចធ្វើឲ្យអ្នកវិនិយោគជប៉ុនចាកចេញពីទីផ្សារបរទេសនិងត្រឡប់មកស្រុកវិញដែរ។ អត្រាការប្រាក់អវិជ្ជមាន ជាហេតុផលចម្បងដែលធ្វើឲ្យប្រាក់យ៉េនរបស់ជប៉ុនធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្តាលឱ្យអ្នកវិនិយោគសម្លឹងមើលទីផ្សារផ្សេងទៀតដែលមានប្រាក់ចំណេញខ្ពស់ជាង។
 
បន្ថែមពីលើការដំឡើងអត្រាការប្រាក់ ធនាគារកណ្តាលជប៉ុន ក៏ប្រកាសបញ្ចប់គោលនយោបាយគ្រប់គ្រងខ្សែកោងទិន្នផលសម្រាប់សញ្ញាប័ណ្ណរដ្ឋាភិបាលជប៉ុនរយៈពេល ១០ឆ្នាំ។ នេះជាគោលនយោបាយដែលធនាគារកណ្តាលអនុម័តដើម្បីកំណត់អត្រាការប្រាក់រយៈពេលវែង ដោយការទិញ និងលក់មូលបត្របំណុលតាមតម្រូវការ។
 
ធនាគារ BOJ បាននិយាយថា ខ្លួននឹងឈប់ទិញមូលនិធិជួញដូរប្តូរប្រាក់ (ETFs) និងមូលនិធិវិនិយោគអចលនទ្រព្យជប៉ុន (J-REITS)។ BOJ បានទិញសរុបចំនួន ៣៧ ទ្រីលានយ៉េន (២៤៨ពាន់លានដុល្លារ) នៅក្នុង ETFs និង ៦៥០ពាន់លានយ៉េននៅក្នុង J-REITs ចាប់តាំងពីឆ្នាំ ២០១០។ លើសពីនេះ BOJ នឹងកាត់បន្ថយការទិញមូលបត្របំណុលជាបណ្តើរៗ ហើយមានបំណងបញ្ឈប់វាក្នុងរយៈពេល១ឆ្នាំ។
 
យ៉ាងណាមិញ BOJ នឹងបន្តទិញមូលបត្របំណុលរបស់រដ្ឋាភិបាលជប៉ុនក្នុងបរិមាណដូចកាលពីមុន។ ការផ្លាស់ប្តូរនេះបង្ហាញថា BOJ នឹងរក្សាលក្ខខណ្ឌរូបិយវត្ថុងាយស្រួល។ កាលពីមុន ធនាគារកណ្តាលបាននិយាយថា ខ្លួននឹងទិញមូលបត្របំណុលរដ្ឋាភិបាលគ្មានដែនកំណត់៕

Tag:
 BOJ
  អត្រាការប្រាក់
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com