កីឡាអន្តរជាតិ
អន្តរជាតិ
លោក ថាវីស៊ីន ផ្តល់កម្លាំងចិត្តក្រុមថៃ មុនជួបកូរ៉េខាងត្បូង វគ្គជម្រុះ World Cup
× ពីប្រទេសថៃ នាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន បានផ្ញើសារលើកទឹកចិត្តក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ទាំងកីឡាករ និងគ្រូបង្វឹក ឱ្យប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបាន៣ពិន្ទុពីម្ចាស់ផ្ទះកូរ៉េខាងត្បូង ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦ តំបន់អាស៊ី ជុំទី២ និងជម្រុះ AFC Asian Cup ឆ្នាំ២ឥ២៧។
កូរ៉េខាងត្បូង នឹងបើកទ្វារកីឡដ្ឋាន Seoul World Cup ក្នុងក្រុងសេអ៊ូល ទទួលភ្ញៀវថៃ សម្រាប់ជំនួបជើងទី១ ក្នុងពូល C នៅថ្ងៃទី២១ ខែមីនា វេលាម៉ោង៦ល្ងាច [ម៉ោងនៅកម្ពុជា]។
នៅមុនជំនួបនេះ តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាយករដ្ឋមន្ត្រី លោក ថាវីស៊ីន បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះសមាជិកក្រុមដំរីសង្គ្រាម ក្នុងបំណងលើកទឹកចិត្ត និងបង្កើនស្មារតីរបស់កីឡាករ។
«ខ្ញុំសូមលើកទឹកចិត្តទាំងកីឡាករ និងគ្រូបង្វឹកក្រុមជម្រើសជាតិថៃឱ្យប្រឹងប្រែងអស់ពីសមត្ថភាព។ សូមផ្ញើកម្លាំងចិត្ត និងលើកទឹកចិត្តដល់ក្រុមបាល់ទាត់ថៃសម្រាប់ជំនួបល្ងាចនេះ។ ខ្ញុំគាំទ្រយ៉ាងពេញទំហឹងលើគ្រប់វិស័យកីឡា ពិសេសកីឡាបាល់ទាត់»។ នេះជាសំណេររបស់លោក ថាវីស៊ីន។
បន្ទាប់ពីជំនួបនេះ ថៃ នឹងត្រូវទទួលកូរ៉េខាងត្បូងវិញ នៅថ្ងៃទី២៦ ខែមីនា សម្រាប់ការប្រកួតជុំទី២។ ថៃ ឈរចំណាត់ថ្នាក់ទី២បណ្តោះអាសន្នក្នុងពូល C ដោយរកបាន៣ពិន្ទុពីការប្រកួត២លើក ស្មើក្រុមលេខ៣ចិន និងតាមពីក្រោយក្រុមកំពូលតារាងកូរ៉េខាងត្បូងចំនួន៣ពិន្ទុ។ សិង្ហបុរី នៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។
ក្នុងពូល C នេះដែរ សិង្ហបុរី ត្រូវទទួលភ្ញៀវចិន នៅកីឡកដ្ឋានជាតិរបស់ខ្លួន នៅជើងទី១ នៅថ្ងៃទី២១ ខែមីនា វេលាម៉ោង ៦:៣០នាទី មុនធ្វើដំណើរទៅចិន សម្រាប់ជំនួបជើងទី២វិញ នៅ៥ថ្ងៃបន្ទាប់។
សម្រាប់ជំនួបក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត មីយ៉ាន់ម៉ា ត្រូវទទួល ស៊ីរី នៅជើងទី១ ពូល B នៅម៉ោង ៦ល្ងាច ស្របពេលជប៉ុនស្វាគមន៍កូរ៉េខាងជើងនៅម៉ោង ៧:២៣នាទី។
ពូល D ម៉ាឡេស៊ី ធ្វើដំណើរទៅជួបអូម៉ង់ ឯ ឆាយន្នីសតៃប៉ិ ប៉ះ កៀហ្ស៊ីស៊ីស្ថាន ម៉ោង ៤រសៀល។ ពូល F ឥណ្ឌូណេស៊ី ជួប វៀតណាម នៅម៉ោង ៨:៣០នាទី ស្របពេលអ៊ីរ៉ាក់ ទទួលហ្វីលីពីន នៅម៉ោង ១០យប់៕
© រក្សាសិទ្ធិដោយ thmeythmey.com