លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី៣ ខែមេសា ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ (Life FC) ចាប់ពីរដូវកាលក្រោយ ២០២៤-២៥ តទៅ។ ជ្រើសរើសលោកប្រាក់ សុវណ្ណារ៉ា ដោយសារក្រុមជើងឯកលីគ២ មានចក្ខុវិស័យចំបងលើការអភិវឌ្ឍក្រុម និងកីឡាករ។
«ក្នុងគោលដៅអភិវឌ្ឍក្លិបក្នុងខេត្តព្រះសីហនុមួយនេះ ឱ្យមានការរីកចម្រើនទៅមុខ ខ្ញុំសង្ឃឹមថា ទាំងថ្នាក់ដឹកនាំក្លិប មន្ត្រី បុគ្គលិក និងកីឡាករឡាយហ្វ រួមទាំងខ្ញុំ នឹងសហការរួមគ្នា ដើម្បីសម្រេចចក្ខុវិស័យរបស់ក្លិបក្នុងរយៈពេលដ៏ខ្លី»។ នេះជាការអះអាងរបស់លោក ប្រាក់ សុវណ្ណារ៉ា នៅចំពោះមុនអ្នកការសែត និងអគ្គលេខាធិការក្លិបឡាយហ្វ លោក Peter Koo ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាក្នុងតំណែងអ្នកចាត់ការ។
លោក Peter Koo អគ្គលេខាធិការសញ្ជាតិកូរ៉េខាងត្បូង អះអាងថាការសម្រេចជ្រើសរើសលោក ប្រាក់ សុវណ្ណារ៉ា ជាអ្នកចាត់ការទូទៅ និងជាគ្រូបង្គោល ដោយសារអតីតអ្នកចាត់ការក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ មានបទពិសោធដឹកនាំច្រើន និងចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់នៅកម្ពុជា។
សម្រាប់តួនាទីជាអ្នកចាត់ការទូទៅឡាយហ្វ អតីតគ្រូជម្រើសជាតិកម្ពុជារូបនេះ ត្រូវទទួលខុសត្រូវខ្ពស់លើផ្នែកបច្ចេកទេស ទាំងការរៀបចំដាក់ផែនការ និងដឹកនាំបង្វឹកកីឡាករដោយផ្ទាល់ និងជាពិសេសការភិវឌ្ឍន៍កីឡាករតែម្តង។
លោក សុវណ្ណារ៉ា ដែលធ្លាប់ដឹកនាំបឹងកេតឈ្នះលីគកំពូលកម្ពុជា ឆ្នាំ២០១៦ ចាត់ទុកការផ្តល់តួនាទីជាអ្នកចាត់ការ Life FC ជាមោទកភាពមួយ ប៉ុន្តែលោកពន្យល់ថាការដឹកនាំក្លិបមួយឱ្យរីកចម្រើនបានមិនងាយស្រួលនោះទេ បើមិនមានការសហការពីសមាជិកក្លិប មន្ត្រី និងកីឡាករទាំងអស់។
ដើម្បីសម្រេចចក្ខុវិស័យរបស់ក្លិបដែលទើបឈ្នះជើងឯកលីគលំដាប់ទី២កម្ពុជា Cambodia League 2 រដូវកាលនេះ និងត្រៀមឡើងទៅប្រជែងពាននៅលីគកំពូលរដូវកាលក្រោយ អ្នកចាត់ការដែលបញ្ចប់ថ្នាក់គ្រូបង្វឹក Pro-License រំពឹងថា ទាំងថ្នាក់ដឹកនាំក្លិប មន្ត្រី បុគ្គលិក និងកីឡាករឡាយហ្វ រួមទាំងខ្លួនផ្ទាល់ នឹងសហការរួមគ្នាបានល្អ។
មុនឈានដល់ចុះកិច្ចសន្យានេះ លោក ប្រាក់ សុវណ្ណារ៉ា បានពិភាក្សា និងយល់ច្រើនពីចក្ខុវិស័យរបស់ក្លិបក្នុងការកសាងក្រុម និងការអភិវឌ្ឍយុវជនជាដើម ហើយតាមរយៈទស្សនវិស័យរបស់ក្លិប អ្នកចាត់ការសញ្ជាតិកម្ពុជារូបនេះជឿជាក់ថាក្រុមនឹងឆាប់វិវត្តន៍ទៅមុខលឿន។
ឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មានជុំវិញការរៀបចំ និងសមត្ថភាពក្រុមដើម្បីប្រជែងនៅលីគកំពូល អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះបញ្ជាក់ថា៖«ឡាយហ្វ នៅមានភាពក្មេងខ្ចីនៅឡើយ បើធៀបនឹងក្រុមនៅលីគកំពូលដែលសុទ្ធតែមានបទពិសាធន៍ច្រើន។ ទោះឈ្នះជើងឯ តែក្រុមនៅមានគម្លាតតិចតួចនឹងក្រុមនៅលីគ២ ពេលនេះក្រុមនៅមានចំនុចខ្វះខាតច្រើនសម្រាប់ការប្រជែងនៅលីគកំពូល»៕