ជាតិ
ប្រភេទសត្វ ដែលគេសង្ស័យគ្មាននៅលើពិភពលោក ត្រូវបានរកឃើញនៅកម្ពុជា
30, Mar 2024 , 10:29 pm        
រូបភាព
រូបពីក្រសួងបរិស្ថាន
រូបពីក្រសួងបរិស្ថាន
ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញប្រភេទឧរង្គសត្វ និងថលជលិកសត្វមួយចំនួននៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្នុងនោះ មានប្រភេទខ្លះ ត្រូវបានគេសង្ស័យជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មីសម្រាប់កម្ពុជា និងពិភពលោក។



យ៉ាងណា ក្រោយបញ្ចប់ការសិក្សា និងប្រមូលទិន្នន័យ អ្នកជំនាញនឹងបញ្ជាក់ព័ត៌មានបន្ថែម ជុំវិញរបកគំហើញថ្មីនេះ ដោយផ្អែកលើការវិភាគធនធានពន្ធុរបស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ។ ទិន្នន័យជីវៈចម្រុះថ្មី បានពីការសិក្សានេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់ សម្រាប់គាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការរៀបចំផែនការគ្រប់គ្រង និងអភិរក្សតំបន់ភ្នំថ្មកំបោរ នាពេលអនាគត។  
 
បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ការអភិរក្សជីវចម្រុះ ដើរតួនាទីយ៉ាងសំខាន់ សម្រាប់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ពិធីសារពាក់ព័ន្ធនានា និងកិច្ចព្រមព្រៀងទ្វេភាគី។ ដូច្នេះ ក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យមានការសិក្សា និងរុករកថ្មីៗលើធនធានជីវៈចម្រុះបន្ថែមទៀត។ 


 
គួរបញ្ជាក់ថា កម្ពុជាមានសត្វព្រៃប្រមាណ ២០៨៥ ប្រភេទ ក្នុងនោះ ថនិកសត្វ១៤៧ បក្សី៥៤៣ ល្មូន១៤៥ ថលជលិក៥៩ ត្រី១០៩៣ និងសត្វល្អិត៩៨ ។ ទន្ទឹមនេះ កម្ពុជាក៏ចាត់ទុកជាប្រទេសដែលមានវត្តមានប្រភេទសត្វកម្រ និងកំពុងគំរាមកំហែងច្រើនដូចជា ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស និងចាបតេត ដំរីអាស៊ី និងខ្ទីងជាដើម៕ 











Tag:
 ក្រសួងបរិស្ថាន
  ឧរង្គសត្វ
  ថលជលិកសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com