សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើការលាលែងតំណែងប្រធានាធិបតីអាចប៉ះពាល់សេដ្ឋកិច្ចវៀតណាមបែបណា?
22, Mar 2024 , 8:59 pm        
រូបភាព
នៅថ្ងៃទី២១ ខែមីនា សភាវៀតណាមបានអនុម័តលើការលាលែងតំណែងប្រធានាធិបតី លោក វ៉ វាន់ ធឿង ដែលកាន់តំណែងបានប្រមាណ ១ឆ្នាំ។ ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដ៏ញឹកញាប់ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់នៅវៀតណាម កំពុងចោទជាសំណួរអំពីផលប៉ះពាល់លើសេដ្ឋកិច្ចប្រទេសដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។

 
តើនយោបាយវៀតណាមមានការផ្លាស់ប្តូរយ៉ាងដូចម្តេច? 
 
លោក វ៉ វ៉ាន់ ធឿង ជាប្រធានាធិបតីទី២ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានចុះចេញពីតំណែងប្រធានាធិបតី។ តំណែងនេះ មិនសូវមានអំណាចប៉ុន្មានទេក្នុងចំណោមតំណែងកំពូលទាំង៤នៅវៀតណាម ។ តំណែងដ៏មានឥទ្ធិពលបំផុតគឺកាន់កាប់ដោយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ហ្វ៊ូ ជុង។ 
 
ការតែងតាំងលោកស្រី វ៉ ធិ អាញ់ ស៊ួន ឡើងជាប្រធានាធិបតីស្តីទីជាលើកទី២ រហូតដល់រដ្ឋសភាកោះប្រជុំដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ជាករណីដ៏កម្រមួយដែលស្ត្រីកាន់តំណែងនយោបាយកំពូលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
 
នៅពេលលោក វ៉ វាន់ ធឿង ប្រកាសលាលែងពីតំណែង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបាននិយាយថា ការបំពានរបស់លោកបានបន្សល់ទុកនូវសញ្ញាអាក្រក់ដល់កេរ្តិ៍ឈ្មោះចំពោះបក្សកុម្មុយនិស្តប្រទេសនេះ។ ការលាលែងពីតំណែងរបស់លោក ធឿង បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអតីតអភិបាលខេត្ត គ័ង ង៉ាយ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាមានអំពើពុករលួយ។ លោក ធឿង ធ្លាប់ជា​អតីត​លេខា​គណៈកម្មាធិការ​បក្ស​នៅខេត្តនេះ។
 
តើសេដ្ឋកិច្ចវៀតណាមរងផលប៉ះពាល់ទេ ជុំវិញការផ្លាស់ប្តូរក្បាលម៉ាស៊ីននយោបាយ ?
 
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានរីកដុះដាលក្នុងរយៈពេលមួយទស្សវត្សកន្លងមកនេះ ដោយសារការវិនិយោគពីបរទេសបានហូរចូលខ្លាំង ហើយប្រទេសនេះទទួលបានអត្ថប្រយោជន៍ច្រើន និងក្លាយជាជម្រើសបន្ទាប់ពីចិន ក្រោយទំនាក់ទំនងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកាន់តែតានតឹង។
 
រលកនៃការវិនិយោគពីបរទេស ជាពិសេសក្នុងវិស័យផលិតកម្មបច្ចេកវិទ្យាខ្ពស់ ដូចជាស្មាតហ្វូន និងកុំព្យូទ័រ បានធ្វើឱ្យមានការរំពឹងទុកថា ប្រទេសនេះនឹងក្លាយទៅជា ខ្លាសេដ្ឋកិច្ចអាស៊ីមួយផ្សេងទៀត។ ដោយសារតែស្ទើរតែពាក់កណ្តាលនៃសកម្មភាពផលិតកម្មរបស់វៀតណាម មានពាក់ព័ន្ធនឹងក្រុមហ៊ុនពហុជាតិជាច្រើននៅលើពិភពលោក។​
 
អ្នកវិភាគមួយចំនួនបាននិយាយថា យុទ្ធនាការប្រឆាំងអំពើពុករលួយបាននាំមកនូវអត្ថប្រយោជន៍មួយចំនួនក្នុងការកាត់បន្ថយថ្លៃសេវាខុសច្បាប់ និងការចំណាយផ្សេងទៀតសម្រាប់អាជីវកម្មក្នុងស្រុក។ ប៉ុន្តែ​វា​ក៏​បាន​បង្ក​រឿង​អាស្រូវ​ជា​បន្តបន្ទាប់ និង​អស្ថិរភាព​នយោបាយដែរ។ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះមកនៅត្រឹម ៥,១ភាគរយកាលពីឆ្នាំមុនដោយសារការនាំចេញធ្លាក់ចុះ ក្រោយឡើងដល់ ៨ភាគរយក្នុងឆ្នាំ ២០២២។ 
 
