ជាតិ
គម្រោងព្រែកជីកហ្វូណន បង្ហាញពីភាពរួបរួមគ្នា របស់ខ្មែរពីគ្រប់និន្នាការ
27, Apr 2024 , 8:59 pm        
រូបភាព
ភ្នំពេញ៖ គម្រោងព្រែជីកកហ្វូណនតេជោ ទទួលបានការគាំទ្រ កាន់តែផុសផុលពីបណ្ឌិត រហូតដល់មហាជនទូទៅ រួមទាំងអ្នកនយោបាយក្នុងបក្សប្រឆាំងផងដែរ។ ចលនាគាំទ្រនេះ កើនឡើងកាន់តែខ្លាំង ក្រោយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បង្ហាញជំហរក្នុងការជីកព្រែកនេះ និងមិនព្រមចរចាជាមួយភាគីវៀតណាម។



«ព្រែកជីហ្វូណនតេជោ៖ រំភើបនិងមោទនភាព»។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានសរសេរបែបនេះ ក្រោយឃើញសម្ទុះគាំទ្រ របស់ពលរដ្ឋខ្មែរគ្រាប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ បានគាំទ្រគ្រោមព្រែកជីកហ្វូណន ចាប់តាំងពីយប់ថ្ងៃទី២៦មេសា ក្រោយសម្ដេច ហ៊ុន សែនបានប្រកាសជំហរកសាងព្រែកជីកហ្វូណន។ 
  

 រូបទី១ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ រូបពី ហ្វេសប៊ុកលោក គិន ភា

បណ្ឌិត គិន ភា បាន កោតសរសើរសម្ដេច ហ៊ុន សែន ដែលមានចក្ខុវិស័យវែងឆ្ងាយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ មានភាពច្បាស់លាស់និងដាច់ណាត់ ក្នុងការបង្ហាញ ពីការសម្រេចចិត្តរបស់ភាគីកម្ពុជា។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរូបនេះ បានសង្កត់ធ្ងន់ថា៖ «ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ គ្រប់ស្រទាប់វណ្ណៈ ត្រូវតែស្រុះដៃគ្នាក្នុងចរន្តតែមួយជាមួយថ្នាក់ដឹកនាំយើង ជាមួយរាជរដ្ឋាភិបាលយើង ក្នុងការជំរុញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះ ឱ្យលេចចេញជារូបរាងឆាប់ៗ»។ ជាមួយគ្នាដែរ លោកបញ្ជាក់ថា គម្រោងនេះ គឺជាការសាកល្បងដ៏សំខាន់ ចំពោះភាពរឹងមាំនៃកម្លាំងឯកភាពជាតិ សាមគ្គីជាតិ និងភាពធន់។ 
 
ជាមួយគ្នាដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏ចូលរួមចលនាគាំទ្រលើគម្រោងព្រែកជីកហ្វូណនដែរ។ លោកបានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងខ្លីយ៉ាងដូច្នេះ ៖ «ខ្ញុំគាំទ្រ ការកសាង ព្រែកជីកហ្វូណន ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ។ ចុះអ្នកវិញ?» ។ យ៉ាងណាក៏ដោយ បណ្ឌិតរូបនេះ បានផ្ដល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានជាច្រើនរួមមកហើយ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន ដើម្បីពន្យល់និងបកស្រាយឱ្យមហាជនដឹងពីអត្ថប្រយោជន៍នៃគម្រោងនេះ។ 
 
ចលនាគាំទ្រនេះ មិនមែនតែក្រុមបណ្ឌិត អ្នកសេដ្ឋកិច្ច សហជីព និង អ្នកនយោបាយជាច្រើន បន្តប្រកាសការគាំទ្រជាបន្តបន្ទាប់។ ជាក់ស្ដែង លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) យល់ឃើញថា គម្រោងជីកព្រែក តភ្ជាប់ប្រព័ន្ធទឹកមួយនេះ ជាគម្រោងល្អ ហើយនឹងក្លាយជាប្រភពទឹកសំខាន់ សម្រាប់ពលរដ្ឋតាមមូលដ្ឋាន អាចធ្វើកសិកម្មបានផងដែរ។ លោកបន្តថា គម្រោងនេះ បម្រើផលប្រយោជន៍គ្រប់វិស័យ សម្រាប់ការដឹកជញ្ជូនទំនិញ។ 
 
មេសហជីពរូបនេះបានប្រាប់សារព័ត៌មានថ្មីៗបែបថា៖ «តាមទស្សនៈខ្ញុំ គាំទ្រឱ្យមានការជីកព្រែកនេះ ហើយធ្វើឱ្យបានលឿន»។ ប៉ុន្តែអ្វីដែលលោក ស្នើសុំរដ្ឋាភិបាលនោះ គឺកុំប្រើប្រាស់អំណាចបណ្ដេញពលរដ្ឋដែលរស់នៅទីតាំងអភិវឌ្ឍន៍ចេញ ហើយបើត្រូវឱ្យរុះរើចេញ ក៏ត្រូវផ្ដល់សំណងឱ្យបានសមរម្យ។ 
  

