ជាតិ
បោះឆ្នោត
អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ មានជាង១.១ម៉ឺននាក់
19, Apr 2024 , 9:29 pm        
រូបភាព
ប្រជាពលរដ្ឋ ទៅបោះឆ្នោតនាពេលកន្លងមក។
ប្រជាពលរដ្ឋ ទៅបោះឆ្នោតនាពេលកន្លងមក។
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានអង្គបោះឆ្នោតសរុប១១ ៦២២នាក់ និងការិយាល័យបោះឆ្នោត ចំនួន២០៩ នៅទូទាំង២៥រាជធានី-ខេត្ត ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ។



ពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង លោក ហេង ស៊ីឡេង សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ នាថ្ងៃទី១៩មេសា បានឱ្យដឹងថា ក្រុមការងា គ.ជ.ប បានថតចម្លងបញ្ជីបោះឆ្នោតដំបូង ចំនួន៤ច្បាប់បន្ថែមទៀត ដើម្បីរៀបចំវេចខ្ចប់ និងបញ្ជូនទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បិទផ្សាយជាសាធារណៈ។ 
 
ការប្តឹងតវ៉ា ឬការប្តឹងជំទាស់ ពាក់ព័ន្ធនឹងបញ្ជីខាងលើ អាចធ្វើឡើងបាន ពេលពិនិត្យឃើញថា បាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយសារកត់ត្រាមិនច្បាស់លាស់ ឬមិនត្រឹមត្រូវ។ ការប្ដឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ជាជនដែលពុំមានសិទ្ធិបោះឆ្នោត ដោយមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងនៃក្របខណ្ឌ ក្រុង ស្រុក ខណ្ឌនីមួយៗ និងករណីអ្នកបោះឆ្នោត មានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។
 
រយៈពេលកំណត់នៃការដាក់ពាក្យបណ្តឹង គឺ៥ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ សូមជម្រាបថា ថ្ងៃចុងក្រោយនៃការទទួលពាក្យបណ្តឹង គឺនៅថ្ងៃទី២៥មេសា ឆ្នាំ២០២៤។ 
 
បន្ទាប់ពីបានទទួលពាក្យបណ្ដឹង គធ.ខប ត្រូវចាត់ចែង ដោះស្រាយលើពាក្យបណ្ដឹងនោះ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ។ ករណីអ្នកប្ដឹង ឬតំណាង មិនសុខចិត្ត នឹងសេចក្ដីសម្រេចរបស់ គធ.ខប សាមីខ្លួន ឬតំណាងអាចប្ដឹងបន្តទៅកាន់ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹងរបស់ គធ.ខប។ 
 
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានបក្ស៤ចូលរួមប្រកួតប្រជែង គឺបក្សប្រជាជនកម្ពុជា បក្សឆន្ទៈខ្មែរ បក្សកម្លាំងជាតិ និងបក្ស​ហ៊្វុនស៊ិនប៉ិច។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ឧសភា ឆ្នាំ២០២៤៕ 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com