សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងត្បូងទទួលសំណើសាលាពេទ្យបន្ថយកូតាសិស្សចុះឈ្មោះចូលរៀន៥០ភាគរយ
19, Apr 2024 , 8:59 pm        
រូបភាព
បុគ្គិលិកមន្ទីរពេទ្យកុមារនៅទីក្រុងសេអ៊ូលចេញមកខាងក្រៅ ។ រូបភាព ៖ AFP
បុគ្គិលិកមន្ទីរពេទ្យកុមារនៅទីក្រុងសេអ៊ូលចេញមកខាងក្រៅ ។ រូបភាព ៖ AFP
សាកលវិទ្យាល័យចំនួន៦ នៅក្រៅរដ្ឋធានីសេអ៊ូលបានស្នើឱ្យកាត់បន្ថយកូតាចុះឈ្មោះចូលរៀនផ្នែកពេទ្យចំនួន ៥០ភាគរយនៅឆ្នាំក្រោយ ដោយព្រួយបារម្ភអំពីការមិនធានាគុណភាពនៃការបណ្តុះបណ្តាល។ សំណើនេះត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងទទួលយក។

 
សាកលវិទ្យាល័យទាំងនេះរួមមានសកលវិទ្យាល័យជាតិ Gangwon, Kyungpook, Kyungsang, Chungnam, Chungbuk និង Jeju ។ សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បរិបទ​ជម្លោះ​រវាង​រដ្ឋាភិបាល ​និង​វេជ្ជកម្មសិក្សា ​មិន​ទាន់ត្រូវ​បាន​ដោះស្រាយ។
 
តាមការចុះផ្សាយរបស់ព័ត៌មាន The Korea Times នៅថ្ងៃទី១៩​ ខែមេសា សំណើនេះត្រូវបាននាយករដ្ឋមន្ត្រី Han Duck-soo ទទួលយក។ 
 
លោក Han Duck -soo បានប្រកាសថា ៖«  រដ្ឋាភិបាលបានសម្រេចទទួលយកសំណើរបស់នាយកសាកលវិទ្យាល័យជាតិ ដើម្បីការពារសិទ្ធិជូននិស្សិតពេទ្យ  និងធ្វើឱ្យមានការអប់រំធម្មតាក្នុងមហាវិទ្យាល័យពេទ្យនិងផ្តល់ជំហរសម្រាប់ដោះស្រាយជម្លោះជាមួយសហគមន៍វេជ្ជសាស្ត្រ» ។ 
 
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងរូបនេះបន្ថែមថា  ក្រៅពីសាកលវិទ្យាល័យទាំង៦ មហាវិទ្យាល័យផ្សេងទៀតដែលត្រូវបានបែងចែកចំនួនសិស្សចុះឈ្មោះចូលរៀននៅសាលាពេទ្យថ្មីសម្រាប់ឆ្នាំសិក្សា ២០២៥ ក៏នឹងត្រូវបានអនុញ្ញាតឱ្យកាត់បន្ថយការចូលរៀនរហូតដល់ពាក់កណ្តាលដែរ។
 
ចំនួននៃការចុះឈ្មោះសិស្សពេទ្យនៅឆ្នាំក្រោយ អាចធ្លាក់ចុះមកត្រឹម ១០០០នាក់ ពោលគឺពាក់កណ្តាលនៃផែនការដែលគ្រោងជ្រើសចំនួន ២០០០នាក់។
 
កន្លងមក​ កាលពីថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Cho Kyoo-hong បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់លោកចំពោះកំណែទម្រង់វិស័យសុខាភិបាលឥតឈប់ឈរ។ លោកថា នេះជាវិធានការចាំបាច់មួយដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ពង្រឹងសេវាវេជ្ជសាស្រ្តសំខាន់ៗ និងត្រៀមលក្ខណៈសម្រាប់អនាគតនៃប្រជាជនវ័យចំណាស់នាពេលអនាគត។
 
បន្ថែមពីលើការបង្កើនចំនួនចុះឈ្មោះចូលរៀន កូរ៉េខាងត្បូងក៏មានគម្រោងបង្កើនចំនួនជំនួយការគ្រូពេទ្យដើម្បីបំពេញសម្រាប់ការខ្វះខាត។ ជំនួយការគ្រូពេទ្យ ជាគិលានុបដ្ឋាយិកាដែលមានជំនាញខ្ពស់អាចជួយវេជ្ជបណ្ឌិតបានច្រើន ហើយក៏អាចចូលរួមក្នុងការបង្កើតផែនការព្យាបាល និងចេញវេជ្ជបញ្ជា។
 
