កីឡាអន្តរជាតិ
អន្តរជាតិ
ឪពុក Neymar និយាយចំៗថា មិនចំណាយលុយជួយ Alves ដើម្បីនៅក្រៅឃុំឡើយ
22, Mar 2024 , 4:59 pm        
រូបភាព
ឪពុករបស់តារាឆ្នើមប្រេស៊ីល Neymar Jr និយាយថា គ្រួសារលោកនឹងមិនចំណាយប្រាក់ ១លានអឺរ៉ូ (១,១លានដុល្លារ) ដើម្បីស្នើឱ្យកីឡាករ Dani Alves រស់នៅក្រៅការឃុំឃាំងពន្ធនាគារប្រទេសអេស្ប៉ាញនោះឡើយ។ អតីតខ្សែការពារស្លាបក្រុម Barcelona កន្លងមករង់ការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ លើនារីម្នាក់ក្នុងក្លិបមួយកន្លែង។



លោក Neymar da Silva Santos Sr បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ នាពេលថ្មីៗនេះ ថា គ្រួសារលោកបានជួយគាំទ្រផ្នែកហិរញ្ញវត្ថុ អំឡុងពេលដំណើរការរឿងក្តីរបស់ Alves។

យ៉ាងណាពួកគេនឹងមិនធ្វើរឿងនេះម្តងទៀតឡើយ ចាប់តាំងពីអតីតកីឡាករមិត្តរួមក្រុមរបស់ Neymar ត្រូវបានរកឃើញថា បានធ្វើខុស។
 
Alves រកឃើញថា បានប្រព្រឹត្តិខុសដោយរំលោភបំពានផ្លូវភេទលើនារីម្នាក់ ក្នុងក្លិបកម្សាន្តមួយកន្លែង ក្នុងទីក្រុង Barcelona កាលឆ្នាំ ២០២២។
 
«សម្រាប់យើង គ្រួសារយើង រឿងនេះត្រូវបានបញ្ចប់ហើយ បញ្ចប់តែម្តង។ វាស្ថិតក្នុងកាលៈទេសៈផ្សេងគ្នា។ ជាមួយនឹងសេចក្តីសម្រេចរបស់តុលាការអេស្ប៉ាញ សម្រាប់ការកាត់ទោសលើរូបគេ ក៏មានការរំពឹងទុក និងការប៉ុនប៉ងភ្ជាប់ឈ្មោះខ្ញុំ និងកូនប្រុសទៅនឹងបញ្ហា ដែលមិនស្ថិតក្នុងរង្វង់គ្រប់គ្រងរបស់យើងទៀតទេ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Neymar Santos Sr។
  


ក្រោមច្បាប់ប្រទេសអេស្ប៉ាញ Alves ប្រឈមជាប់ពន្ធនាគារ រយៈពេលពី៤ ទៅ ១២ឆ្នាំ ខណៈរូបគេក៏ត្រូវបង់ជាប្រាក់ពិន័យចំនួន ១៥០,០០០អឺរ៉ូ (១៦០,០០០ដុល្លារ) ដោយគ្មានការតវ៉ាអ្វីទាំងអស់។
 
Neymar Jr និង Alves ធ្លាប់ជាមិត្តរួមក្រុមនៅក្លិប Barcelona និង Paris Saint Germain ទាំងនៅក្រុមជម្រើសជាតិប្រេស៊ីលថែមទៀត។ 
 
កន្លងមក Alves បានដាក់សំណើរសុំដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែត្រូវបានបដិសេធ ព្រោះតែតុលាការចាត់ទុកថា ការអនុញ្ញាតលាយឡំហានិភ័យនៃការលួចហោះហើរចេញពីប្រទេសអេស្ប៉ាញ។ ប្រទេសប្រេស៊ីល ជាប្រទេសដែលមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនទេ នៅពេលដែលពួកគេត្រូវបានកាត់ទោសនៅប្រទេសផ្សេង។


 
ជាលក្ខខណ្ឌនៅក្រៅឃុំ Alves នឹងត្រូវដកហូតលិខិតឆ្លងដែនប្រេស៊ីល និងអេស្ប៉ាញរបស់គេ ហើយត្រូវហាមឃាតមិនឱ្យចេញពីប្រទេសអេស្ប៉ាញ ខណៈរូបគេមានទីលំនៅក្នុងទីក្រុង Barcelona។
 
ដោយឡែករឿងស្រដៀងគ្នានេះ បានកើតឡើងលើអតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីលមួយរូបទៀត គឺកីឡាករ Robinho ដែលត្រូវបានតុលាការអ៊ីតាលី កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ក្រោយរកឃើញ រំលោភលើស្ត្រីម្នាក់ក្នុងប្រទេសអ៊ីតាលី អំឡុងឆ្នាំ ២០១៧៕

Tag:
 Neymar Jr
  Dani Alves
© រក្សាសិទ្ធិដោយ thmeythmey.com