ការពិតទៅ រហូតមកដល់ពេលនេះ វៀតណាមនៅតែត្រូវបានចាត់ទុកថាជាគោលដៅសុវត្ថិភាពក្នុងក្រសែភ្នែកវិនិយោគិន ដោយសារស្ថិរភាពនយោបាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាពេលដែលអឺរ៉ុប និងអាម៉េរិកស្វែងរកវិធីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ក្នុងការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់។ ដូច្នេះ អស្ថិរភាពនយោបាយទំនង​ជា​បង្ក​ផល​ប៉ះពាល់​ដល់​វៀតណាម។ ធុរកិច្ចបរទេសបារម្ភថា គោលនយោបាយសេដ្ឋកិច្ចរបស់វៀតណាមក៏នឹងមានការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបានផងដែរ។
 
ទន្ទឹមនេះ នៅគ្រាដែលវៀតណាមកំពុងស្វែងរកតុល្យភាពក្នុងការប្រកួតប្រជែងរវាងអាម៉េរិក និងចិន ឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់ទីក្រុងក្រុងហាណូយគឺ អគ្គលេខាធិកា ង្វៀន ហ្វ៊ូ ជុង ដែលមានវ័យចំណាស់ និងទន់ខ្សោយ គឺជាប្រផ្នូលមិនសូវល្អនៅក្នុងក្រសែភ្នែកអ្នកវិនិយោគដែលចង់ជ្រើសរើសទៅវៀតណាមនោះទេ។
 
បន្ថែមពីនេះ ​ការ​ដឹក​នាំ​របស់​វៀតណាម​ទំនង​ជា​ឆ្លុះ​បញ្ចាំង​ពី​គោល​នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ។ នៅពេលដែលការប្រជែងគ្នារវាងមហាអំណាចពិភពលោកទាំងពីរ អាមេរិក និងចិន ត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងក្នុងកម្រិតខ្លាំង វាកាន់តែលំបាកសម្រាប់វៀតណាមក្នុងការរក្សាតុល្យភាព។ ដូច្នេះហើយ អ្នកសង្កេតការណ៍ជាច្រើនបារម្ភថា បើទោះជាវៀតណាមតែងតាំងប្រធានាធិបតីថ្មីជំនួសលោក ធឿង យ៉ាងរហ័សក៏ដោយ ក៏សហគមន៍អន្តរជាតិមិនដឹងថាអ្នកណានឹងស្នងតំណែងលោក ង្វៀន ហ៊្វូ ជុង នោះ វានឹងនៅជាបញ្ហាសម្រាប់វៀតណាមដដែល។
 
តើវៀតណាមនឹងធ្វើអ្វីបន្ទាប់​?
 
ក្រោយពីការលាលែងរបស់លោក ធឿង វៀតណាមកំពុងតែស្វែងរកបេក្ខជនថ្មីក្នុងតំណែងមួយនេះ។ បុគ្គលសំខាន់ៗ ដែលត្រូវបានគេមើលឃើញថាអាចស្នងតំណែងនេះបានរួមមាន លោក តូ ឡឹម រដ្ឋមន្រ្តីសន្តិសុខសាធារណៈដ៏មានអំណាច, អ្នកស្រី ជឿង ធី ម៉ៃ សមាជិកអចិន្រ្តៃយ៍នៃលេខាធិការដ្ឋាន និងជាប្រមុខគណៈចាត់តាំងរបស់បក្សកុម្មុយនីស្តវៀតណាម, លោក ផាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកស្រី វ៉ ធិ អាញ់ ស៊ួន ដែលកាន់តំណែងជាអនុប្រធានាធិបតី។ 
 
ជាងនេះទៅទៀត មេដឹកនាំវៀតណាម នឹងរៀបចំសមាជបក្សកុម្មុយនិស្តនៅដើមឆ្នាំ២០២៦។ រហូតមកដល់ពេលនោះ អ្នកជំនាញបាននិយាយថា អាចមានអស្ថិរភាពបន្ថែមទៀត ខណៈដែលគូប្រជែងការគ្រងតំណែង លោក ង្វៀន ហ៊្វូ ជុង ដែលមានអាយុកាន់តែច្រើន៕ 
 

Tag:
 វៀតណាម
  ប្រធានាធិបតី
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com