ជាតិ
សង្គមជាតិ
រដ្ឋ បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងទិន្នន័យ លើមន្ត្រីដែលបានបណ្ដេញចេញ
18, Apr 2024 , 4:59 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី ទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន ម៉ាណែត
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី ទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន ម៉ាណែត
ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យ អតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ។ លោក ម៉ៅ ច័ន្ទ តារា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃជាប្រធាន និងអនុប្រធាន រួមទាំងសមាជិកចំនួន ១៩រូប ក្នុងគណៈកម្មការអន្តរក្រសួង។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាថ្ងៃទី១១មេសា។

 
គណៈកម្មការនេះ មានភារកិច្ច ពិនិត្យ រៀបចំ ចងក្រងឯកសារគតិយុត្ត និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រី រាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធាពលខេមរភូមិន្ទ ដែលត្រូវបានបណ្ដេញចេញពីក្រខ័ណ្ឌ ក្នុងគោលបំណងធានាការអនុវត្តឱ្យបានត្រឹមត្រូវ និងការពារទិន្នន័យឯកជនភាពរបស់បុគ្គល។ 
 
នៅក្នុងគណៈកម្មការអន្តរក្រសួងនេះ ក៏មានអនុគណៈកម្មការចំនួន២ទៀត គឺអនុគណៈកម្មការច្បាប់ និងអនុគណៈកម្មការបច្ចេកទេស។  អនុគណៈកម្មការច្បាប់ គឺមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងអនុប្រធាន រួមទាំងសមាជិក១១រូប។ 
 
អនុគណៈកម្មការច្បាប់នេះ មានភារិកច្ច សិក្សា ស្រាវជ្រាវ រៀបចំក្របខ័ណ្ឌច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ដើម្បីកំណត់លក្ខខ័ណ្ឌក្នុងការទទួលបាននីតិសម្បទាឡើងវិញ ចំពោះអតីតមន្រ្តីរាជការស៊ីវិល នគរបាល និងកងយោធពលខេមរភូមិន្ទ ដែលបានបណ្ដេញចេញ។ 
 
អនុគណៈកម្មការបច្ចេកទេសវិញ មានលោក ប៉ោ ភក្ដី រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃជាប្រធាន និងអនុប្រធាន រួមទាំងសមាជិកចំនួន១១នាក់។ អនុគណៈកម្មការបច្ចេកទេស នឹងរៀបចំបង្កើតប្រព័ន្ធមួយ ជាស្ដង់ដា និងកំណត់គោលការណ៍លើការងារផ្ទៀងផ្ទាត់ទិន្នន័យ ការពារប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និង កងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ រួមទាំងប្រព័ន្ធទប់ស្កាត់ ការលួចចូលបំផ្លាញទិន្នន័យ ឬការធ្វើឱ្យបែកធ្លាយនូវទិន្នន័យឯកជនភាពរបស់បុគ្គល។ ជាមួយគ្នាដែរ អនុគណៈកម្មការនេះ នឹងធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃដំណើរការកសាង និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ ទិន្នន័យអតីត មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ទៅប្រធានគណៈកម្មការអន្តរក្រសួងផងដែរ៕

Tag:
 អតីតមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com