កីឡាអន្តរជាតិ
អន្តរជាតិ
បារាំងកំពុងកម្ចាត់មូសខ្លាឱ្យអស់ សម្រាប់ព្រឹត្តិការណ៍អូឡាំពិក
25, Mar 2024 , 8:29 am        
រូបភាព
ប្រទេសបារាំងកំពុងព្យាយាមកម្ចាត់មូសខ្លាឱ្យអស់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់អត្តពលិក និងអ្នកគាំទ្រ រាប់ម៉ឺននាក់ អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងទីក្រុងប៉ារីស នាពេលខាងមុខ។

មូសខ្លាអាស៊ី កំពុងគំរាមកំហែងនៅភាគខាងជើងនៃទ្វីបអឺរ៉ុប រួមទាំងប្រទេសបារាំងផងដែរ ក្នុងរយៈពេលពីរទសវត្សន៍កន្លងមក។ មូសខ្លាអាស៊ី បានបង្កឱ្យមានជំងឺដូចជាគ្រុនឈាម ឈីកុងហ្គូយ៉ា និងហ្ស៊ីកា។
 
បើតាមអាជ្ញាធរបារាំង ទីក្រុង Normandy នៅភាគពាយព្យ ដែលជាតំបន់ចុងក្រោយបង្អស់ គ្មានមូសខ្លាទៀតឡើយ។
 
ទោះជាយ៉ាងណា អាជ្ញាធរក៏កំពុងតែបន្តបេសកកម្មកម្ចាត់មូសខ្លា ដើម្បីធានាថាព្រឹត្តិការណ៍ Paris 2024 នាខែកក្កដានោះ គ្មានមូសខ្លារំខានដល់អត្តពលិក និងអ្នកគាំទ្រឡើយ។ អ្នកជំនាញក៏បានព្រមានថា មូសខ្លាខាំអាចនឹងបំផ្លាញឱកាសរបស់អត្តពលិក ក្នុងពេលប្រកួតប្រជែង។
 
«ពេលអ្នកមានជំងឺគ្រុនឈាម អ្នកនឹងមិនអាចឆ្លងកាត់ឧបសគ្គ ឬការប្រកួតប្រជែងអ្វីបានឡើយ។ ទីក្រុងដែលធ្វើម្ចាស់ផ្ទះ នឹងជាពិសេសភូមិអូឡាំពិកត្រូវតែធានាគ្មានមូស។»។ នេះបើតាមការលើកឡើងរបស់លោក Didier Fontenille អ្នកជំនាញខាងផ្នែកជំងឺឆ្លង។
 
ទាក់ទងបញ្ហាមូសខ្លានេះ អាជ្ញាធរសុខាភិបាលបានសន្យាថា នឹងបង្កើនការឃ្លាំមើល នៃការគំរាមកំហែងពីមូសនេះ។ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកប៉ារីស ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា ។ កម្មវិធីបើកនឹងត្រូវធ្វើឡើងនៅតាមដងទន្លេសែន (Seine) លើកដំបូងក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍អូឡាំពិក៕
 
 

Tag:
 Paris 2024
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com