អន្តរជាតិ
នយោបាយអន្តរជាតិ
អង្គការ IAEA បារម្ភអ៊ីស្រាអែលវាយប្រហារមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi ។ រូបភាព ៖ AFP
× ប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបារម្ភថា ទីក្រុងថែល អាវីវ អាចវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយឆ្មក់របស់ក្រុងតេហេរ៉ង់។
ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយកាលពីថ្ងៃទី ១៥ ខែមេសាថា អ៊ីរ៉ង់បានបិទរោងចក្រនុយក្លេអ៊ែររបស់ខ្លួននៅថ្ងៃទី ១៤ ខែមេសា ដោយសារការបារម្ភពីសុវត្ថិភាព ហើយបានបើកដំណើរការឡើងវិញនៅថ្ងៃបន្ទាប់។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានស្នើឱ្យប្រធាន IAEA ដែលកំពុងបំពេញភារកិច្ចត្រួតពិនិត្យមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ កុំទៅទីតាំងទាំងនេះរហូតដល់ស្ថានភាពស្ងប់ស្ងាត់ទាំងស្រុង។
លោក Rafael Grossi និយាយថា ៖« យើងនឹងបន្តការងាររបស់យើងនៅថ្ងៃបន្ទាប់។ នេះមិនប៉ះពាល់ដល់សកម្មភាពអធិការកិច្ចរបស់យើងទេ» ។ នេះបើតាមសារព័ត៌មាន Reuters។
នៅពេលត្រូវបានសួរអំពីលទ្ធភាពដែលអ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោក Grossi សង្គត់ធ្ងន់ថា ៖« យើងតែងតែព្រួយបារម្ភអំពីលទ្ធភាពនេះ ហើយបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាទីបំផុត» ។
IAEA ត្រួតពិនិត្យជាប្រចាំនូវទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ ដូចជារោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងទីក្រុង Natanz ជាដើម។ អ៊ីរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺមានគោលបំណងសម្រាប់រក្សាសន្តិភាព ខណៈលោកខាងលិចចោទប្រកាន់ទីក្រុងតេហេរ៉ង់ពីការព្យាយាមបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។
ភាពតានតឹងរវាងអ៊ីរ៉ង់ និង អ៊ីស្រាអែល បានកើនឡើង បន្ទាប់ពីស្ថានកុងស៊ុលអ៊ីរ៉ង់នៅស៊ីរីត្រូវបានវាយប្រហារកាលពីថ្ងៃទី១ ខែមេសា ដោយបានសម្លាប់មនុស្ស ១៣នាក់ក្នុងនោះមានសមាជិក៧នាក់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ។ អ៊ីរ៉ង់បានចោទអ៊ីស្រាអែលថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។
ជាការឆ្លើយតប IRGC នៅយប់ថ្ងៃទី១៣ ខែមេសា និងព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា បានបាញ់បង្ហោះដ្រូន និងបាញ់មីស៊ីលជាង៣០០គ្រាប់ តម្រង់គោលដៅជាច្រើនក្នុងប្រទេសអ៊ីស្រាអែល។ ការវាយប្រហារនេះ បានបង្កការខូចខាតតិចតួចចំពោះអ៊ីស្រាអែល ដោយសារតែប្រព័ន្ធការពារ Iron Dome ដែលផ្តល់ឲ្យអាម៉េរិក អង់គ្លេស បារាំង និងហ្ស៊កដានី បានស្ទាក់ចាប់បាន ៩៩ភាគរយនៃគ្រាប់មីស៊ីលដែលបាញ់ដោយអ៊ីរ៉ង់។
នេះជាការវាយប្រហារលើកដំបូងរបស់អ៊ីរ៉ង់ ដែលសំដៅលើទឹកដីអ៊ីស្រាអែលដោយផ្ទាល់បន្ទាប់ពីមានភាពតានតឹងជាច្រើនឆ្នាំ។ រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងឆ្លើយតបនឹងការវាយប្រហារនេះ ប៉ុន្តែនៅមិនទាន់សម្រេចចិត្តលើពេលវេលានិងវិធីសាស្ត្រនៃការអនុវត្តនៅឡើយទេ៕
Tag:
អ៊ីស្រាអែល
អ៊ីរ៉ង់
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com