ជាតិ
សង្គមជាតិ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន
30, Mar 2024 , 4:39 pm        
រូបភាព
 រូបតំណាងពីក្រសួងពាណិជ្ជកម្ម
រូបតំណាងពីក្រសួងពាណិជ្ជកម្ម
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច នៅថ្ងៃទី២ ខែមេសា ក្រោមមូលបទ បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន (Unleashing ASEAN's Potential: Connectivity,Technology and Inclusive Growth)។

 
បើតាមសេចក្ដីជូនព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៩ មីនា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ មានគោលដៅជំរុញសក្តានុពលអាស៊ាន ពិសេសកំណើនសេដ្ឋកិច្ច ថាមពល និងបច្ចេកវិទ្យា ដែលកម្ពុជាគឺជាចំណុចស្នូល។ 
 
តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពលកកើតឡើងវិញរបស់អាស៊ាន (ASEAN energy grid connectivity and ASEAN renewable energy and sustainability),កម្ពុជាគឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia - Gateway to ASEAN) និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន (Leveraging Technology for Inclusive Growth) គឺជាប្រធានបទសំខាន់ ដែលត្រូវយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ។
 
កិច្ចប្រជុំនេះ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមកិច្ចសហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតតំណាងស្ថាប័នពាក់ព័ន្ធនានា ក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជា និងអាស៊ាន រួមទាំងអ្នកជំនាញពីគ្រប់វិស័យផងដែរ។ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមជាអធិបតីនៃកិច្ចប្រជុំកំពូលធុរកិច្ចនេះ។ នេះបើតាមសេចក្ដីជូនព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា៕
 
 

Tag:
 កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com