កីឡាអន្តរជាតិ
អន្តរជាតិ
លោក Rubiales ​ប្រឈមជាប់ពន្ធនាគារ ៣០ខែ ក្នុងរឿងអាស្រូវថើបកីឡាការិនី Hermoso
28, Mar 2024 , 4:39 pm        
រូបភាព
លោក Luis Rubiales អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) អាចនឹងត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ ជុំវិញការបង្កកំហុសបង្កើតរឿងអាស្រូវការថើបលើកីឡាការិនី Jenni Hermoso ក្រុមជម្រើសជាតិអេស្ប៉ាញ។ រដ្ឋអាជ្ញាអេស្ប៉ាញ បានស្នើសុំតុលាការសម្រេចដាក់ទោសលោក Rubiales ជាប់ពន្ធនាគារ ១ឆ្នាំ ពីបទបំពានផ្លូវភេទ និង ១ឆ្នាំកន្លះទៀត ពីបទបង្ខិតបង្ខំ។



រឿងអាស្រូវការថើប កើតឡើងនាពេលព្រឹត្តិការណ៍ World Cup ស្ត្រីឆ្នាំ ២០២៣ ក្រោយពេលក្រុមនារីអេស្ប៉ាញ បានបំបាក់ក្រុមនារីអង់គ្លេស ដើម្បីគ្រងជើងឯកម្ចាស់ពានបាល់ទាត់ពិភពលោក។
 
ពេលកម្មវិធីប្រគល់ពានរង្វាន់ លោក Rubiales បានបង្ហាញកាយវិការឧបថើបលើកីឡាការិនីគ្រប់គ្នា ក្នុងនោះកីឡាការិនី Hermoso ត្រូវបានថើបដល់បបូរមាត់។ នាង Hermoso មិនសប្បាយចិត្តនឹងទង្វើនេះឡើយ។
 
ពេលវិលត្រឡប់មកដល់ទឹកដីអេស្ប៉ាញ រឿងអាស្រូវការថើបនេះ ត្រូវបានប្រជាជនអេស្ប៉ាញ និងមន្ត្រីរដ្ឋាភិបាលអេស្ប៉ោញរិះគន់យ៉ាងខ្លាំង រហូតធ្វើឱ្យអតីតប្រធានសហព័ន្ធ RFEF ត្រូវចុះចេញពីតំណែង។ លោក Rubiales ក៏ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ព្យួរពីសកម្មភាពបាល់ទាត់ ហើយតែងតាំងអ្នកជំនួសតំណែងប្រធានសហព័ន្ធថ្មី។
 
មិនត្រឹមតែលោក Rubiales ម្នាក់ឡើយដែលត្រូវបញ្ចប់តំណែង ក្នុងនោះប្រធានផ្នែកប្រតិបត្តិលោក Albert Luque និងលោក Ruben Rivera ក៏ត្រូវបានរងការចោទប្រកាន់ពីសំណាក់រដ្ឋអាជ្ញាអេស្ប៉ាញ រួមទាំងអតីតគ្រូបង្វឹកក្រុមនារីលោក Jorge Vilda មួយរូបថែមទៀត។ បុរសមានតំណែងក្រោមលោក Rubiales ទាំងបី រងការចោទប្រកាន់ពីបទបង្ខិតបង្ខំ ហើយថែមទាំងត្រូវបង់ប្រាក់ក្នុងម្នាក់ ៥០,០០០អឺរ៉ូ (៥៤,០០០ដុល្លារ) ទៅកាន់កីឡាការិនីរងគ្រោះ។
 
សហព័ន្ធ RFEF ក៏បានបញ្ជាក់ដែរថាចំពោះបញ្ហាកន្លងមកដែលស្ថិតក្រោមការគ្រប់គ្រងរបស់អតីតប្រធានសហព័ន្ធលោក Rubiales នឹងត្រូវត្រួតពិនិត្យឡើងវិញ។ ការបញ្ជាក់នេះកើតឡើងក្រោយពេលដែលរដ្ឋអាជ្ញាអេស្ប៉ាញបានចោទប្រកាន់លោក Rubiales ពីបទរំលោភបំពានផ្លូវភេទ និងការបង្ខិតបង្ខំ។
 
«រាល់កិច្ចការដែលជាប់ពាក់ព័ន្ធទៅនឹងការសង្ស័យ ក្រោមការគ្រង់គ្រងរបស់អតីតប្រធានសហព័ន្ធលោក Luis Rubiales នឹងត្រូវបានត្រួតពិនិត្យឡើងវិញ។ RFEF ចង់បង្ហាញពីការផ្តាច់ទំនាក់ទំនងរួចរាល់ពីអាកប្បកិរិយាមិនសមរម្យ ដែលស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានសហព័ន្ធ រួមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ស្ថិតក្នុងបញ្ហា។ […]»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ RFEF៕

Tag:
 Luis Rubiales
  Jenni Hermoso
© រក្សាសិទ្ធិដោយ thmeythmey.com