អន្តរជាតិ
ហ្វីលីពីន ប្រឈមសីតុណ្ហភាពក្តៅខ្លាំងដល់ ៤៥អង្សា
18, Apr 2024 , 4:29 pm        
រូបភាព
រូបភាព Bloomberg
រូបភាព Bloomberg
តំបន់ចំនួន ១៨នៅហ្វីលីពីន កំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំងពី៤២អង្សា ទៅ៤៥អង្សា នៅថ្ងៃទី១៨ ខែមេសា។ នេះបើតាមការព្យាករណ៍របស់ទីភ្នាក់ងារបរិយាកាស, ផែនដី និងតារាសាស្រ្តរបស់ហ្វីលីពីន។ ក្នុងកម្រិតដ៏ខ្ពស់នេះ ហ្វីលីពីន បានដាក់ក្នុងកម្រិតគ្រោះថ្នាក់ និងព្រមានប្រជាជនពីហានិភ័យ ដែលបង្កដោយអាកាសធាតុក្តៅខ្លាំង។



មួយរយៈចុងក្រោយ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងរលកកម្តៅ ដោយសីតុណ្ណភាពបានហក់ឡើងទៅកម្រិតដ៏ខ្ពស់។ ដូចបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ ហ្វីលីពីន កំពុងមានអាកាសធាតុក្តៅខ្លាំង។ ទីភ្នាក់ងារអាកាសធាតុប្រទេសអាស៊ីគ្នេយ៍មួយនេះ បានប៉ាន់ប្រមាណថា សីតុណ្ណភាពនៅក្នុងតំបន់ចំនួន ១៨នៅហ្វីលីពីន អាចមានសីតុណ្ណភាពចាប់ពី៤២អង្សា ដល់ ៤៥អង្សា នៅថ្ងៃទី១៨ ខែមេសា។ 
 
ក្នុងចំណោមតំបន់ទាំងនោះ វាមានដូចជាក្រុង Aborlan, ក្រុងDagupan, ក្រុង Puerto Princesa, ក្រុង Catarman, ក្រុង Tuguegarao, ក្រុងIloilo និងក្រុងDumangas។
 
កម្រិតចន្លោះពី៤២អង្សា ទៅ៥១អង្សា ត្រូវបានហ្វីលីពីនចាត់ទៅក្នុងកម្រិតគ្រោះថ្នាក់ ខណៈសីតុណ្ណភាពលើសពីនេះ ស្ថិតនៅក្នុងកម្រិតក្តៅខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន Inquirer។
 
ដើម្បីបង្ការផលប៉ះពាល់ និងហានិភ័យចំពោះសុខភាពប្រជាជន អាជ្ញាធរហ្វីលីពីន បានអំពាវនាវឱ្យប្រជាជនកាត់បន្ថយសកម្មភាពនៅខាងក្រៅ, កាត់បន្ថយការបរិភោគកាហ្វេ តែ និងភេសជ្ជប្រភេទសូដា, បរិភោគទឹកឱ្យបានច្រើន រួមទាំងពាក់មួក ឬខោអាវវែងៗ។ 
 
ក្នុងសីតុណ្ណភាពដ៏ក្តៅ អាជ្ញាធរអាកាសធាតុខាងលើ បានព្រមានប្រជាជនពីហានិភ័យដូចជា អស់កម្លាំង, បញ្ចេញញើសច្រើន, ខ្យល់ចាប់ និងសន្លាប់ជាដើម។ នៅក្នុងថ្ងៃទី១៧ ខែមេសា តំបន់ចំនួន១៧ នៅហ្វីលីពីន មានសីតុណ្ណភាពចន្លោះពី ៤២អង្សា ដល់៤៤អង្សារួចទៅហើយ។ 
 
កន្លងមក ហ្វីលីពីន បានចាត់វិធានការបិទសាលារៀនប្រមាណ ៤ពាន់កន្លែង ដើម្បីបង្ការសិស្ស មិនឱ្យរងផលប៉ះពាល់ពីរលកកម្តៅ ដែលមានរហូតដល់ ៤២អង្សា៕

Tag:
 ហ្វីលីពីន
  រលកកម្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com