ដោយ៖ឈាង បុប្ផា/ /RFI ខេមរភាសា
បន្ទាប់ពីនៅអល់អែកជាច្រើនខែបន្ទាប់ពីរដ្ឋប្រហារយោធានៅនីហ្ស រដ្ឋបាលលោកចូ បៃដិននៅទីបំផុតបានសម្រេចយល់ព្រមដកទ័ពចេញពីនីហ្សេ ទៅតាមការទាមទារចង់បានរបស់របបសឹក។ យោងតាមអ្នកទទួលខុសត្រូវអាម៉េរិកជាច្រើនរូបដែលសុំមិនបញ្ចេញឈ្មោះ និងស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំងAFP នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីនីហ្សេ លើកបន្តុបដោយរបបសឹក នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារទី១៦មេសា អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកKurt Campbell បានយល់ព្រមទទួលសំណើពីអាជ្ញាធរនីហ្សេ ដែលចង់ឲ្យអាម៉េរិកដកទ័ពចេញពីនីហ្សេ។
រារែកជាច្រើនខែ ចាប់តាំងពីពួកយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនីហ្សេ, អាម៉េរិក កាលពីថ្ងៃសុក្រទី ១៩មេសា បានយល់ព្រមដកទ័ពជាង១០០០នាក់របស់ខ្លួនចេញពីប្រទេសនីហ្សេ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFPដែលបានស្រង់សំដីរបស់អ្នកទទួលខុសត្រូវអាម៉េរិក សុំមិនបញ្ចេញឈ្មោះ អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Kurt Campbell បានយល់ព្រមទទួលសំណើរបស់នាយករដ្ឋមន្រ្តីនីហ្សេ ដែលធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៦មេសា សប្តាហ៍នេះ។
ទៅតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ គណៈប្រតិភូអាមេរិកមួយក្រុមត្រូវធ្វើដំណើរទៅទីក្រុងនីអាមេ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីរៀបចំការចាកចេញរបស់ទាហានអាមេរិកពីទឹកដីនីហ្សេ។ ក្រសួងការបរទេសអាមេរិកមិនបានបញ្ជាក់ដំណឹងចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង ហើយក៏មិនបានបញ្ជាក់ថ្ងៃខែពិតប្រាកដនៃការដកទ័ពអាមេរិកចេញពីនីហ្សេ។
ទំនាក់ទំនងអាម៉េរិក និងនីហ្សេចាប់ល្អក់កករ តាំងពីរដ្ឋប្រហាររបស់យោធាទម្លាក់រដ្ឋាភិបាលស៊ីវិល របស់លោកប្រធានាធិបតីបាហ្ស៊ូម។ ដំបូងឡើយ របបសឹកនីហ្សេបានទាមទារឲ្យទាហានបារាំងជាង១៥០០នាក់ចាកចេញពីនីហ្សេ ជាបន្ទាន់ ប៉ុន្តែ អនុញ្ញាតឱ្យអាមេរិកនៅបន្តឈរជើង នៅនីហ្សេ។
ទើបនៅពាក់កណ្តាលខែមីនា របបសឹកនីហ្សេបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយអាមេរិក មុននឹងបរិហារវត្តមានទ័ពអាមេរិកនៅនីហ្សេ ដែលរបបសឹកចោទថា ធ្វើឡើងដោយអត្តនោម័ត រំលោភរដ្ឋធម្មនុញ្ញ និងដែនអធិបតេយ្យភាពរបស់នីហ្សេ។ នៅមុនប្រកាសកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយអាមេរិក របបសឹកនីហ្សេបានងាកទៅចុះកិច្ចព្រមព្រៀងលើសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី។
