ជាតិ
ប្រើពេលដ៏ខ្លី អ្នកស្រី យ៉ែម សុភា ក្លាយជាតួអង្គសំខាន់នៃក្រុមអភិរក្ស​ជីវចម្រុះ នៅព្រែកត្នោត
25, Mar 2024 , 8:19 pm        
រូបភាព
កំពត៖ អ្នកស្រី យ៉ែម សុភា គឺជាអនុប្រធានទី១ និងជាសមាជិកស្ត្រីតែម្នាក់គត់នៃគណៈកម្មការសហគមន៍នេសាទព្រែក​ត្នោត។ អ្នកស្រី សុភា បានចូលរួមការពារ និងអភិរក្សធន​ធាន​សមុទ្រ និងជីវចម្រុះ នៅក្នុងសហគមន៍នេសាទព្រែកត្នោត ដែលស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតនេះ នៅក្នុងឆ្នាំ២០២២ ក្រោយបានដឹង​ពីការធ្លាក់ចុះនៃធនធានសមុទ្រ និងសត្វសមុទ្រកម្រៗ។



ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖

 
«ពីមុនខ្ញុំអត់ដឹងសោះថាក្នុងសមុទ្រ ឬសហគមន៍ខ្ញុំបាត់បង់ជីវចម្រុះអ្វីខ្លះ។ តែឥឡូវនេះ ខ្ញុំយល់​ដឹងច្រើន។ ជាក់ស្ដែង ត្រីសេះ អណ្ដើកសមុទ្រ ជ្រូកទឹក សុទ្ធសឹងជាប្រភេទកម្រ ដែលរងគ្រោះជិតផុតពូជ ហើយក្នុងសហគមន៍ព្រែកត្នោតក៏កម្រឃើញដែរ»។ អ្នកស្រី យ៉ែម សុភា រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗបែបនេះ។
 
នៅក្នុងរយៈពេលដ៏ខ្លី អ្នកស្រី យ៉ែម សុភា បានក្លាយជាសមាសភាពស្រ្តី ដែលក្រុមល្បាតមិនអាចខ្វះបាន ដោយសារគាត់អាចប្រើប្រាស់​នូវប្រព័ន្ធ​កំណត់ទីតាំងឆ្លាតវៃ ដូចជាGPS និងប្រព័ន្ធស្មាត បានល្អជាងសមាជិកបុរសៗ។ ជួបប្រទះភ្លៀង ខ្យល់ រលកធំៗ ​ក្នុងពេលជិះទូកល្បាតនៅសមុទ្រជារឿង ដែលក្រុមល្បាតចៀសមិនផុតឡើយ ប៉ុន្តែរឿងដែលស្ត្រីវ័យ៣៤ឆ្នាំរូបនេះ និងក្រុមល្បាតព្រួយបារម្ភ គឺការប្រឈមមុខនឹងជម្លោះជាមួយក្រុមអ្នកនេសាទខុសច្បាប់។ ​
 
អ្នកស្រី យ៉ែម សុភា រៀបរាប់បែបនេះថា៖ «ពេលចេញល្បាតម្ដងៗ ជួនការជួបភ្លៀង ឬក៏ព្យុះ។ ក្រៅពីនោះ ក៏កើតជម្លោះជាមួយពួកនេសាទខុសច្បាប់ ញឹកញាប់ដែរ ព្រោះថាពួកគាត់ឱ្យតែយើងណែនាំ គាត់អត់ស្ដាប់ទេ ហើយងាកមកយកដំបង គប់យើង ឬក៏ប្រើពាក្យសម្ដីជេរប្រមាថជា​ដើម»។
 
ក្រៅពីការងារល្បាត និងគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងសហគមន៍ អ្នកស្រី យ៉ែម សុភា ក៏ជាតួអង្គសំខាន់នៅក្នុងការកៀរគរពលរដ្ឋ ក៏ដូចជាអង្គការដៃគូនានា ឱ្យចូលរួមក្នុងការងារអភិរក្សធនធានសមុទ្រ និងជីវចម្រុះនៅក្នុងសហគមន៍នេសាទព្រែកត្នោតផងដែរ។ 
 
សហគមន៍នេសាទព្រែកត្នោត មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ សហគមន៍កំពុងប្រឹងប្រែង​ក្នុងកិច្ចការពារធនធានធម្មជាតិដូចជាផ្កាថ្ម ស្មៅសមុទ្រ ពិ​សេស​ប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក ត្រីសេះ ​អណ្តើកសមុទ្រជាដើម ដែល​មានវត្តមាននៅដែនគ្របដណ្តប់របស់សហគមន៍​។ ក្រៅពីនេះ សហគមន៍ ក៏សម្បួរធនធាន​សមុទ្រ​ដូចជា ក្តាម ត្រី បង្កង បង្គារផងដែរ៕

Tag:
 យ៉ែម សុភា
  ល្បាតសមុទ្រ
  សហគមន៍នេសាទព្រែកត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com