កីឡាជាតិ
ជាតិ
Darkside សម្រេចក្តីស្រមៃ ក្លាយជាកីឡាករអាជីព នៃកីឡាអេឡិចត្រូនិក ត្រឹមវ័យ ១៦ឆ្នាំ
17, Apr 2024 , 11:20 am        
រូបភាព
កីឡាករ ឈុន ខេមរិន្ទ ឬមានរហស្សនាមថា Darkside នៅក្នុងការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិក Mobile Legend Bang Bang Cambodia (MPL) រដូវកាលទី៦ បានដើរតាមក្តីស្រម៉ៃរបស់ខ្លួន ក្លាយជាកីឡាករអាជីព លេងឱ្យក្រុម Duck Rice Esports នៅត្រឹមវ័យ ១៦ឆ្នាំ។ Darkside ប្រើពេលលេងជាង ១ឆ្នាំ លើប្រភេទវិញ្ញាសាកីឡាលើទូរស័ព្ទដៃ Mobile Legends ខណៈរូបកំពុងសិក្សាថ្នាកវិទ្យាល័យ។ រូបគេទទួលបានប្រាក់ចំណូលពីក្រុម សម្រាប់ផ្គត់ផ្គង់លើការរៀនសូត្រ ​និងជួយបន្ធូរការចំណាយ ពីសំណាក់ក្រុមគ្រួសារទៀតផង។



Darkside ជារហស្សនាម របស់ ឈុន ខេមរិន្ទ ដែលជាកីឡាករមួយរូប មានតួនាទីប្រើប្រាស់លើតួអង្គផ្នែក Jungler ប្រចាំក្នុងក្រុម Duck Rice Esports ដែលទើបបង្ហាញវត្តមាន ក្នុងការប្រកួតប្រជែងពានរង្វាន់ MPL KH រដូវកាលទី៦ បន្ទាប់ពីក្រុមមួយនេះ បានឈ្នះកៅអីពីការប្រកួតជម្រុះពាន MPL KH Challenge Cup រួចមក។ ចូលរួមហ្វឹកហាត់ជាមួយ Duck Rice Esports បានត្រឹមតែមួយខែ Darkside បានក្លាយជាកីឡាករលេង នៅក្នុងការប្រកួត MPL KH Challenge Cup។

ចាប់ផ្តើមឈានចូលការប្រកួតក្នុងពានរង្វាន់ MPL KH ដែលជាលីគអាជីពផ្លូវការ Darkside បន្តបង្ហាញសមត្ថភាពដ៏ខ្លាំងនៅក្នុងក្រុម ដោយបានជួយក្រុមឈ្នះការប្រកួត ២លើកជាប់គ្នា និងបានផ្តួលក្រុមខ្លាំងដូចជា PRO Esports ដោយលទ្ធផល ២-០ ក៏ដូចជា Flash KH​ លទ្ធផល ២-១ ដោយបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍លើរូបគេយ៉ាងខ្លាំង ជាមួយនឹងក្រុម Duck Rice Esports។

មានវ័យត្រឹមតែ ១៦ឆ្នាំ នឹងប្រើប្រាស់ពេលត្រឹមតែ ១ឆ្នាំ ដើម្បីសម្រេចក្តីស្រម៉ៃចង់ក្លាយជាកីឡាករអាជីព លើប្រភេទកីឡាអេឡិចត្រូនិកនេះ Darkside បាននិយាយប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីៗតាមរយៈកិច្ចសម្ភាសថា រូបគេ នឹងបន្តពង្រឹងសមត្ថភាព ឱ្យក្លាយជាកីឡាករល្បីមួយរូប ដូចកីឡាករដទៃទៀត។

«នៅពេលខ្ញុំមើលឃើញគេប្រកួតប្រជែងបែបអាជីព ពេលដែលខ្ញុំនៅលេងក្នុងនាមជាក្មេងប្រុសធម្មតាម្នាក់ ខ្ញុំពិតជាចង់ចូលរួមប្រកួត។ រឿងនេះហើយបានជំរុញធ្វើឱ្យខ្ញុំព្យាយាមលេងរហូតអាចក្លាយជាកីឡាករអាជីព។ ពីមុនខ្ញុំក៏មិននឹកស្មានឡើយថា ខ្ញុំអាចប្រែក្លាយជាកីឡាករម្នាក់មកប្រកួតកម្រិតអាជីពបែបនេះនោះទេ។»។ Darkside បានបកស្រាយបែបនេះ។

