កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម នៅផ្តល់បៀវត្សរ៍ឱ្យអតីតគ្រូ Troussier មួយខែ៥ម៉ឺនដុល្លារ រយៈពេល៣ខែ
27, Mar 2024 , 9:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នឹងផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែដល់គ្រូបង្វឹកលោក Philippe Troussier ក្នុងមួយខែ៥ម៉ឺនដុល្លារ ចំនួន៣ខែទៀត។ ការបន្តផ្តល់ថ្លៃឈ្នួល៣ខែ ក្រោយ VFF និងលោក Troussier យល់ព្រមបញ្ចប់កិច្ចសន្យាមុនកាលកំណត់។



បន្ទាប់ពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម ចាញ់ឥណ្ឌូណេស៊ី ៣-០ ក្នុងការប្រកួតជម្រុះ FIFA World Cup ជើងទី២ ជុំទី២ តំបន់អាស៊ី នៅទឹកដីខ្លួន ថ្ងៃទី២៦ ខែមីណា ស្ថាប័ន VFF បានរៀបចំជំនួបបន្ទាន់មួយជាមួយលោក Troussier។ ក្រោយជជែកគ្នាជាង១ម៉ោងកន្លះ ​ភាគីទាំងពីរ បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ចែក​ផ្លូវ​គ្នា​តែម្តង។
 
លោក Troussier បានចុះកិច្ចសន្យាដឹកនាំ U23 វៀតណាម និងក្រុមជម្រើសជាតិឈុតធំ ក្នុងខែមីនា ឆ្នាំ ២០២៣ ដោយមានសុពលភាពដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦។ ប្រាក់ឈ្នួលដែលគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះទទួលបានពី VFF ក្នុងកិច្ចសន្យាមានតម្លៃ ៥ម៉ឺនដុល្លារក្នុង១ខែក្រោយកាន់ពន្ធរួច ពោលគឺខ្ពស់ជាងលោក Park Hang-seo ដែលកាន់តំណែងមុន។ នេះបើយោងតាមការផ្សាយរបស់កាសែត VnExpress។
 
ដោយផ្អែកលើកិច្ចសន្យាដែលមានសុពលភាពដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦ VFF មិនអាចបណ្តេញលោក Troussier បានទេ។ ប៉ុន្តែ VFF នៅតែព្យាយាមបញ្ចុះបញ្ចូលអតីតកីឡាករក្រុមជម្រើសជាតិ​បារាំង វ័យ៦៩ឆ្នាំ ដោយយោងតាមលទ្ធផលដឹកនាំប្រកួតជាក់ស្តែង។ ទីបំផុតលោក Troussier យល់ព្រមតាមអ្វីដែល VFF បានស្នើ ដោយមិនមានសំណងអ្វីទាំងអស់។
យ៉ាងណាក៏ដោយ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់វៀតណាម សម្រេចផ្តល់ប្រាក់ខែចំនួន៣ខែបន្តបន្ទាប់ ក្រោយបញ្ចប់តំណែងដល់លោក Troussier ដើម្បីជាការលើកទឹកចិត្ត ដោយក្នុង ១ខែ ៥ម៉ឺនដុល្លារ។
 
ក្រុមវៀតណាម នៅតែមានឱកាសក្នុងការប្រជែងកៅអីឡើងទៅកាន់វគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកជុំទី៣ តំបន់អាស៊ី ទោះជាតិចតួចក៏ដោយ។ ២ប្រកួតចុងក្រោយក្នុងពូល F វៀតណាម ត្រូវជួបហ្វីលីពីន និងអ៊ីរ៉ាក់ នៅខែមិថុនា៕
 

Tag:
 Philippe Troussier
  VFF
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com