អន្តរជាតិ
រដ្ឋាភិបាលហ្វីលីពីនធ្វើអ្វីខ្លះដើម្បីដោះស្រាយសីតុណ្ហភាពក្ដៅខ្លាំង និងគ្រោះរាំងស្ងួត?
28, Apr 2024 , 9:59 am        
រូបភាព
សីតុណ្ហភាពក្ដៅខ្លាំង កំពុងវាយប្រហារបណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដែលបង្កឱ្យមានផលប៉ះពាល់ជាខ្លាំងដល់សុខភាព និងព្រមទាំងជីវភាពរស់នៅទាំងមូលផង ដែរ​។ ហ្វីលីពីនដែលរងផលប៉ះពាល់ខ្លាំង ដាក់ចេញវិធានការមួយចំនួន ដើម្បីសម្រួលមួយចំណែកដល់ប្រជាជន។

តើរដ្ឋាភិបាលប្រធានាធិបតី Ferdinand Marcos Jr. ធ្វើអ្វីខ្លះ?
 
ការផ្អាកសាលារៀនបណ្ដោះអាសន្ន
 
យោងតាមក្រសួងអប់រំហ្វីលីពីន សាលារៀនប្រមាណ៤ពាន់កន្លែងបានផ្អាការបង្រៀន តាមថ្នាក់កាលពីដើមខែមេសាខណៈសីតុណ្ហភាពក្ដៅខ្លាំងដល់៤០-៤៥អង្សា។ របៀប បង្រៀនជំនួស (ADM) ត្រូវបានដាក់ចេញសម្រាប់ផ្តល់នូវភាពបត់បែនរួមទាំងការសិក្សាពី ចម្ងាយសម្រាប់សិស្សានុសិស្សហ្វីលីពីនជាង ១,៣ លាននាក់។
 
ជំនួយសម្រាប់កសិករដែលរងការខាតបង់ទិន្នផល

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ក៏ដឹកនាំក្រសួងកសិកម្ម ឱ្យធ្វើការជាមួយក្រុមហ៊ុនធានារ៉ាប់រងដំណាំហ្វីលីពីនដើម្បីជួយកសិករដែលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ហើយត្រូវប្រាកដថា កសិករទទួល បានជំនួយហិរញ្ញវត្ថុភ្លាមៗ។ 
 
ជាក់ស្តែង គ្រោះរាំងស្ងួតដែលបង្កឡើងដោយកំដៅខ្លាំង និងកង្វះទឹកភ្លៀងបានធ្វើឱ្យដំណាំ និងផលិតកម្មបសុសត្វរបស់ប្រទេសនេះធ្លាក់ចុះយ៉ាងខ្លាំងជាមួយនឹងការខូចខាតកើនឡើង​​ ដល់៧៤លានដុល្លារ ខណៈស្រូវជាដំណាំដែលរងការខូចខាតច្រើនជាងគេរហូតដល់ទៅ៦១,៧១​ ភាគរយ។
 
ជាការឆ្លើយតប ក្រសួងកសិកម្មហ្វីលីពីន ក៏បានពង្រីកជំនួយប្រហែល៣៧ លានដុល្លារដល់កសិករ និង អ្នកនេសាទដែលរងផលប៉ះពាល់រួមទាំងជំនួយហិរញ្ញវត្ថុចំនួន ១៩ លានដុល្លារដល់កសិករដាំស្រូវ និង១៣,៨ម៉ឺនដុល្លារសម្រាប់គ្រឿងម៉ាស៊ីន និងឧបករណ៍សម្រាប់ដំណាំស្រូវ។
 
ការត្រួតពិនិត្យ និងជំនួយដល់ការផ្គត់ផ្គង់ទឹក

លោក Marcos Jr. បានបញ្ជាឱ្យក្រសួងបរិស្ថាន និងធនធានធម្មជាតិ តាមរយៈ ក្រុមប្រឹក្សាធនធានទឹកជាតិ សហការជាមួយការិយាល័យការពារជនស៊ីវិលដើម្បីប្រមូល ទិន្នន័យទាំងស្ថានភាព ផ្គត់ផ្គង់ទឹកលើសកម្រិត និងកង្វះការផ្គត់ផ្គង់ដែលប៉ះពាល់ដល់ផ្នែកខ្លះនៃប្រទេស។
 
ខណៈដែលទីក្រុងមួយចំនួនដូចជា Zamboanga និង Lloilo ប្រទះនឹងបញ្ហាកង្វះទឹកប្រើប្រាស់ និងបានប្រកាសពីស្ថានភាពគ្រោះមហន្តរាយ រដ្ឋាភិបាលនៃទីក្រុងទាំងនោះទទួលបានការ អនុញ្ញាតឱ្យប្រើប្រាស់មូលនិធិរដ្ឋសម្រាប់ដោះស្រាយបញ្ហា។ ទីក្រុង Lloilo ទទួលបានថវិកា ២១,៦ម៉ឺនដុល្លារពីមូលនិធិឆ្លើយតបរហ័សដើម្បីទិញ និងចែកចាយទឹកសម្រាប់រយៈពេល៣ ខែដល់គ្រួសារដែលរងផលប៉ះពាល់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com