មានក្តីស្រមៃកាន់តែខ្ពស់ កីឡាករ ឈុន ខេមរិន្ទ ឬ Darkside ក៏មានបំណងចង់ក្លាយជាកីឡាករខ្លាំងមួយរូប ដូចជាកីឡាករ Kairi “Kairi” Rayosdelsol កីឡាករតួនាទី Jungler ដ៏ល្បីល្បាញប្រចាំក្រុម ONIC Esports និងប្រចាំវិស័យកីឡាអេឡិចត្រូនិក MLBB Esports ដោយផ្ទាល់តែម្តង។

ពង្រឹងសមត្ថភាពលើកីឡាអេឡិចត្រូនិក តែមិនភ្លេចការសិក្សា

ឈុន ខេមរិន្ទ ជាកូនកសិករ រស់នៅក្នុងខេត្តកំពង់ចាម ដោយចូលចិត្តលេងហ្គេមបែបប្រយុទ្ធ ប្រើប្រាស់យុទ្ធសាស្ត្រ និងការគិតល្អិតល្អន់ ដូចជា Mobile Legends នាពេលទំនេរប្រចាំថ្ងៃ។ ចាប់ផ្តើមលេង Mobile Legends ដំបូងអំឡុងពេលសិក្សាថ្នាក់ទី១០ និងរស់នៅជាមួយក្រុមគ្រួសារនៅឡើយ កាលនោះ ​​Darkside មិនសូវជាមានពេលលេងហ្គេម តាមចំណូលចិត្តបានយូនោះឡើយ ដោយក្រុមគ្រួសារតម្រូវឱ្យយកពេលវេលាផ្ដោតលើការសិក្សាច្រើនជាង។ ឪពុកម្តាយ របស់ Darkside ដែលមានជីវភាពមធ្យម អាចផ្គត់ផ្គង់រស់នៅប្រចាំថ្ងៃ និងសម្ភារៈសិក្សារបស់កូនៗក្នុងបន្ទុក។

ចំពោះការចាប់ផ្តើមលេងហ្គេមដំបូងនេះ ខេមរិន្ទ បានអះអាងថា គឺលេងបែបធម្មតាតែប៉ុណ្ណោះ គ្មានបំណងថា នឹងចង់ក្លាយជាកីឡាករអាជីពអ្វីឡើយ។ «ដំបូងឡើយ​ ខ្ញុំគ្រាន់តែលេងបែបធម្មតា ជាក្មេងម្នាក់លេងអូសកម្រិតថ្នាក់ (Rank Boy) ហើយកាលនៅស្រុកកំណត់ខ្ញុំប្រើពេលលេងតិចជាងរៀន។ ឪពុកម្តាយគាត់តែងតែស្តីបន្ទោសនៅពេលដែលគាត់ឃើញខ្ញុំលេងហ្គេមច្រើនពេក»។ Darkside បានលើកឡើងដូច្នេះ​ ។

ក្រោយប្រើពេលលេងបានជិត ១ឆ្នាំ ដោយគ្មានក្រុមច្បាស់លាស់ ហើយមើលឃើញពីសមត្ថភាពដ៏ខ្លាំងរបស់ខ្លួន ស្របពេលសម្លឹងឃើញការប្រកួតប្រជែងបែបអាជីពថែមទៀត វាបានជំរុញទឹកចិត្តដល់ Darkside ឱ្យស្វែងរកក្រុម តាមរយៈបណ្តាញសង្គមហ្វេសបុក។ Duck Rice Esports ជាក្រុមដំបូងដែលកីឡាករ ខេមរិន្ទ បានចូលរួមហ្វឹកហាត់និងបានប្រកួតប្រជែង។

