កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ៨ក្រុម៖ Arsenal ទទួល Bayern ឯ ក្រុមការពារជើងឯក Man City ជួប Real Madrid
09, Apr 2024 , 5:29 pm        
រូបភាព
Arsenal នឹងបើកទ្វារកីឡដ្ឋាន Emirate ទទួលភ្ញៀវ Bayern Munich ក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅរាត្រីថ្ងៃទី៩ ខែមេសា វេលាម៉ោង ២ អាធ្រាត្រ ស្របពេលម្ចាស់ការពារតំណែងជើងឯក Manchester City ទៅជួប Real Madrid ដល់អេស្ប៉ាញ នៅម៉ោងតំណាលគ្នា។



អ្នកចាត់ការទូទៅ Arsenal លោក Mekel Arteta បង្ហាញការជឿជាក់លើកូនក្រុមខ្លួន ក្នុងជំនួបទល់នឹង Bayern Munich ប៉ុន្តែឱ្យប្រយ័ត្នចំពោះខ្សែប្រយុទ្ធឆ្នើម Harry Kane។ តាមរយៈទម្រង់លេងដ៏រឹងមាំរបស់ក្រុមតាំងពីរដូវកាលមុន កាំភ្លើងធំនឹងកែប្រែងកំណត់ត្រា ដែលធ្លាក់ក្រោមថ្វីជើងក្រុមយក្សអាល្លឺម៉ង់នៅវគ្គខ្វែងក្របខណ្ឌកំពូលអឺរ៉ុប២លើកចុងក្រោយ។
 
ជួបគ្នាលើកចុងក្រោយ នៅវគ្គ១៦ក្រុម នារដូវកាល ២០១៦-១៧ Arsenal ចាញ់ Bayern Munich ទាំងពីរជើង ក្នុងលទ្ធផល ៥-១ ដូចគ្នា សរុប ១០-២។ «ជិត ១០ឆ្នាំក្រោយ ក្រុមទាំងពីរប៉ះគ្នាម្តងទៀត ហើយ Arsenal នឹងប្តូរកំណត់ត្រាថ្មី។ នេះជាការអះអាងរបស់ Arteta ទៅកាន់អ្នកព័ត៌មានក្នុងសន្និសីទមុនការប្រកួត។
 
យ៉ាងណាក៏ដោយ អ្នកចាត់ការវ័យ ៤២ឆ្នាំ ប្រាប់កូនក្រុមធ្វើយ៉ាងណា ប្រយ័ត្នចំពោះខ្សែប្រយុទ្ធឆ្នើម Kane ដែលទើបផ្លាស់ពី Spurs ទៅ Bayern Munich ដើមរដូវកាល។ ទោះក្រុមយក្សអាល្លឺម៉ង់ ធ្លាក់ទម្រង់លេងបន្តិចមែន ប៉ុន្តែគុណភាពរកគ្រាប់បាល់របស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសនៅតែបង្កគ្រោះថ្នាក់ដដែល។
 
ដោយឡែក ជំនួបរវាងក្រុម្ចាស់ការពារជើងឯក Man City ទល់នឹង Real Madrid ជាការប៉ះគ្នា២លើកជាប់ក្នុងនៅវគ្គ៨ក្រុម ដោយរដូវកាលមុនក្រុមមេឃខៀវ ជាអ្នកទម្លាក់ក្រុមអធិរាជស ក្នងលទ្ធផលទាំងពីរជើង ៥-១។
 
មុនជួបគ្នាជើងទី១ នៅ Santiago Bernabeu រាត្រីថ្ងៃទី៩ ខែមេសា លោក Pep Guardiola អ្នកចាត់ការទូទៅ Man City មិនរំពឹងថានឹងទទួលជ័យជម្នះលើគូប្រជែងចាស់ Real Madrid ដូចរដូវកាលមុនឡើយ។
 
លោក Guardiola បានប្រាប់អ្នកយកព័ត៌មានថា៖ «វាពិបាកណាស់ ពីព្រោះការផ្តួលក្រុម Real Madrid ពីរដងតាមរបៀបដូចគ្នាគឺមិនអាចទៅរួចទេ ... ដោយសារតែពួកគេបានសិក្សាពីក្រុមយើង ហើយណាមួយពួកគេជាក្រុមចាស់វស្សានៅ Champions League»។
 
ទាំង Man City និង Real Madrid សុទ្ធសឹងជាក្រុមខ្លាំង និងរឹងមាំដូចគ្នា ជាពិសេសគុណភាពកីឡាករក្មេងៗ។ ស្របពេលមេឃខៀវមានខ្សែប្រយុទ្ធឆ្នើម និងគ្រោះថ្នាក់ដូចជា Erling Haaland និង Phil Foden ជាដើម ក្រុមអធិរាជស ក៏មាន Jude Bellingham, Vinícius Júnior និង Rodrygo ផងដែរ៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com