 រូបទី២៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)។

រីឯ លោក គង់ មូនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ គាំទ្រលើគម្រោងព្រែកជីកហ្វូណន ដែលជាគម្រោងអភិវឌ្ឍប្រទេសជាតិ។ យ៉ាងណាក៏ដោយ លោកស្នើឱ្យរដ្ឋាភិបាល បង្ហាញផែនការលម្អិតនៃគម្រោងនេះ ដើម្បីភាគីពាក់ព័ន្ធបានដឹងពីផលប្រយោជន៍ និងផលប៉ះពាល់នានា ដូចជាបញ្ហាបរិស្ថាន សំណងពលរដ្ឋ និងផលចំណេញជាដើម។ អ្នកនយោបាយរូបនេះ ក៏សង្ឈឹមថារដ្ឋាភិបាលសិក្សាបានច្បាស់លាស់លើគម្រោងចំណាយ ហើយជៀសវាងកម្ពុជា ធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិន។  
  

 រូបទី៣៖ លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា។

ជាមួយគ្នាដែរ គេឃើញមានបក្សខ្មែរសាធារណរដ្ឋ បក្សខ្មែរអភិវដ្ឍន៍សេដ្ឋកិច្ច បក្សចលនាប្រជាធិបតេយ្យ បក្សឯកភាពជាតិខ្មែរ បក្សពន្លឺថ្មី និងបក្សជាច្រើនទៀតបានចេញសេចក្ដីថ្លែងការណ៍ជាហូរហែ គាំទ្រលើគម្រោងព្រែកជីកហ្វូណន។ 
 
ហេតុនេះ ទើបលោក​បណ្ឌិត​ ប៉ា ច័ន្ទរឿន​ អ្នក​ជំនាញ​ផ្នែក​ទស្សនវិជ្ជា​ អប់រំ​ និង​ជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជាមើលឃើញ គម្រោងព្រែកជីកហ្វូណននេះ អាចជាកាតាលីករសម្រាប់ការផ្សះផ្សារនយោបាយនាពេលបច្ចុប្បន្ន។ សារលើសរសេរលើទំព័រហ្វេសប៊ុករបស់លោកហាក់ចង់បង្ហាញទៅអ្នកនយោបាយទាំងជិននិងឆ្ងាយឱ្យ គួរតែចេះចាប់ឱកាសដើម្បីពង្រឹងសាមគ្គីភាពនិងឯកភាពជាតិ ទុកជាប្រយោជន៍វែងឆ្ងាយរបស់ជាតិ។
 
«នៅក្នុងសង្គមប្រជាធិបតេយ្យសេរី គណបក្សប្រឆាំងមានតួនាទីសំខាន់​ដើម្បីធ្វើឱ្យ​មាន​ការត្រួតពិនិត្យនិងតុល្យភាពនៃអំណាច។ ប៉ុន្តែគេមិនមែនប្រឆាំងបែបអវិជ្ជមានឡើយ។ អ្នកនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យសេរីជឿនលឿនចេះ បែងចែករឿងត្រូវឈ្លោះ និងបញ្ហាត្រូវស្រុះស្រួលគ្នាដើម្បីប្រយោជន៍រួមរបស់ជាតិ»។ បណ្ឌិត ច័ន្ធរឿន បានលើកឡើងបែបននេះ។ 
  

 រូបទី៤៖ លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។ រូបពី ហ្វេសប៊ុកលោក ច័ន្ទរឿន

ទន្ទឹមនឹងនេះ លោកបណ្ឌិត ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ ក៏បានសរសេរលើបណ្ដាញសង្គមដែរថា ប្រជាជនកម្ពុជាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ និងសាទរចំពោះគម្រោងព្រែកជីកហ្វ៊ូណន ដែលជាផ្លូវដង្ហើមសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នាដែរ លោកកត់សម្គាល់ឃើញ ប្រជាជនកម្ពុជាកំពុងមិនសប្បាយចិត្តចំពោះប្រតិកម្មរបស់វៀតណាម ដែលរារាំងមិនឱ្យជីកព្រែក
  

 រូបទី៥៖ លោកបណ្ឌិត ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ។ រូបពី ហ្វេសប៊ុករបស់លោក សុផល
ចំណែក គណនីហ្វេសប៊ុកឈ្មោះ សាវី ដារ៉ា ដែលជាមហាជនទូទៅបាន បញ្ចេញមតិថា កម្ពុជាតូចតែមិនឱ្យនរណាមកជិះជាន់បិទដង្ហើមនោះទេ។ ពលរដ្ឋរូបនេះ បានសរសេរបែបនេះ៖ «ព្រែកជីកហ្វូណន ជាស្នាដៃកូនខ្មែរ សាងកេរ្តិ៍ដំណែងឱ្យមនុស្សជំនាន់ក្រោយ»។
 
សូមជម្រាបថា កាលពីយប់ថ្ងៃទី២៦មេសា សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យសាធារណជន ចូលរួមគាំទ្រផងដែរ៕ 
 

 

Tag:
 ព្រែកជីកហ្វូណនតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com