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ វេជ្ជបណ្ឌិតកម្មសិក្សាក្នុងស្រុកជាង ៩ពាន់នាក់ដែលជាកម្លាំងស្នូលដែលថែទាំសុខភាព និងព្យាបាលអ្នកជំងឺធ្ងន់ធ្ងររបស់កូរ៉េខាងត្បូង បានចាកចេញពីមន្ទីរពេទ្យដើម្បីតវ៉ាចំពោះគោលនយោបាយបង្កើនកូតាចុះឈ្មោះចូលរៀននៅសាលាពេទ្យ។ ការណ៍នេះ​ធ្វើ​ឲ្យ​​កូរ៉េខាងត្បូង​ស្ថិត​នៅលើជ្រោះ​នៃ​វិបត្តិ​សុខភាព​ដ៏​ធំ។ វិបត្តិនេះបានរីករាលដាលដល់វិស័យបណ្តុះបណ្តាល ដោយសារតែនិស្សិតពេទ្យ និងគ្រូបង្រៀនសាលាពេទ្យជាច្រើនបានលាឈប់ពីការងារដើម្បីគាំទ្រការតវ៉ា។ ទន្ទឹមនោះ រដ្ឋាភិបាលបានចាប់ផ្តើមដកហូតអាជ្ញាប័ណ្ណអនុវត្តគ្រូពេទ្យជិត ៥០០០ នាក់ ខណៈពេលដែលកំពុងពិចារណាដាក់ទោសព្រហ្មទណ្ឌផង។
 
គ្រូពេទ្យកម្មសិក្សា បានតវ៉ាចំពោះកម្មវិធីកំណែទម្រង់ការបណ្តុះបណ្តាលវេជ្ជសាស្រ្តដែលបានស្នើឡើងរបស់រដ្ឋាភិបាល ដោយបង្កើនគោលដៅចុះឈ្មោះចូលរៀននៅសាលាពេទ្យចំនួន ២០០០ នាក់ ចាប់ពីឆ្នាំ ២០២៥។ ក្រុមបាតុករទាំងនោះនិយាយថា ផែនការបង្កើនចំនួនសិស្សសាលាពេទ្យនឹងប៉ះពាល់ដល់គុណភាពនៃសេវាវេជ្ជសាស្រ្ត ធ្វើឱ្យថ្លៃព្យាបាលអ្នកជំងឺកើនឡើង។ ជំនួសឱ្យការបង្កើនកូតាចុះឈ្មោះចូលរៀន រដ្ឋាភិបាលគួរតែដោះស្រាយប្រាក់ចំណូល និងលក្ខខណ្ឌការងាររបស់បុគ្គលិកពេទ្យបច្ចុប្បន្ន។
 
ចំណែករដ្ឋាភិបាលកូរ៉េខាងត្បូងវិញយល់ថា ការបង្កើនគោលដៅគឺចាំបាច់ដើម្បីទប់ទល់នឹងចំនួនប្រជាជនវ័យចំណាស់ និងពង្រឹងកម្លាំងវេជ្ជសាស្ត្រសម្រាប់វិស័យសំខាន់ៗដូចជា ពេទ្យកុមារ សង្គ្រោះបន្ទាន់ និងការវះកាត់។
 
នៅឆ្នាំ ២០៣៥ ប្រហែល ៣០ភាគរយនៃប្រជាជនកូរ៉េខាងត្បូងនឹងមានអាយុលើសពី ៦៥ឆ្នាំ។ យោង​តាម​ស្ថិតិ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សុខភាព​ជាតិកូរ៉េខាងត្បូង ​តម្រូវ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​មនុស្ស​ចាស់នឹងកើនឡើងដល់​១១​ដងបើធៀបមនុស្ស​អាយុ​ ៣០​ឆ្នាំ​ដល់ ​៤០​ឆ្នាំ។ ជាមួយអត្រា ​២០ភាគរយ​នៃ​ចំនួន​គ្រូពេទ្យ​សរុប​អាយុ​លើសពី​៧០​ឆ្នាំ​ កូរ៉ខាងត្បូងពិតជាពិបាកក្នុងការបញ្ចៀសស្ថានភាពខ្វះខាតកម្លាំងពេទ្យយ៉ាងធ្ងន់ធ្ងរ។ ទីភ្នាក់ងារស្រាវជ្រាវនេះព្យាករថា ប្រទេសនេះនឹងខ្វះខាតគ្រូពេទ្យយ៉ាងហោចណាស់ ១ម៉ឺននាក់នៅឆ្នាំ ២០៣៥៕

Tag:
 កូរ៉េខាងត្បូង
  ពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com