កីឡាអន្តរជាតិ
អន្តរជាតិ
បន្ទាប់ពីលោក Tie អតីតប្រធានបាល់ទាត់ចិន ដែលគប់គិតគ្នា ជាប់ពន្ធនាគាមួយជីវិត
26, Mar 2024 , 4:23 pm        
រូបភាព
លោក Chen Xuyuan អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន (CFA) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត ពីបទស៊ីសំណូកប្រាក់ ១១,៣លានដុល្លារ។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន People's Daily នៅថ្ងៃទី២៦ ស្របពេលលោក Xuyuan ជាបុគ្គលទី២បន្ទាប់ពី លោក Li Tie ដែលរងការកាត់ទោសមួយជីវិត ក្នុងសំណុំរឿងពុករលួយ ក្នុងវិស័យកីឡាបាល់ទាត់ចិន។



លោក Xuyuan ដែលធ្លាប់កាន់ការជាប្រធានស្ថាប័នកំពូលកីឡាចិន ត្រូវបានចោទប្រកាន់កាលពីខែកញ្ញា ឆ្នាំ២០២៣ ក្នុងបទពុករលួយ បន្ទាប់ពីលោកបានសារភាពនៅក្នុងភាពយន្តឯកសាររបស់ទូរទស្សន៍ CCTV ថាបានទទួលយកប្រាក់សំណូកយ៉ាងច្រើនដើម្បីផ្តល់តួនាទីក្នុងប្រភេទកីឡាផ្សេងៗ ជាពិសេសកីឡាបាល់ទាត់។ អតីតប្រធាន CFA រូបនេះ បានចូលសវនាការកាត់ទោសពីបទស៊ីសំណូកប្រាក់ ១១,៣លានដុល្លារ នៅថ្ងៃទី២៩ ខែមករា។
 
ក្នុងសំណុំរឿងសូកប៉ាន់ប្រាក់ ១១,៣លានដុល្លារ ដែលជាប់ពាក់ព័ន្ធថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងកីឡាចិន និងនាយកប្រតិបត្តិ CFA ប្រមាណ ១០នាក់ ក្នុងនោះ លោក Li Tie អតីតគ្រូបង្វឹកក្រុមជម្រើសជាតិចិន ក៏អះអាងថាខ្លួនបានបានបង់ប្រាក់សំណូកដល់ លោក Xuyuan អំឡុងនៅកាន់តំណែងប្រធាន និងជាអនុលេខាបក្ស CFA ចំនួន២លានយ័ន (ជិត៣០ម៉ឺនដុល្លារ) ដើម្បីទទួលបានតំណែងគ្រូជម្រើសជាតិចិន។
 
ដំបូងឡើយ លោក Xuyuan ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ ឆ្នាំ ខណៈលោក Li Tie ជាប់ពន្ធនាគាររហូតអស់មួយជីវិត ពីបទសូកប៉ាន់នេះ។ អតីតគ្រូចិន ​វ័យ​៤៦​ឆ្នាំ មិនសុខចិត្ត ចំពោះការកាត់ទោសដ៏ធ្ងន់ធ្ងរលើខ្លួន បើប្រៀបធៀបនឹងលោក Xuyuan ដែលជាអ្នកទទួលប្រាក់សំណូក។ លោក Tie បានស្នើសុំការប្តឹងឧទ្ធរណ៍ទៅតុលាការ។
 
ក្រោយសិក្សា និងស៊ើបអង្កេតជាថ្មី តុលាការប្រជាជនក្នុងក្រុង Huangshi ខេត្ត Hubei ប្រទេសចិនយល់ឃើញថា ការសូកប៉ាន់ដែល Xuyuan បានទទួល ជាករណីធ្ងន់ធ្ងរ ហើយសកម្មភាពនេះបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការប្រកួតប្រជែង និងសណ្តាប់ធ្នាប់ក្នុងវិស័យកីឡាបាល់ទាត់ចិន។ 
 
លោក Xuyuan វ័យ៦៧ឆ្នាំ ដែលជាសមាជិកបក្សកុម្មុយនិស្តចិនផង ត្រូវបានតុលាការប្រជាជនចិន កាត់ទោសសារជាថ្មីនៅថ្ងៃទី២៦ ខែមីនា ឱ្យជាប់ពន្ធនាគារមួយជីវិតតែម្តង។
 
ជុំវិញបញ្ហាពុករលួយនេះ បានធ្វើឱ្យក្រុមកីឡាបាល់ទាត់ចិន ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង និងបរាជ័យជាបន្តបន្ទាប់ ក្នុងនោះធ្លាក់ចេញពីពានរង្វាន់តំបន់អាស៊ី AFC Asian Cup ឆ្នាំ២០២៣ ត្រឹមវគ្គចែកពូល និងធ្វើមិនបានល្អនៅវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦ តំបន់អាស៊ី ថែមទៀត។ ថ្មីៗនេះ ចិនបានត្រឹមស្មើ​ ២-២ ប៉ុណ្ណោះ ក្នុងជំនួបទល់សិង្ហបុរី វគ្គជម្រុះជើងទី១៕
 

Tag:
 Chen Xuyuan
  CFA
  កំណត់លទ្ធផល
© រក្សាសិទ្ធិដោយ thmeythmey.com