ជាតិ
អតីតយុទ្ធជន និង មន្ត្រីរាជការស៊ីវិល ត្រូវបានដំឡើងប្រាក់របបសន្តិសុខ​សង្គម
18, Apr 2024 , 11:20 am        
រូបភាព
ដោយ​៖ ញ៉ សុខហឿន 

ភ្នំពេញ៖ សម្ដេចនាយកមន្ត្រី ហ៊ុន​ ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពីការធ្វើសមាហរណកម្ម និងការដំឡើងរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤។ 
តាមរយៈអនុក្រឹត្យនេះ របបសន្តិសុខសង្គមរបស់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨២៥​ ០០០ រៀល ត្រូវដំឡើងឱ្យដល់ ៨២៥​ ០០០ រៀល។​​ 
 
ចំណែកឯអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍មុនឆ្នាំ២០១៥ ត្រូវបានធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី ដោយប្រើប្រាស់មូលដ្ឋាននៃការគណនារបបសន្តិសុខសង្គមប្រចាំខែ ផ្អែកលើប្រព័ន្ធបៀវត្ស ដែលត្រូវបានកែសម្រួល ក្រោយឆ្នាំ២០១៥ ជាគោល។​​ 
 
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ទៀតថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានធ្វើសមាហរណកម្មក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មីហើយ និងអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍ចន្លោះ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ត្រូវបានផ្តល់របបសន្តិសុខសង្គមប្រចាំខែ ផ្អែកលើមូលដ្ឋាននៃការគណនាតាមតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន ដែលមានជាធរមាននៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។
 
បន្ថែមពីលើនេះ សាមីខ្លួននឹងត្រូវផ្តល់របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្ន ក្នុងករណីរបបសន្តិសុខសង្គមប្រចាំខែដែលមានកំណត់ ក្នុងវាក្យខណ្ឌខាងលើ មានកម្រិតទាបជាងរបបសន្តិសុខសង្គមប្រចាំខែ ដែលសាមីខ្លួនកំពុងទទួលបាន។ បើតាមអនុក្រឹត្យដដែល របបរបបសន្តិសុខសង្គមរបស់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជននេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ មេសា ២០២៤ទៅ។
 
សូមជម្រាបជូនថា បច្ចុប្បន្ន សហគ្រាស និងកម្មករដែលបានចុះបញ្ជិកាជាមួយបេឡាជាតិសន្តិសុខសង្គម មានចំនួនសរុប​ ២១,៤៣០ សហគ្រាស និងមានសមាជិកប្រើប្រាស់សរុប ៣,​១២០,២០៨ នាក់​ ក្នុងនោះ សមាជិកជាស្ត្រីមានចំនួន ១,៧៩៨,៥១០ នាក់។ នេះបើតាមបេឡាជាតិសន្តិសុខសង្គម៕ 

© រក្សាសិទ្ធិដោយ thmeythmey.com