ដំបូងឡើយ សហរដ្ឋអាមេរិកមិនទាន់សម្រេចអ្វី ដោយយល់ថា នីហ្សេមិនទាន់បង្ហាញជំហរច្បាស់លាស់ និងនៅរង់ចាំការបញ្ជាក់ផ្លូវការពីអាជ្ញាធរនីហ្សេ នោះបើទោះបីជាអ្នកទទួលខុសត្រូវយោធារបស់អាមេរិកត្រៀមខ្លួនជាច្រើនខែមកហើយ ដើម្បីដកទ័ពចេញពីនីហ្សេ។ ប៉ុន្តែ នៅមួយរយៈចុងក្រោយនេះ សុវត្ថិភាព សន្តិសុខរបស់កងទ័ពអាមេរិកជាង១០០០នាក់ដែលប្រចាំការនៅ មូលដ្ឋានទ័ពអាកាសអាមេរិក នៅនីហ្សេ ក្លាយជាកង្វល់ធំរបស់វ៉ាស៊ីនតោន ពោលគឺ បន្ទាប់ពីមានបាតុកម្មជាបន្តបន្ទាប់របស់ប្រជាជននីហ្សេ ប្រឆាំងនឹងវត្តមានទ័ពអាមេរិកនៅនីហ្សេ។ កាលពីថ្ងៃសៅរ៍ទី ១៣មេសា កន្លងទៅ ទៅតាមគំនិតផ្តួចផ្តើម និងអំពាវនាវរបស់សមាគមគាំទ្ររបបសឹក ប្រជាជននីហ្សេជាច្រើនរយនាក់ចុះថ្នល់ធ្វើបាតុកម្មនៅ មុខសភានីហ្សេ ដើម្បីទាមទារឲ្យគេបណ្តេញទាហានអាមេរិកចេញពីនីហ្សេ។
កាន់តែស្មុគស្មាញជាងនេះទៅទៀត អាមេរិកត្រូវប្រឈមនឹងរុស្ស៊ីដែលទើបបានបញ្ជូនសព្វាវុធ និងគ្រូបង្វឹកទៅប្រទេសនីហ្សេ កាលពី២សប្តាហ៍មុន។ បើតាមការប្រកាសរបស់រដ្ឋាភិបាលសឹកនីហ្សេ រុស្ស៊ីនឹងជួយកងទ័ពនីហ្សេដើម្បីដំឡើងប្រព័ន្ធខែលមីស៊ីលនៅក្នុងទឹកដីនីហ្សេ នៅក្នុងក្របខ័ណ្ឌនៃសហប្រតិបត្តិការយោធានីហ្សេរុស្ស៊ី។
ដោយដកទ័ពចេញពីនីហ្សេ អាមេរិក និងប្រទេសលោកខាងលិច ដូចជាបារាំងបាត់បង់ទីតាំងឈរជើងរបស់ខ្លួន នៅតាមបណ្តាប្រទេសអាហ្វ្រិកខាងលិច ដែលធ្លាក់ម្តងមួយៗ ទៅក្រោមឥទ្ធិពលរបស់រុស្ស៊ី និងចិន។ នៅក្នុងយុទ្ធនាការតាមកម្ចាត់ក្រុមភេរវនិយមអាល់កៃដា ដែលបានធ្វើភេរវកម្មបំផ្លាញអគារភ្លោះនៅទីក្រុងញូវយ៉កឆ្នាំ ២០០១ អាមេរិកបានចុះហត្ថលេខាជាមួយនីហ្សេ នៅឆ្នាំ២០១២ ដើម្បីបង្កើតតាំងមូលដ្ឋានទ័ពអាកាស ចំនួន២ នៅទឹកដីនីហ្សេ។
ចំណាយថវិកាសាងសង់ជាង១០០លានដុល្លារ មូលដ្ឋានទ័ពអាមេរិករបស់អាមេរិក បញ្ជូនដ្រូនទៅហោះស៊ើបការណ៍ និងវាយប្រហារក្រុមជីហាតអ៊ីស្លាម និងក្រុមអាល់កៃដា ដែលរីកដុះដាលនៅតំបន់សាហែល។ ដោយរបូតបាត់នីហ្សេ ឲ្យទៅធ្លាក់ក្នុងដៃរបស់រុស្ស៊ី និងចិនដែលជាអ្នកចាំកេងយកប្រយោជន៍ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពីបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច អាមេរិកត្រូវជួបការលំបាកក្នុងការរកប្រទេសថ្មីមួយដើម្បីតាំងមូលដ្ឋានទ័ពអាកាស បន្ទាប់ពីចាកចេញពីនីហ្សេ ព្រោះថា អាមេរិកនៅតែចង់បន្តឈរជើងនៅក្នុងតំបន់អាហ្វ្រិក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងក្រុមអង្គការរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដា។ នៅឆ្នាំមុននេះ មេបញ្ជាការកងទ័ពអាមេរិកចំពោះអឺរ៉ុបនិងអាហ្វ្រិក លោកJamees Hecker បាននិយាយថា អាមេរិកកំពុងពិចារណាលើទីតាំងមួយចំនួនសម្រាប់តាំងមូលដ្ឋានទ័ពដ្រូនរបស់ខ្លួននៅអាហ្វ្រិកខាងលិច។ បេណាំង ហ្កាហា និងប្រទេសកូតឌីវ័រជាប្រទេសមានទំនាក់ទំនងជាមួយអាមេរិក ប៉ុន្តែមិនទាន់បានទទួលការស្នើសុំពីអាមេរិកដើម្បីបង្កើតមូលដ្ឋានទ័ពអាកាសដាក់ដ្រូនអាមេរិក៕