កីឡាអន្តរជាតិ
អន្តរជាតិ
MPL KH៖ ក្រុម Duck Rice បង្កភាពភ្ញាក់ផ្អើល ខណៈ D-Roar បំបាក់ម្ចាស់ជើងឯក២សម័យ
25, Mar 2024 , 2:16 pm        
រូបភាព
ពានរង្វាន់កីឡាអេឡិចត្រូនិក MPL KH រដូវកាលទី៦ បានបញ្ចប់ការប្រកួតក្នុងសប្តាហ៍ទីមួយ ដោយក្រុមចំណូលថ្មី Duck Rice Esports បង្កភាពភ្ញាក់ផ្អើលក្នុងនាមជាក្រុមកូនខ្មែរ ៥រូប ប្រជែងឈ្នះ ២ប្រកួតឈរកំពូលតារាង។ រីឯក្រុម D-Roar Legends ក៏បង្ហាញសមត្ថភាពក្នុងការប្រជែងនារដូវកាលថ្មីនេះ ដោយ ពួកគេបានបំបាក់ក្រុមម្ចាស់ជើងឯក ២សម័យដូចគ្នា គឺក្រុម See You Soon និង Flash KH។




ត្រឹមសប្តាហ៍ដំបូង MPL KH រដូវកាលទី៦ លីគកីឡាអេឡិចត្រូនិកកម្ពុជាលើវិញ្ញាសា Mobile Legends Bang Bang ​បានបង្កើតភាពភ្ញាក់ផ្អើល នឹងទាក់ទាញយ៉ាងខ្លាំង ពីការប្រកួតប្រជែងដ៏ស្វិតស្វាញពីសំណាក់ក្រុមទាំង ៨។
 
ក្រុម ​Duck Rice Esports ដែលឈ្នះកៅអីពីការប្រកួត MPL Challenge Cup ឡើងមកកាន់លីគអាជីពកម្រិតខ្ពស់ ក្នុងរដូវកាលដំបូងរបស់ខ្លួននេះ បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ចំពោះទម្រង់លេងដ៏យល់ចិត្តគ្នាបំផុតមួយរបស់ក្រុម ដែលមានកូនខ្មែរ ៥រូប ខុសពីក្រុមដទៃមានកីឡាករបរទេសនៅក្នុងនោះ។
  


សប្តាហ៍ដំបូងក្រុមរហស្សនាមបាយទា រកបាន ៥ពិន្ទុ ឈរកំពូលតារាង ក្រោយពួកគេបានយកឈ្នះលើក្រុមជើងខ្លាំង Flash KH ម្ចាស់ពាន ២សម័យ ក្នុងលទ្ធផលការប្រកួត ២-១ នៅក្នុងថ្ងៃទីមួយ នៃការប្រកួតនាថ្ងៃទី២៣ ខែមីនា។ ចូលដល់ការប្រកួតទី២ នាថ្ងៃទី២៤ ខែមីនា Duck Rice បន្តធ្វើបានល្អខ្លាំង ដោយបានបំបាក់ក្រុម PRO Esports លទ្ធផល ២-០ ដែលការប្រកួតមួយលើកមាន ៣វគ្គ (BO3)។
 
ចំណែក D-Roar Legends បង្ហាញខ្លួនជាលើកទី២ ក្នុងពាន MPL KH បន្ទាប់ពីរដូវកាលមុនបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៥ ។ មកជាមួយគោលដៅ នារដូវកាលទី៦នេះវិញ ក្រុម D-Roar ហាក់បង្ហាញទំនុកចិត្តខ្ពស់លើការប្រកួតប្រជែង ក្នុងនាមជាក្រុមមានសមត្ថភាពខ្លាំងមួយផងដែរ។ ជំនួបសំខាន់ចំនួន ២ នៅសប្តាហ៍ទី១ D-Roar Legends បានឆ្លងកាត់និងបានវាយបកយកឈ្នះលើក្រុមខ្លាំងៗ ដូចជា See You Soon និង Flash KH ដែលសុទ្ធសឹងជាក្រុមឈ្នះជើងឯក ២លើកដូចគ្នា។
  


ប៉ះ See You Soon ក្នុងជំនួបថ្ងៃទី១ D-Roar Legends មានការប្រកួតប្រជែងដ៏តានតឹង ដោយអាចវាយបកឈ្នះ លើក្រុមការពារជើងឯកលទ្ធផល ២-១ មុនពេលបន្តវាយបកឈ្នះការប្រកួតលើក្រុម Flash KH លទ្ធផល ២-១ ដូចគ្នា នៅក្នុងជំនួបថ្ងៃទី២ នៃសប្តាហ៍ទីមួយ។ 
 
D-Roar ឈរតំណែងលេខ ២ បណ្តោះអាសន្ន មាន ៤ពិន្ទុ ពីក្រុម CFU Gaming នៅចំណាត់ថ្នាក់លេខ ៣។ Team SV ជាក្រុមមួយឈ្នះកៅអីពីការប្រកួត MPL Challenge Cup ដែរនោះ ក៏បង្កើតភាពភ្ញាក់ផ្អើលរបស់ខ្លួន ដោយបានប្រកួតឈ្នះលើក្រុម Team Max ក្នុងលទ្ធផល ២​-១។
 
គួររំលឹកថា MPL KH រដូវកាលទី៦ ចាប់ផ្តើមការប្រកួតពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែមេសា។ ការប្រកួតវគ្គសន្សំពិន្ទុ Regular Season ត្រូវចាប់ផ្តើមក្នុងសប្តាហ៍នេះ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ​ដែលធ្វើឡើងនៅក្នុងផ្សារទំនើបអូឡាំព្យា៕








Tag:
 MPL KH
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com