សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឡាវដាក់ថ្លៃលក់អគ្គិសនីទៅវៀតណាមលើ ៦,៩៥សេនក្នុងមួយគីឡូវ៉ាត់ម៉ោង
09, Apr 2024 , 7:39 pm        
រូបភាព
កម្មករជុសជុលប្រព័ន្ធត្រង់ស្វរនៅវៀតណាម។ រូបភាព ៖ EVN
កម្មករជុសជុលប្រព័ន្ធត្រង់ស្វរនៅវៀតណាម។ រូបភាព ៖ EVN
ឡាវចង់ឱ្យវៀតណាមឆាប់បញ្ចប់ការអនុម័តតម្លៃសម្រាប់ការទិញអគ្គិសនីពីប្រទេសខ្លួន ក្រោយឆ្នាំ២០២៥  ជាមួយនឹងតម្លៃមិនទាបជាង ៦,៩៥សេនក្នុងមួយគីឡូវ៉ាត់ម៉ោង។ នេះបើតាមសារព័ត៌មាន VnExpress។

 
សំណើជំរុញឱ្យបញ្ចប់ការអនុម័តតម្លៃអគ្គិសនី ត្រូវបានលើកឡើងដោយនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផានដន ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក ង្វៀន ហុង សៀន នៅថ្ងៃទី៨ ខែមេសា។
 
តាមផែនការអនុវត្ត Power Plan VIII វៀតណាមគ្រោងទិញថាមពលអគ្គិសនីប្រហែល ៥០០០មេហ្កាវ៉ាត់ពីឡាវនៅឆ្នាំ២០២៥ និងបង្កើនដល់ ៨០០០មេហ្កាវ៉ាត់នៅឆ្នាំ ២០៣០។ 
 
បច្ចុប្បន្នតម្លៃអគ្គិសនីដែលទិញពីឡាវរហូតដល់ឆ្នាំ២០២៥ មានតម្លៃ ៦,៩៥សេនក្នុងមួយគីឡូវ៉ាត់ម៉ោង ប៉ុន្តែតម្លៃក្រោយឆ្នាំ ២០២៥ មិនទាន់បានសម្រេចនៅឡើយ។ ដូច្នេះហើយ នាយករដ្ឋមន្ត្រីឡាវបានស្នើឱ្យវៀតណាមឆាប់ដាក់ចេញនូវតារាងតម្លៃសម្រាប់ការទិញអគ្គិសនីពីប្រទេសនេះក្រោយឆ្នាំ២០២៥ ជាមួយនឹងកម្រិតថ្លៃមិនទាបជាង៦,៩៥សេនក្នុងមួយគីឡូវ៉ាត់ម៉ោង។
 
នេះជាតម្លៃទាបបំផុតដែលត្រូវបានអនុវត្តដោយរោងចក្រវារីអគ្គិសនីឡាវនៅពេលលក់អគ្គិសនីទៅវៀតណាម ដោយផ្អែកតាមក្របខ័ណ្ឌតម្លៃសម្រាប់រោងចក្រដែលដំណើរការមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលអនុម័តដោយរដ្ឋាភិបាលទាំងពីរចាប់ពីឆ្នាំ ២០២០​។
 
បច្ចុប្បន្ន ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថាមពល (PPA) ចំនួន១៩ ជាមួយអ្នកវិនិយោគ ដើម្បីទិញអគ្គិសនីពីរោងចក្រវារីអគ្គិសនីចំនួន២៦ នៅឡាវដែលមានថាមពលសរុប ២៦៨៩មេហ្កាវ៉ាត់។ 
 
ដោយសារតម្រូវការអគ្គិសនីនឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣០ លោក ង្វៀន ហុង សៀន បានបញ្ជាក់ថា ក្រសួងឧស្សាហកម្មវៀតណាម និងក្រសួងថាមពលឡាវនឹងស្នើទៅរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីអនុញ្ញាតឱ្យបង្កើនសមត្ថភាពនាំចូលអគ្គិសនីទៅកាន់វៀតណាមបន្ថែមទៀតដល់ ៥០០០មេហ្កាវ៉ាត់នៅឆ្នាំ ២០២៥។ កម្រិតនេះខ្ពស់ជាងកិច្ចព្រមព្រៀងបច្ចុប្បន្ន ២០០០មេហ្កាវ៉ាត់ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។
 
ក្រៅពីឡាវ វៀតណាមក៏ទិញអគ្គិសនីពីចិនតាមខ្សែ ១១០គីឡូវ៉ុល។ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ បរិមាណអគ្គិសនីដែលនាំចូលពីឡាវ និងចិនមានប្រហែល ១,១៥ពាន់លានគីឡូវ៉ាត់ម៉ោងដែលស្មើនឹង ១,៧ភាគរយនៃផលិតកម្ម និងនាំចូលអគ្គិសនីសរុប៕ 

Tag:
 វៀតណាម
  ឡាវ
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com