អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិកវេតូប៉ាឡេស្ទីនមិនឱ្យក្លាយជាសមាជិកអង្គការសហប្រជាជាតិ
19, Apr 2024 , 5:39 pm        
រូបភាព
ឯកអគ្គរដ្ឋទូតរងអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បោះឆ្នោតវេតូសមាជិកភាពប៉ាឡេស្ទីននៅ UN ។ រូបភាព ៖ AFP
ឯកអគ្គរដ្ឋទូតរងអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បោះឆ្នោតវេតូសមាជិកភាពប៉ាឡេស្ទីននៅ UN ។ រូបភាព ៖ AFP
អាម៉េរិក នៅថ្ងៃទី១៨ ខែមេសា បានវេតូលើសេចក្តីព្រាងសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលត្រួសត្រាយផ្លូវប៉ាឡេស្ទីនឱ្យក្លាយជាសមាជិកអង្គការអន្តរជាតិមួយនេះ។

 
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន១២រដ្ឋ ក្នុងចំណោម ១៥ រដ្ឋ បានគាំទ្រសេចក្តីព្រាងសេចក្តីសម្រេច ដែលស្នើដោយអាល់ហ្សេរី។ អង់គ្លេស និង​ស៊្វីស​បានបោះឆ្នោតអនុប្បវាទ ខណៈ​អាម៉េរិក​បាន​ជំទាស់។ សេចក្តីព្រាងសេចក្តីសម្រេចនេះ ជាការត្រួសត្រាយផ្លូវឱ្យប៉ាឡេស្ទីនក្លាយជាសមាជិកអង្គការសហប្រជាជាតិ។ 
 
«អាម៉េរិកបន្តគាំទ្រយ៉ាងខ្លាំងចំពោះដំណោះស្រាយរដ្ឋទាំងពីរ។ ទីក្រុងវ៉ាស៊ីនតោននៅតែប្រកាន់ទស្សនៈថា អង្គការសហប្រជាជាតិ មិនមែនជាកន្លែងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននោះទេ។ ការទទួលស្គាល់ត្រូវតែកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពជាមួយអុីស្រាអែល»។ អគ្គរដ្ឋទូតរងអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី១៨ ខែមេសា។ 
 
ការប្រើសិទ្ធិវេតូរបស់អាម៉េរិក បានធ្វើឱ្យរដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក Israel Katz បានស្វាគមន៍យ៉ាងខ្លាំង ប៉ុន្តែរងការរិះគន់ពីសំណាក់ប៉ាឡេស្ទីន។ ចំណែក ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានបង្ហាញការខកចិត្តចំពោះ  សមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១២ប្រទេស ដែលគាំទ្រសេចក្តីព្រាងដំណោះស្រាយប៉ាឡេស្ទីនជាសមាជិកផ្លូវការរបស់UN។ 
 
បើតាមទូតអុីស្រាអែលរូបនេះ ទោះប៉ាឡេស្ទីន មិនគ្រប់លក្ខខណ្ឌក្លាយជាសមាជិកអង្គការសហប្រជាជាតិក៏ដោយ ប្រទេសទាំង ១២នៅតែគាំទ្រប៉ាឡេស្ទីនដែលជាភេរវករឱ្យក្លាយជារដ្ឋ។ 
 
ចំណែកអាជ្ញាធរប៉ាឡេស្ទីន មិននៅស្ងៀមឡើយ ក្រោយអាម៉េរិកប្រើសិទ្ធិវេតូ ហើយប្តេជ្ញាធ្វើឱ្យប៉ាឡេស្ទីនក្លាយជារដ្ឋនៅថ្ងៃណាមួយ។ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានរិះគន់ទង្វើរបស់អាម៉េរិកថា អយុត្តិធម៌ អសីលធម៌ និងមិនសមរម្យ។
 
ស្របគ្នានេះ  អ្នកអង្កេតការអចិន្រ្តៃយ៍ប៉ាឡេស្ទីនប្រចាំនៅអង្គការសហប្រជាជាតិ លោក Riyad Mansour បានប្រកាសថា ៖« សេចក្តីសម្រេចដែលមិនត្រូវបានអនុម័ត នឹងមិនធ្វើឱ្យការប្តេជ្ញាចិត្តរបស់យើងចុះខ្សោយនោះទេ។ យើងនឹងបន្តការខិតខំប្រឹងប្រែងរបស់យើង»។
 
ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិលោក Fu Cong បានហៅថ្ងៃនេះថា «ជាថ្ងៃដ៏សោកសៅ» ហើយហៅការបោះឆ្នោតវេតូអាម៉េរិកថា «ខកបំណងបំផុត»។
 
ការបរាជ័យរបស់ប៉ាឡេស្ទីន ក្នុងការក្លាយជារដ្ឋពេញលេញនៅពេលនេះ គឺជាលើកទីពីរហើយ។ ប៉ាឡេស្ទីន ដាក់ពាក្យស្នើសុំក្លាយជាសមាជិកអង្គការសហប្រជាជាតិដំបូងនៅក្នុងឆ្នាំ២០១១។ កាលនោះ ប៉ាឡេស្ទីន បានបរាជ័យក្នុងការក្លាយជារដ្ឋ ដោយសារមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់។ ប៉ុន្តែសំណើនោះ ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិមួយឆ្នាំក្រោយមក ដោយបានផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ប៉ាឡេស្ទីន។
 
ដើម្បី​ទទួល​ស្គាល់​ថា​ជា​សមាជិក​ពេញ​សិទ្ធិ ប៉ាឡេស្ទីន​ត្រូវ​តែទទួលបានការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខជាមុនសិន ហើយដាច់ខាតមាន​គាំទ្រពីសមាជិក​អចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិចំនួន ៥រួមមាន អាម៉េរិក ​រុស្ស៊ី បារាំង អង់គ្លេស និង​ចិន។
 
ដើម្បីទទួលបានការអនុម័ត សេចក្តីសម្រេចត្រូវតែទទួលបានសំឡេងគាំទ្រយ៉ាងតិច ៩សំឡេង និងមិនត្រូវបានវ៉េតូដោយសមាជិកអចិន្ត្រៃយ៍ណាមួយទេ។ ប្រសិនបើអាចឆ្លងកាត់ការបោះឆ្នោតពីក្រុមប្រឹក្សាសន្តិសុខនោះ ប៉ាឡេស្ទីននឹងត្រូវការការគាំទ្រពី២ភាគ៣នៃសមាជិកនៃមហាសន្និបាតអង្គការសហប្រជាជាតិទើបអាចក្លាយជាសមាជិកផ្លូវការ៕
 

Tag:
 UN
  ប៉ាឡេស្ទីន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com