កីឡាជាតិ
ជាតិ
លោក សិរីពិសិដ្ឋ៖ បាល់ទះ ៤X៤ មានគុណប្រយោជន៍ធំធេង ក្នុងការកែទម្លាប់លេងក្រៅប្រព័ន្ធ និងខុសបច្ចេកទេស
29, Apr 2024 , 9:29 pm        
រូបភាព
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា បាននិយាយថាព្រឹត្តិការណ៍កីឡាបាល់ទះ ៤X៤ (Wurkz Special Volleyball Cup 4x4) ឆ្នាំ ២០២៤ មានគុណប្រយោជន៍ធំធេង ក្នុងការកែទម្លាប់លេងក្រៅប្រព័ន្ធ និងខុសបច្ចេកទេសរបស់កីឡាករទូទាំងប្រទេស។



«ពីមុនការលេងខុសបច្ចេកទេសគឺមានគ្រប់ទិសទី ប៉ុន្តែមកដល់បច្ចុប្បន្នយើងបានកាត់បន្ថយពីមួយជំហានទៅមួយជំហាន ហើយយើងសង្ឃឹមថាទៅមុខការលេងបែបនេះនឹងលែងមានក្នុងវិស័យបាល់ទះកម្ពុជា។[…]។ ខ្ញុំគិតថាព្រឹត្តិការណ៍មួយនេះមានគុណប្រយោជន៍ដ៏ធំធេងក្នុងការកែទម្លាប់លេងក្រៅប្រព័ន្ធ។»។ នេះជាការអះអាងរបស់ លោក សិរីពិសិដ្ឋ។
 
ការប្រកួតពានរង្វាន់បាល់ទះ ៤x៤ បានចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី២៤ ខែកុម្ភៈ និងបញ្ចប់នាថ្ងៃទី២៨ ខែមេសា ដោយការប្រកួតបានធ្វើឡើងនៅតាមភូមិភាគនានា ជុំវិញប្រទេសកម្ពុជា។ ការប្រកួតទៀតសោត បានប្រមូលផ្តុំក្រុមមានសមត្ថភាពខ្លាំង​មកពីបណ្តាខេត្តជុំវិញកម្ពុជាឱ្យប្រមូលផ្តុំគ្នាប្រកួតប្រជែងដើម្បីស្វែងរកកៅអីឡើងមកកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនារាជធានីភ្នំពេញ។
  


ជុំផ្តាច់ព្រ័ត្រធ្វើឡើងក្នុងរាជធានីភ្នំពេញ ក្រុមចំនួន ១០ ដែលឈ្នះការប្រកួតមកពីតាមភូមិចំនួន ៥ រួមមាន បាត់ដំបង កំពង់ចាម ព្រៃវែង សៀមរាប និងព្រះសីហនុ បានប្រមូលផ្តុំជាមួយនឹងក្រុមខ្លាំងៗចំនួន ៥ ដើម្បីប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ជាម្ចាស់ជើងឯក។
 
ការប្រកួតពានរង្វាន់បាល់ទះ ៤x៤ ដែលមានរយៈពេលប្រកួត ២ខែ បានរកឃើញក្រុមជើងឯកហើយ ដោយក្រុមបាល់ទះវិសាខា​ (A) បានបំបាក់ក្រុមក្រសួងមហាផ្ទៃ (A) ក្នុងលទ្ធផលសិត ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៨ ខែមេសា​ ក្នុងសាលពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រុមទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតនោះ ជាក្រុមកងពលធំអន្តរាគមន៍លេខ ៣ (B)៕











© រក្សាសិទ្ធិដោយ thmeythmey.com