ជាតិ
សេដ្ឋកិច្ច
ប្រាក់រៀល ត្រូវបានដាក់ឱ្យជួញដូរនៅបរិវេណព្រលានយន្តហោះប្រទេសជប៉ុន
17, Apr 2024 , 12:11 pm        
រូបភាព
កម្ពុជា និងជប៉ុន អាចប្តូររូបិយប័ណ្ណក្នុងស្រុក ទៅជាប្រាក់រៀលខ្មែរបាន នៅអាកាសយាន្តដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីពេលនេះទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា  នាថ្ងៃទី១៦មេសា ឆ្នាំ២០២៤។



ការប្តូររូបិយប័ណ្ណក្នុងស្រុកទៅជាប្រាក់រៀលខ្មែរនៅព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុននេះ  ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex។

ការប្តូរប្រាក់រៀលនៅព្រលានយន្តហោះអន្តរជាតិ Haneda ជាលើកដំបូងរបស់ប្រទេសជប៉ុន ធ្វើឱ្យទេសចរជប៉ុន ទៅដើរលេងកម្សាន្តនៅកម្ពុជា កាន់តែមានភាពងាយស្រួលក្នុងការប្តូរជាប្រាក់រៀល ជាពិសេសជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុនផងដែរ។



បន្ថែមពីនេះការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅទីក្រុងតូក្យូ ជាការបង្កើនភាពទំនុកចិត្តទៅដល់ការប្រើប្រាស់ប្រាក់រៀល និងផ្តល់លទ្ធភាពឱ្យធនាគារជាតិអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល។ លើសពីនេះ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានស្ថិរភាព និងដើម្បីកៀគរទុនបម្រុងឱ្យកាន់តែមានច្រើនឡើងៗ។

សូមជម្រាបថា ការប្តូរប្រាក់រៀលនេះជាលើកទីពីរហើយ ដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅព្រលានយន្តហោះអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៦តុលាឆ្នាំ២០២៣៕


Tag:
 ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com