កីឡាអន្តរជាតិ
អន្តរជាតិ
ការវាយប្រហារនៅទីក្រុងមូស្គូ! ជំនួបមិត្តភាព រុស្ស៊ី-ប៉ារ៉ាហ្គាយ​​ ត្រូវលុបចោល
24, Mar 2024 , 1:59 pm        
រូបភាព
ក្រុមជម្រើសជាតិរុស្ស៊ី បានលុបចោលជំនួបមិត្តភាពអន្តរជាតិ ទល់នឹងក្រុមប៉ារ៉ាហ្គាយ ក្នុងទីក្រុងមូស្គូ ក្រោយពេលមានការចាញ់ប្រហារក្បែរដ្ឋធានីរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២២ ខែមីនា។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់រុស្ស៊ី នាថ្ងៃទី២៣ ខែមីនា។

យ៉ាងហោចមានមនុស្ស ១១៥នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិ នៅក្នុងទីតាំងប្រគុំតន្ត្រីមួយ នៅជិតទីក្រុងមូស្គូ។ ខ្មាន់កាំភ្លើង ជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលបានប្រកាសទទួលខុសត្រូវពីការបាញ់ប្រហារនេះ។
 
រុស្ស៊ី ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និង សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ហាមឃាត់មិនឱ្យមានការប្រកួតប្រជែងលំដាប់អន្តរជាតិណាមួយឡើយ តាំងពីឆ្នាំ ២០២២ មក ក្រោយពេលរុស្ស៊ី បានបើកការវាយប្រហារលុកលុយចូលប្រទេសអ៊ុយក្រែន។
 
កន្លងមករុស្ស៊ី បានប្រកួតជំនួបមិត្តភាពតែមួយលើកគត់ ដោយបានចាញ់ក្រោមថ្វីជើងក្រុមស៊ែប៊ី លទ្ធផល ៤-០ កាលពីថ្ងៃទី២១ ខែមីនា ក្នុងកីឡដ្ឋាន VTB Arena ហើយពួកគេក៏តម្រូវឱ្យប្រកួតទល់នឹងក្រុមប៉ារ៉ាហ្គាយ នៅថ្ងៃទី២៥ ខែមីនា។
  


«ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មដែលបានកើតឡើង នៅទីក្រុង Krasnogorsk សហព័ន្ធបាល់ទាត់រុស្ស៊ី និងសមាគមបាល់ទាត់ប៉ារ៉ាហ្គាយ បានសម្រេចចិត្តលុបចោលការប្រកួតមិត្តភាព រវាងក្រុមជម្រើសជាតិទាំងពីរ»។ នេះបើតាមសេចក្តីប្រកាសរបស់​សហព័ន្ធបាល់ទាត់រុស្ស៊ី (RFU)។
 
មួយវិញទៀត រាល់កម្សាន្ត និងព្រឹត្តិការណ៍ដ៏ធំផ្សេងៗក្នុងប្រទេសរុស្ស៊ី ត្រូវបានលុបចោលស្ទើរទាំងអស់។ ក្រសួងវប្បធម៍រុស្ស៊ី និង RFU បានប្រកាសនៅថ្ងៃទី២៣ ខែមីនា ថា ពួកគេនឹងពន្យាពេលការប្រកួតទាំងអស់ ដែលបានគ្រោងទុកក្នុងសប្តាហ៍នេះ៕
 
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com