ជាតិ
របាយការណ៍ជុំវិញការផ្ទុះឃ្លាំងគ្រាប់ ៖ យោធិន២០នាក់ពលី, ​ផ្ទះពលរដ្ឋ, ឃ្លាំងអាវុធ, អាវុធជាច្រើនខូចខាត
27, Apr 2024 , 9:50 pm        
រូបភាព
នាយទាហាន ២០នាក់ បានពលីក្នុងហេតុការណ៍ ផ្ទុះឃ្លាំងគ្រាប់បច្ចេកទេសយោធភូមិភាគទី៣ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកើតឡើងនៅម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២៧ ខែមេសានេះ។ នេះបើតាមរបាយការណ៍បឋម របស់មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិ ភាគទី៣ ឧត្តមសេនីយ៍ឯក យឿង សុខុន។ របាយការណ៍បឋមនេះ បញ្ជាក់ថា៖«មនុស្សចំនួន២០នាក់(អាចស្លាប់ទាំងអស់) ក្នុងនោះមាននាយទាហានខេត្តកោះកុងចំនួន១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន៥នាក់»។ ​

 
យ៉ាងណាបាយការណ៍បឋមនេះ ពុំបានបញ្ជាក់ពីចំនួនមនុស្សដែលរងរបួសនោះទេ។ ជុំវិញឧបទ្ទវហេតុនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានចូលរួមរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារយោធិនពលី និងសម្ដែងសមានទុក្ខ សោកស្ដាយចំពោះអ្នករងរបួស។ ក្រៅពីបញ្ជាក់ថារាជរដ្ឋាភិបាល នឹងរ៉ាប់រងចំណាយរៀបចំពិធីបុណ្យ សម្តេចនាយករដ្ឋមន្ត្រី ក៏ផ្តល់ការឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារក្នុងមួយសព ជូនគ្រួសារយោធិនដែលពលី។
 
អត្ថបទទាក់ទង
 
នៅក្នុងរបាយការណ៍បឋមរបស់មេបញ្ជាការយោធភូមិ ភាគទី៣ មាន រថយន្ត១គ្រឿង រួមទាំងអាវុធនៅលើរថយន្ត បានផ្ទុះខ្ទេចអស់ ខណៈរថយន្តមួយគ្រឿងទៀត ខូចធ្ងន់ធ្ងរផ្នែកខាងក្រៅ។ រថយន្តទាំងនេះ ជារថយន្ត២ ក្នុងចំណោមរថយន្ត ៥គ្រឿងដែលដឹកនាំអាវុធ-គ្រាប់មកពីខេត្តកោះកុង។ 
 
បើតាមរបាយការណ៍បឋមរបស់ ឧត្តមសេនីយ៍ឯក យឿង សុខុន ដែលឱ្យដឹងទៀតថា មិនទាន់មានការបូកសរុបអាវុធគ្រាប់នៅក្នុងឃ្លាំងបច្ចេកទេសទីបញ្ជាការយោធភូមិភាគដែលខូចខាតនៅឡើយ។
 
ក្រៅពីខូចខាត់អាវុធគ្រាប់ អគារ៤ខ្នង នៅទីបញ្ជាការយោធភូមិភាគខូចខាតទាំងស្រុង ក្នុងនោះមានអគារឃ្លាំងអាវុធគ្រាប់៣ខ្នង និងអគារស្នាក់នៅ១ ខ្នង។  ចំណែកអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្ធា បង្អួច និងដំបូល។
 
ហេតុការណ៍ផ្ទុះឃ្លាំងអាវុធគ្រាប់នេះ ក៏បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន ២៥ខ្នងនៅក្បែរទីបញ្ជាការយោធភូមិភាគនោះខូចខាតដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com