កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ស្មើសិង្ហបុរី ប្រធានក្រុមចិនថាជារឿងអាម៉ាស់ និងចូលនិវត្តន៍ពីជម្រើសជាតិ
25, Mar 2024 , 10:40 am        
រូបភាព
ប្រធានក្រុម Zhang Linpeng បានចូលនិវត្តន៍ពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន បន្ទាប់ពីដឹកនាំក្រុមបានត្រឹមស្មើសិង្ហបុរី ២-២ ក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦។ Linpeng ចាត់ទុកថាលទ្ធផលស្មើនេះ «ជាភាពអាម៉ាស់បំផុតសម្រាប់ក្រុមចិន»។ មួយថ្ងៃក្រោយ Linpeng បានដកពាក្យចូលនិវត្តន៍របស់ខ្លួនវិញ ដោយទុកពេលឱ្យក្រុម រកអ្នកជំនួសខ្លួនបានសិន។ 


នៅជំនួបជើងទី១ វគ្គសន្សំពិន្ទុពូល C ក្នុងកីឡដ្ឋានជាតិសិង្ហបុរីកាលពីសប្តាហ៍មុន ចិនបាននាំមុខ ២-០ មុនទៅហើយនៅវគ្គទី១ ប៉ុន្តែដោយសារកំហុសនៅតំបន់ការពារបានធ្វើឱ្យម្ចាស់ផ្ទះសិង្ហបុរីតាមស្មើ ២-២ នៅវគ្គទី២។ ក្នុងចំណោម២គ្រាប់តាមស្មើរបស់សិង្ហបុរី ក៏មានកំហុសរបស់ប្រធានក្រុមចិន Linpeng ផងដែរ។ ខ្សែការពារក្លិប Shanghai Port រូបនេះ បង្កឱ្យមានគ្រាប់បាល់ទី២កើតឡើង ដែលធ្វើឱ្យ Jacob Mahler បញ្ចប់ទីតាមស្មើសម្រាប់សិង្ហបុរី។
 
Linpeng មិនអាចលាក់បាំងពីការខកចិត្តរបស់ខ្លួន ដែលមិនអាចជួយក្រុមចិនដណ្តើមបាន៣ពិន្ទុ សម្រាប់ជំនួបជើងទី១នេះ។ ក្នុងបទសម្ភាសន៍ក្រោយការប្រកួត ប្រធានក្រុមវ័យ៣៤ឆ្នាំ បាន​និយាយ​ថា៖ «ក្រោយ​ការ​ប្រកួត ខ្ញុំ​គិត​ថា​ដល់​ពេល​ត្រូវ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ។ យើងមិនអាចសូម្បីតែឈ្នះសិង្ហបុរី។ នោះជារឿងអាម៉ាស់បំផុត»។ ដោយសារបញ្ហានេះ Linpeng បានប្រកាសបញ្ចប់អាជីពពីក្រុមជម្រើសជាតិតែម្តង។
 
នៅលើបណ្តាញសង្គម Weibo របស់ចិន Linpeng បានបង្ហោះទៀតថារូបគេទំនងមិនអាចធ្វើបានល្អជាងនេះទេ បើទោះខំប្រឹងប្រែង ២០០% ជារៀងរាល់ថ្ងៃ។ យោងតាមសារព័ត៌មាន Beijing Sports កីឡាករ Linpeng ជាកីឡាករដែលមានស្ថិតិល្អបំផុតក្នុងចំណោមខ្សែការពាររបស់ចិន បើទោះបានបង្កកំហុសនៅជំនួបទល់សិង្ហបុរីក៏ដោយ។

យ៉ាងណាក៏ដោយ ប្រធាន​ក្រុម​ជម្រើសជាតិ​ចិនរូបនេះ បាន​ដក​ការសម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិវិញ ក្រោមហេតុផលថាទុកពេលឱ្យក្រុម​​ស្វែងរក​អ្នក​ជំនួសខ្លួនបានសិន​។ 
  
Linpeng ជាប់ជម្រើសជាតិចិនតាំងពីឆ្នាំ ២០០៩ ដោយបង្ហាញខ្លួន ១០៥ ប្រកួត ស៊ុតបញ្ចូលទីបាន ៦ គ្រាប់។ អតីតខ្សែការពារ Guangzhou Evergrande មានបទពិសោធន៍ច្រើនក្នុងការប្រកួតវគ្គជម្រុះ World Cup និង Asian Cup ហើយត្រូវបានគេចាត់ទុកថាជាកីឡាករជើងចាស់ដែលមានគុណភាពរបស់ចិន។
 
ឆ្លងកាត់ការប្រកួត៣លើក ចិន នៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល C មាន ៤ ពិន្ទុស្មើក្រុមថៃដែលឈរលេខ២ ដោយខុសសំណល់គ្រាប់បាល់។ កូរ៉េខាងត្បូង​ ​ឈរ​កំពូល​តារាង​មាន​៧​ពិន្ទុ​ ឯសិង្ហបុរីនៅបាតតារាងមាន១ពិន្ទុ។ ចិនត្រូវទទួលសិង្ហបុរីវិញសម្រាប់ជំនួបជើងទី២ នៅថ្ងៃទី២៦ ខែមីនា មុនបន្តជួបថៃ និងកូរ៉េខាងត្បូងក្នុងខែមិថុនា ដើម្បីរក្សាឱកាសរបស់ពួកគេក្នុងការឈានទៅជុំបន្ទាប់នៃវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ តំបន់អាស៊ី៕

© រក្សាសិទ្ធិដោយ thmeythmey.com