ជាតិ
ព្រៃឈើ ចិញ្ចឹមអ្នកស្រុកអង្គរ
17, Apr 2024 , 1:30 pm        
រូបភាព
សៀមរាប៖ ប្រជាជន រស់នៅតំបន់អង្គរភាគច្រើនពឹងផ្អែកលើផ្លែឈើព្រៃ។ ពួកគាត់ តែងតែចូលព្រៃ ដើម្បីបេះផ្លែគុយ ផ្លែសេមាន់ ផ្លែត្របែក និងផ្លែឈើផ្សេងៗទៀត ដើម្បីលក់នៅក្នុងរមណីយដ្ឋានអង្គរ។ អ្នកស្រុកអង្គរ អាស្រ័យផលផ្លែឈើព្រៃនេះ បន្តជំនាន់មកហើយ។






លោក ប្រុក ហ៊ន់ អ្នកស្រុកអង្គរ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ថា អ្នកភូមិរបស់លោកពឹងផ្អែកលើរបរបេះផ្លែឈើលក់ទាំងអស់គ្នា។ នារដូវផ្លែឈើព្រៃសម្បូរ អ្នកស្រុកអង្គរ ចូលព្រៃជ្រៅៗដើម្បីបេះផ្លែឈើ គ្រប់ៗគ្នា។ ផ្លែឈើព្រៃ ជាប្រភពចំណូលដ៏សំខាន់របស់អ្នកស្រុកអង្គរ។

«ព្រៃឈើ គឺជាលុយ។ ពួកខ្ញុំ ចូលព្រៃបេះផ្លែឈើលក់ តែមិនមែនកាប់ព្រៃឈើ លក់ទេ។ ខ្ញុំ ដើរបេះផ្លែឈើលក់តាំងពីអាយុ ១៧ឆ្នាំមកម្លេះ។» លោក ប្រុក ហ៊ន់ បញ្ជាក់ដូច្នេះ។



អ្នកស្រុកអង្គរ ក៏បារម្ភបាត់បង់ប្រភពលុយដ៏សំខាន់របស់ពួកគាត់ដែរ។ ការបាត់បង់នេះ សំដៅលើការលួចកាប់ឈើខុសច្បាប់ក្នុងតំបន់អង្គរ។ អាជ្ញាធរជាតិអប្សរា តែងតែការពារ និងប្រឹងប្រែងយាមល្បាត ដើម្បីការពារការលួចកាប់ឈើខុសច្បាប់។ ប៉ុន្តែក្នុងរយៈពេលយូរៗម្ដង ជនខិលខួច តែងតែលួចកាប់ឈើខុសច្បាប់ក្នុងតំបន់អង្គរ។
 
លោក ហ៊ន់ ស្នើសុំឱ្យប្រជាជនជួយការពារព្រៃឈើក្នុងតំបន់អង្គរ និងទប់ស្កាត់សកម្មភាពលួចកាប់ព្រៃខុសច្បាប់នេះ ព្រោះព្រៃឈើ ជាឆ្នាំងបាយរបស់ប្រជាជនក្នុងតំបន់អង្គរភាគច្រើន៕

Tag:
 ​ព្រៃឈើ
  អ្នកស្រុកអង្គរ
  ប្រជាជនអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com