កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម បញ្ចប់តំណែងគ្រូ ក្រោយចាញ់ឥណ្ឌូណេស៊ីក្នុងផ្ទះលើកដំបូងក្នុងរយៈពេល២០ឆ្នាំ
27, Mar 2024 , 1:59 pm        
រូបភាព
រូបភាព៖-VN-Express
រូបភាព៖-VN-Express
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម សល់ឱកាសតិចតួចឆ្លងទៅវគ្គជម្រុះជុំទី៣ FIFA World Cup តំបន់អាស៊ី ក្រោយរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣-០ នៅជំនួបជើងទី២ ជុំទី២។ ចាញ់ឥណ្ឌូណេស៊ីក្នុងដីលើកដំបូងក្នុងរយៈពេល២០ឆ្នាំ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបញ្ចប់តំណែងលោក Philippe Troussier ពីតួនាទីគ្រូបង្វឹកតែម្តង។



វៀតណាម បន្តចាញ់ឥណ្ឌូណេស៊ី ទាំងពីរជើង ក្នុងពូល F ដោយជើងទី១នៅទឹកដីឥណ្ឌូណេស៊ី ចាញ់ ១-០ និងជើងទីពីរចាញ់ ៣-០ ក្នុងផ្ទះខ្លួនឯងដែលធ្វើឡើងនៅកីឡដ្ឋាន My Dinh នៅថ្ងៃទី២៦ ខែមីនា។ ទាំង៣គ្រាប់នៅជើងទី២របស់ឥណ្ឌូណេស៊ីធ្វើបានដោយកីឡាករចូលសញ្ជាតិ២រូបរួមមាន Jay Noah Idzes និង Ragnar Anthonius Maria Oratmangoen រួមជាមួយ Muhammad Ramadhan Sananta ១គ្រាប់។
 
ឥណ្ឌូណេស៊ី ដែលប្រើប្រាស់កីឡាករចូលសញ្ជាតិច្រើន ពិតជាទទួលបានផ្លែផ្កា ក្នុងវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកជុំទី២ តំបន់អាស៊ី។ មិនត្រឹមតែទទួលបាន៣ពិន្ទុពីទឹកដីខ្លួន គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Shin Tae-yong​ បានជួយឥណ្ឌូណេស៊ីរកបានជ័យជម្នះលើកដំបូងនៅទឹកដីវៀតណាមក្រោយខកខានរយៈពេល ២០ឆ្នាំ។
 
ឥណ្ឌូណេស៊ី មានឱកាសច្រើនក្នុងការបន្តទៅជុំទី៣ ក្រោយរកបាន៧ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី២ នាំមុខវៀតណាមដែលនៅលេខ៣ ដល់ទៅ៤ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៤លើកដូចគ្នា។ ក្នុងពូល F នេះ អ៊ីរ៉ាក់ កក់កៅអីទៅជុំបន្ទាប់ទៅហើយ ស្របពេលហ្វីលីពីនដែលមានតែ១ពិន្ទុ ហាលអាល ដោយស្វ័យប្រវត្តិ។ នៅជំនួបជើងទី២ អ៊ីរ៉ាក់ យកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ៥-០។
 
វៀតណាមដែលសល់ឱកាសតិចតួចបំផុត ក្នុងការប្រជែងតំណែងលេខ២ ក្នុងពូល F ជាមួយឥណ្ឌូណេស៊ី បានសម្រេចបញ្ចប់តំណែងលោក Philippe Troussier ជាគ្រូបង្វឹកភ្លាមៗតែម្តងក្រោយចប់ការប្រកួតនៅ My Dinh ក្រុងហាណូយ។
 
លោក Duong Nghiep Khoi អគ្គលេខាធិការ VFF បានប្រាប់កាសែត VnExpress ថា ទាំងភាគីសហព័ន្ធ និងលោក Troussier បានព្រមប្រៀងគ្នាបញ្ចប់កិច្ចសន្យាមុនពេលកំណត់ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយ។ ក្នុងជំនួបនេះ គ្រូបង្វឹកសញ្ជាតិបារាំង បានអរគុណកីឡាករ ក្លិប VFF ក៏ដូចជាអ្នកគាំទ្រ ប៉ុន្តែលោកបានសូមទោសវៀតណាម ចំពោះលទ្ធផលមិនដូចការរំពឹងទុក។ 
 
លោក Troussier បានចុះកិច្ចសន្យាដឹកនាំ U23 វៀតណាម និងក្រុមបាល់ទាត់ជម្រើសជាតិ ក្នុងខែមីនា ឆ្នាំ ២០២៣ ដោយមានសុពលភាពដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦។ ដឹកនាំរយៈពេល១ឆ្នាំ វៀតណាម​រង​បរាជ័យ​១០​លើក​ក្នុងចំណោម​ការ​ប្រកួត​១១​លើក។ ជ័យជម្នះតែមួយគត់របស់វៀតណាម ឈ្នះហ្វីលីពីនក្នុងការប្រកួតជម្រុះ World Cup ២០២៦ ជុំទី២ កាលពីចុងឆ្នាំ២០២៣។
 
ថៃដែលរងបរាជ័យក្រោមថ្វីជើងកូរ៉េខាងត្បូង ៣-០ នៅជើងទី២ ក្នុងផ្ទះខ្លួនឯង ក៏សល់ឱកាសតិចតួចផងដែរ ដោយសារចិន ឈ្នះសិង្ហបុរីដល់ទៅ ៤-១។ ឆ្លងកាត៤ប្រកួត កូរ៉េខាងត្បូងមាន១០ពិន្ទុ ឈរកំពូលតារាងពូល C និងមានភាគរយខ្ពស់បំផុតឈានទៅជុំទី៣ ស្របពេលចិន ឡើងទៅលេខ២ ដោយរកបាន៧ពិន្ទុ​ នាំមុខក្រុមលេខ៣ថៃ ចំនួន៣ពិន្ទុ។  សិង្ហបុរី​ ហាលអាវ ដោយរកបានត្រឹម១ពិន្ទុប៉ុណ្ណោះ។
 
ឆ្លងកាត់ការប្រកួត៤លើក ក្នុងវគ្គជម្រុះ World Cup ជុំទី២តំបន់អាស៊ី ពីពូល A ដល់ពូល I គេបានរកឃើញក្រុមចំនួន៧ហើយ ដែលបានកៅអីស្វ័យប្រវត្តិទៅជុំទី៣។ ទាំង៧ក្រុមរួមមាន អូស្ត្រាលី អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ អ៊ីរ៉ង់ អ៊ូសបេគីស្ថាន ជប៉ុន និងកាតា។ ដោយឡែកក្រុមហាលអាវមាន មីយ៉ាន់ម៉ា សិង្ហបុរី ឆាយន្នីសតៃប៊ិ តួកមេនីស្ថាន ហុងកុង ហ្វីលីពីន ប៉ាគីស្ថាន និងនេប៉ាល់៕

Tag:
 World Cup
  Philippe Troussier
© រក្សាសិទ្ធិដោយ thmeythmey.com