​ក្រុម Duck Rice Esports បានបង្ហោះស្វែងរកសមាជិកសម្រាប់ត្រៀមខ្លួនប្រកួតប្រជែងក្នុងពានរង្វាន់ MPL KH Challenge Cup ។ សារបង្ហោះលើហ្វេសប៊ុកនេះ បានទាក់ទាញអារម្មណ៍កីឡាករ ខេមរិន្ទ ឱ្យទំនាក់ទំនងសុំចូលរួម ហ្វឹកហាត់ជាមួយក្រុម រហូតក្លាយជាកីឡាករប្រកួតក្នុងពានរង្វាន់ MPL KH រដូវកាលទី៦។ ការហ្វឹកហាត់នេះ តម្រូវឱ្យ Darkside ត្រូវរស់នៅឆ្ងាយពីផ្ទះ ក៏ដូចជាត្រូវបន្តការសិក្សាដំណាលគ្នាផងដែរ។

មុនពេលចាកចេញពីផ្ទះ ក្រុមគ្រួសារហាក់មិនចង់អនុញ្ញាតឱ្យ Darkside មករស់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីអាចលេងកីឡាអេឡិចត្រូនិកនេះឡើយ ដ្បិតកូនប្រុសកំពុងស្ថិតក្រោមបន្ទុកគ្រួសារ។ ប៉ុន្តែដោយសារមានការសម្របសម្រួលពីសំណាក់អ្នកគ្រប់គ្រងក្រុម Duck Rice Esports ក៏ដូចជាគ្រូបង្វឹកក្រុម លោក ហ៊ួយ រ៉ាវីន ​ជាមួយឪពុកម្ដាយ ឈុន ខេមរិន្ទ ទើបមានការយល់ព្រមឱ្យ Darkside មករស់នៅជាមួយក្រុមនៅភ្នំពេញ ដើម្បីហ្វឹកហាត់ និងបន្តការសិក្សា ។ បច្ចុប្បន្នរូបគេកំពុងសិក្សាកម្រិតថ្នាក់ទី១១ ដោយក្រុម Duck Rice Esports ជាអ្នកទទួលបន្ទុករាប់រងការចំណាយលើការសិក្សា។ ​

ជាមួយការប្រឹងប្រែងហ្វឹកហាត់ និងការសិក្សាផផង ពេលនេះ Darkside កីឡាករអាជីពម្នាក់ ដែលមានសក្តានុពល ក្នុងការប្រកួតប្រជែងក្នុងពានរង្វាន់ MPL KH រដូវកាលទី៦ ។ រូបគេក៏បានបង្ហាញសមត្ថភាពដ៏ភ្ញាក់ផ្អើល ជាមួយសមាជិកក្រុម Duck Rice Esports តាមរយៈការប្រកួតឈ្នះផ្ទួនគ្នាកន្លងមកនេះ។

ការឈានជើងមកដល់ការប្រកួតកម្រិតបែបអាជីពនេះ គឺពិតជាមិនងាយស្រួលឡើយ សម្រាប់ Darkside។ នៅពេលសួរពីគោលបំណងទៅថ្ងៃអនាគតជាមួយក្រុម Duck Rice Esports នេះ Darkside បានឆ្លើយតបថា ខ្លួនចង់បន្តជួយក្រុម Duck Rice Esports ឱ្យជោគជ័យ ក្នុងលីគអាជីពបន្តទៀត។ «ខ្ញុំចង់បន្តលេងនៅកម្រិតខ្ពស់លីគអាជីព MPL KH នេះបន្តទៀតណាស់​ ជាមួយនឹងក្រុម Duck Rice ថែមទៀតគឺ ខ្ញុំនឹងបន្តស្នាក់នៅបន្ថែមទៀត។»។ នេះជាចម្លើយរបស់កីឡាករ Darkside។

ក្រៅពីផ្តោតលើការហ្វឹកហាត់ និងការសិក្សា កីឡាករ Darkside មិនទាន់បញ្ជាក់ប្រាប់ពីគោលដៅពិតប្រាកដនៅឡើយ សម្រាប់អនាគតថា រូបគេនឹងធ្វើការងារអ្វីផ្សេងក្រៅពីអាជីព ស្ថិតក្នុងកីឡាអេឡិចត្រូនិកនេះ៕



Tag:
 ឈុន ខេមរិន្ទ
  Darkside
© រក្សាសិទ្ធិដោយ thmeythmey.com