ជាតិ
NBC និង ERIA ចុះMoU ដើម្បីអភិវឌ្ឍន៍យុទ្ធសាស្ត្រសម្រាប់ហិរញ្ញប្បទាន​ឌីជីថល​បៃ​តង​នៅកម្ពុជា
27, Apr 2024 , 10:19 pm        
រូបភាព
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ី​បូព៌ា (ERIA) បានចុះហត្ថលេខា ​លើអនុស្សរណៈយោគយល់ ស្តីពី«កិច្ចសហប្រតិបត្តិការ ក្នុង​ការអភិវឌ្ឍយុទ្ធសាស្ត្រសម្រាប់ហិរញ្ញប្បទានឌីជីថលបៃតងនៅកម្ពុជា» កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

​MoU នេះត្រូវបានចុះហត្ថលេខាដោយ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ​នៃ​កម្ពុជា និងលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច​សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី២៦មេសា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ នឹង​ជួយកសាង​សមត្ថភាពរបស់ភាគីពាក់ព័ន្ធ តាម​រយៈការរៀបចំសិក្ខាសាលាដើម្បីពិភាក្សា ក៏ដូចជា ពិ​គ្រោះយោបល់ទាក់ទង​នឹងបរិវត្តកម្ម​បៃតង និងនវានុវត្តន៍ឌីជីថល និងស្វែងរកឱកាស​ក្នុងដំណើរអភិវឌ្ឍន៍គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងហិរញ្ញប្បទានឌីជីថលបៃតងនៅប្រទេសកម្ពុជា។ 

​លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ (រូបភាព៖ ហ្វេសប៊ុកធនាគារជាតិកម្ពុជា)
«អនុស្សរណៈយោគយល់នេះ ​ក៏អនុញ្ញាតឱ្យមានការអនុវត្តគម្រោង​ស្រាវជ្រាវ​រួមគ្នា ជុំវិញ​ទិដ្ឋភាពហិរញ្ញប្បទានឌីជីថលបៃតងផងដែរ»។ ​ធនាគារជាតិនៃកម្ពុជាបញ្ជាក់ដូច្នេះ និង​បានបន្ត​​ថា  កន្លងមកកម្ពុជា​បានចូលរួមក្នុងក្របខណ្ឌអន្តរជាតិ​តាមរយៈ​គំនិត​ផ្តួចផ្តើម និងកិច្ចពិភាក្សា ជាមួយស្ថាប័នមួយចំនួនដូចជា ក្រុមការងារបរិយាបន្នហិរញ្ញវត្ថុ​បៃតង (IGFWG) បណ្តាញសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង (NGFS) ក្រុមការងារអាស៊ានលើ​​កិច្ចការបណ្តាញធនាគារនិងហិរញ្ញវត្ថុប្រកបដោយចីរភាព (ASEAN Taskforce on Sustainable Finance) អង្គការ UNESCAP សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) និង​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាដើម ក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់​ហិរញ្ញប្បទានបៃតង។ 
 

 លោកb Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។ រូបភាព៖ ហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា ក៏បានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែក លើសញ្ញាបណ្ណបៃតង ព្រមទាំងបានក្លាយជាសមាជិកនៃគណៈកម្មការពិគ្រោះយោបល់សម្រាប់មូលនិធិបៃតង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២២ផងដែរ៕
 

Tag:
 ហិរញ្ញប្បទាន​ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com