កីឡាអន្តរជាតិ
អន្តរជាតិ
MPL Kh រដូវកាលទី៦ត្រឡប់មកប្រជែងដណ្តើមកៅអីទៅ MSC ​2024 ដែលមានប្រាក់រង្វាន់ ៣លានដុល្លារ
22, Mar 2024 , 11:32 am        
រូបភាព
ពានរង្វាន់កីឡាអេឡិចត្រូនិក Mobile Legends Bang Bang Cambodia (MPL) រដូវកាលទី៦ ​បានវិលត្រឡប់មកវិញក្នុងសប្តាហ៍នេះ។ ក្រុមចំនួន ៨ នឹងត្រូវប្រជែងដើម្បីដណ្តើមតំណែងជាម្ចាស់ជើងឯករដូវកាលថ្មីនេះ ដែលមានប្រាក់រង្វាន់សរុប ៤ម៉ឺនដុល្លារ ព្រមទាំងឈ្នះសំបុត្រទៅប្រជែងក្នុងពានរង្វាន់ Mid Season Cup (MSC) 2024 ជាមួយប្រាក់រង្វាន់ ៣លានដុល្លារ។



MPL KH រដូវកាលទី៦ ចាប់ផ្តើមការប្រកួតពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែមេសា។ ការប្រកួតវគ្គសន្សំពិន្ទុ Regular Season ត្រូវចាប់ផ្តើមក្នុងសប្តាហ៍នេះ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ​ដែលធ្វើឡើងនៅក្នុងផ្សារទំនើបអូឡាំព្យា។
 
៨ក្រុម ត្រូវមានបេសកកម្មប្រជែង ដើម្បីក្លាយជាជើងឯកពានរង្វាន់កីឡាអេឡិចត្រូនិកដ៏ចាប់អារម្មណ៍បំផុតមួយក្នុងប្រទេសកម្ពុជា។ ក្រុម See You Soon ចំណាត់ថ្នាក់លេខ ៥-៦ នៅក្នុងពានរង្វាន់ M5 World Championship កាលពីខែធ្នូ ឆ្នាំ ២០២៣ និងជាម្ចាស់ពាន MPL Kh ២សម័យកាល ត្រូវបន្តប្រជែងការពារជើងឯក ទល់នឹងក្រុមម្ចាស់ពាន ២សម័យដូចគ្នា Flash Kh ដែលកំពុងមានវត្តមានកីឡាករបរទេសជួយពង្រឹងក្រុមដូចគ្នា។

Team Max, CFU Gaming, Pro Esports, D-Roar Legends រួមទាំងក្រុមដែលឈ្នះកៅអីពីវគ្គជម្រុះ MPL Challenge Cup រួមមានក្រុម Team SV និង Duck Rice Esports នឹងត្រូវបង្ហាញសមត្ថភាពក្នុងដំណើរដណ្តើមតំណែងម្ចាស់តំបន់តំណាងឱ្យកម្ពុជា។ ម្ចាស់ជើងឯក នឹងទទួលបានប្រាក់រង្វាន់ ១៥,០០០ដុល្លារ ជាមួយនឹងសំបុត្រទៅកាន់ MSC 2024។
  

 
ជារដូវកាលនឹងមានការប្រកួតប្រជែងខ្លាំងមិនធ្លាប់មាន កីឡាករបរទេសប្រមាណ ១៧រូប សុទ្ធសឹងតែមានទេសពកោសល្យ នឹងបង្ហាញសមត្ថភាពរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
 
រដូវកាលទី៦ លីគកីឡាអេឡិចត្រូនិក MLBB កម្ពុជា ជាច្រកផ្លូវតែមួយគត់សម្រាប់ក្រុមទាំង ៨ ត្រូវប្រជែងយកសំបុត្រ ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាទីកន្លែងប្រកួតព្រឹត្តិការណ៍ពានរង្វាន់ដ៏ធំ Mid Season Cup 2024 (MSC) ដែលមានទឹកប្រាក់ដល់ ៣លានដុល្លារ លើកដំបូងនិងជាលើកចុងក្រោយ។ បើតាមក្រុមហ៊ុនអភិវឌ្ឍហ្គេមកីឡាអេឡិចត្រូនិក MOONTON ប្រាក់រង្វាន់ ៣លានដុល្លារ មានតែសម្រាប់ឆ្នាំនេះតែប៉ុណ្ណោះ។
 
មូលហេតុដែលប្រាក់រង្វាន់ MSC 2024 មានតម្លៃប្រាក់រង្វាន់ខ្ពស់ ព្រោះតែជាការប្រកួតនៅក្រៅទឹកដីប្រទេសតំបន់អាស៊ីអាគ្នេយ៍លើកដំបូង ព្រមទាំងជាការអបអរ កីឡាអេឡិចត្រូនិក MLBB បានក្លាយជាដៃគូសហការ សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក Esports World Cup របស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕

Tag:
 MPL KH
  MSC 2024
© រក្សាសិទ្ធិដោយ thmeythmey.com