ជាតិ
ទេសភាពអង្គរអស្ចារ្យ ផ្សំឡើងដោយប្រាសាទ ទឹក ព្រៃឈើ សត្វ…
30, Mar 2024 , 5:09 pm        
រូបភាព
សៀមរាប៖ លោកសាស្ត្រាចារ្យបេតិកភណ្ឌ អាហ្សេឌីន បេសាអ៊ូច (Azedine Beschaouche) ដែលបានធ្វើការក្នុងនាមជាអ្នកជំនាញបេតិកភណ្ឌជូនអាជ្ញាធរជាតិអប្សរាអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ បានកោតសរសើរបុព្វបុរសខ្មែរដែលបានសាងសង់ប្រាសាទជាច្រើនរយពាន់ទុកជាទ្រព្យមរតកឲ្យកូនខ្មែរជំនាន់ក្រោយ ជាពិសេស ប្រាង្គប្រាសាទនានានៅតំបន់អង្គរ។

 
បើយោងតាមលោក អាហ្សេឌីន បេសាអ៊ូច, នៅរមណីយដ្ឋានអង្គរ វាមិនមែនមានតែប្រាសាទដែលជាថ្មប៉ុណ្ណោះទេ។ តែវាមានព្រៃឈើ និងជីវចម្រុះដទៃច្រើនទៀត។ ប្រសិនបើគេនិយាយពីដើមឈើទៀតសោត វាមិនមែនជាដើមឈើធម្មតាឡើយ។ បើផ្អែកលើអត្ថបទសំណេរខ្លះ គេថា ដើមឈើនៅតំបន់អង្គរ គឺជាដើមឈើប្រវត្តិសាស្រ្ត និងស័ក្តិសិទ្ធិដែលគេគោរព។ ដើមឈើទាំងនេះមិនមែនគ្រាន់តែលម្អបង្កើតសោភ័ណភាពប៉ុណ្ណោះទេ តែដើមឈើនៅតំបន់អង្គរ គឺជាផ្នែកមួយនៃបេតិកភណ្ឌថែមទៀតផង។ 


 
ក្រៅពីព្រៃឈើ គឺទឹក។ អ្នកជំនាញបេតិកភណ្ឌលោក អាហ្សេឌីន បេសាអ៊ូច បញ្ជាក់ថា៖«អង្គរ គ្មានទឹក គឺមិនមែនអង្គរទេ»។ ទេសភាពអង្គរ គឺជាទេសភាពដែលផ្សំឡើងដោយវត្តមានទឹកបារាយណ៍។ បារាយណ៍ខាងកើត ខាងលិច ខាងជើង…។ 
 
លោកសាស្ត្រាចារ្យ អាហ្សេឌីន បេសាអ៊ូច អះអាងថា ការងាររបស់លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាទាក់ទងទៅនឹងការថែទាំ ការជួសជុលបារាយណ៍ទាំងនោះ គឺជាការងារអស្ចារ្យណាស់។ កាលពីដើមឡើយ ទីក្រុងអង្គរ ត្រូវបានគេហៅថា ជាទីក្រុងទឹក(ទីក្រុងធារាសាស្រ្ត)។ ប្រាសាទទាំងឡាយសំខាន់ហើយ តែទឹក(ប្រព័ន្ធទឹក)នៅតំបន់អង្គរ គឺរឹតតែសំខាន់ទៅទៀត។


 
អ្នកជំនាញបេតិកភណ្ឌអន្តរជាតិរូបនេះបន្តបញ្ជាក់ដដែលជាដដែលទៀតថា តំបន់រមណីយដ្ឋានអង្គរមានលក្ខណៈពិសេសចម្រុះល្អណាស់។  មានទាំងប្រាសាទ ទឹក និងព្រៃព្រឹក្សា។ ហើយនៅក្នុងថ្មប្រាសាទទៀតសោត ក៏មានលក្ខណៈពិសេសបន្ថែមទៅទៀត នោះ គឺប្រភេទថ្មសាងសង់ប្រាសាទ។ ថ្មទាំងនោះ មានដូចជា ថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ លោកអាហ្សេឌីន បេសាអ៊ូច បញ្ជាក់បន្ថែមទៀតថា សូម្បីតែក្នុងសំណង់ថ្ម ក៏មានលក្ខណៈពិសេស និងចម្រុះដែរ។ 
 
តាមរយៈស្នាដៃប្រាសាទនៅតំបន់អង្គរ អ្នកជំនាញបេតិកភណ្ឌអន្តរជាតិរូបនេះ ទាញសេចក្តីសន្និដ្ឋានថា អ្នកសង់ប្រាសាទកាលពីអតីតកាល គឺសុទ្ធសឹងជាអ្នកជំនាញកម្រិតអន្តរជាតិ។ សូមអញ្ជើញស្តាប់បទសម្ភាសខ្លីរវាងលោក គី សុខលីម អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក អាហ្សេឌីន បេសាអ៊ូច ដូចតទៅ៖
 






© រក្សាសិទ្ធិដោយ thmeythmey.com