សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើបញ្ញាសិប្បនិម្មិតជះឥទ្ធិពលកម្រិតណាដល់សារព័ត៌មាន?
30, Apr 2024 , 9:09 am        
រូបភាព
រូបភាព ៖ EJO
រូបភាព ៖ EJO
​បញ្ញាសិប្បនិមិត្ត (AI) កំពុងក្លាយជាការពេញនិយមកាន់តែខ្លាំងឡើង ហើយក៏មានផលប៉ះពាល់ជាច្រើនដល់កត្តាសេដ្ឋកិច្ច សង្គម និងជីវិត។ នៅក្នុងវិស័យសារព័ត៌មាន បញ្ញាសិប្បនិម្មិត ក៏កំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើវិធីដែលសារព័ត៌មានដំណើរការ ផលិត និងទទួលបានព័ត៌មាន។ រាប់ចាប់ពីការផលិតមាតិកាដោយស្វ័យប្រវត្តិរហូតដល់ការវិភាគទិន្នន័យ និងការឆ្លើយតបផ្ទាល់ជាមួយអ្នកអាន បញ្ញាសិប្បនិម្មិតកំពុងនាំមកនូវសក្តានុពល និងបញ្ហាប្រឈមជាច្រើនដល់វិស័យសារព័ត៌មាន។ តើបញ្ញាសិប្បនិម្មិតជះឥទ្ធិពលបែបណាលើវិស័យសារព័ត៌មាន?

 
ការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗដូចជាកម្មវិធី AI Chatbots​ ដូចជា ChatGPT, Google Bard  បានបង្កជាក្តីបារម្ភសម្រាប់អ្នកប្រកបអាជីពជាអ្នកនិពន្ធ ឬសារព័ត៌មាន ដែលឧបករណ៍បច្ចេកវិទ្យាទាំងនេះអាចជំនួសការងារខ្លួនបាន។ 
 
ការលេចរូបរាងឡើងនៃបញ្ញាសិប្បនិម្មិត ChatGPT មិនមែនជាក្តីបារម្ភថ្មីសម្រាប់អ្នកកាសែត ជុំវិញបច្ចេកវិទ្យាមួយនេះ អាចសរសេរ និងផលិតព័ត៌មានដោយខ្លួនឯងបានយ៉ាងឆាប់រហ័ស។ 
 
ចាប់តាំងពីឆ្នាំ ២០១៧  ទីភ្នាក់ងារព័ត៌មាន Reuters បានប្រើប្រាស់ឧបករណ៍ News Tracer ដែលមានសមត្ថភាពត្រង tweets រាប់លាន ដើម្បីចាប់យកព័ត៌មានក្តៅៗដែលមាននៅលើបណ្តាញ X ។ ពាក់ព័ន្ធនឹងបញ្ហានេះ វាមិនងាយឡើយសម្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងការខកខានព្រឹត្តិការណ៍ធំៗ ដូចជារញ្ជួយដី ភេរវកម្ម។ ចាប់ពីពេលនោះ អ្នកយកព័ត៌មានគ្រាន់តែធ្វើការផ្ទៀងផ្ទាត់ ដើម្បីផ្តល់ព័ត៌មានជូនមិត្តអ្នកអានបានភ្លាមៗ។
 
អ្នកជំនាញ លោក Peter Bale ប្រធានផ្នែកគំនិតផ្តួចផ្តើមនិពន្ធរបស់សមាគមប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានអន្តរជាតិ ( INME) បានសង្គត់ធ្ងន់ថា ៖« បញ្ញាសិប្បនិមិត្តបានបង្ហាញពីតម្លៃដ៏អស្ចារ្យរបស់វាសម្រាប់បង្ហាញទិន្នន័យរបស់សារព័ត៌មាននៅក្នុងទម្រង់ព័ត៌មានមួយចំនួនដូចជាព័ត៌មានកីឡា ឬរបាយការណ៍ទីផ្សារភាគហ៊ុន ដែលអនុញ្ញាតឱ្យមានការវិភាគរហូតដល់សំណុំទិន្នន័យដ៏ធំដូចជា ព័ត៌មានស៊ើបអង្កេត ឬអត្ថបទវេជ្ជសាស្ត្រជាដើម»។
 
ជាឧទាហរណ៍ឯកសារទិន្នន័យ Panama Papers ដ៏ល្បីល្បាញរបស់សមាគមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ IJCJ បានប្រើកម្មវិធីដើម្បីត្រងចាប់ឯកសារចំនួន ១៣,៤លានទំព័រអំពីក្រុមហ៊ុនឈូងសមុទ្រ។ បើគ្មានជំនួយពីបញ្ញាសិប្បនិម្មិតទេ បើទោះបីជាអ្នកយកព័ត៌មានមានសមត្ថភាពខ្លាំងប៉ុនណា ក៏មិនអាចបំពេញការងារយ៉ាងច្រើនបែបនេះក្នុងរយៈពេលដ៏ខ្លីនោះទេ។
 
ចំណែកការប្រើប្រាស់ Bot ដើម្បីសរសេរព័ត៌មានមិនមែនជារឿងថ្មីដែរ។ អំឡុងពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៨ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Mitt Media របស់ស៊ុយអែតបានប្រើប្រាស់ bot ដើម្បីសរសេរអត្ថបទប្រហែល ៤១ពាន់អត្ថបទអំពីការប្រកួតកីឡាដែលមានចំណាត់ថ្នាក់ទាបនៅក្នុងប្រទេស ក៏ដូចជាការជួយលក់អត្ថបទដល់អ្នកជាវតាមរយៈបច្ចេកវិទ្យាព័ត៌មានផ្ទាល់ខ្លួន។ 
 
មិនបាច់និយាយប្រទេសឆ្ងាយ នៅឆ្នាំ ២០១៨ កាសែតអេឡិចត្រូនិក VietnamPlus របស់វៀតណាម និងក្រុមហ៊ុន Infore ក៏បានបើកដំណើរការ Chatbot ដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកអានដោយផ្ទាល់។ បន្ទប់ព័ត៌មានជាច្រើនផ្សេងទៀតនៅវៀតណាមក៏បានប្រើប្រាស់បច្ចេកវិទ្យានិម្មិតបែបនេះ សម្រាប់ផលិតព័ត៌មានវីដេអូ ផតខាស ឬចែកចាយព័ត៌មាននៅលើបណ្តាញសង្គមផងដែរ។
 
យ៉ាងណាមិញ ការប្រើប្រាស់ AI ក្នុងការផលិតសារព័ត៌មានជាដំណើរការដែលបានបង្កើតឡើងយ៉ាងប្រុងប្រយ័ត្ននៅក្នុងបន្ទប់ព័ត៌មានជាច្រើន។ ប្រព័ន្ធ AI ដែលសារព័ត៌មានធំៗប្រើប្រើប្រាស់ទាំងនេះមិនគួរច្រឡំជាមួយនឹងសមត្ថភាពក្នុងការផ្តល់ចម្លើយភ្លាមៗដូចជា chatbots ឬការក្លែងធ្វើសារព័ត៌មាននៃឧបករណ៍ AI ដែលទើបនឹងចេញថ្មីៗដូចជា ChatGPT នោះទេ។ ប៉ុន្តែវាហាក់បីដូចជាឧបករណ៍ AI ដែលមានសមត្ថភាពបង្កើតមាតិកាថ្មី (AI ជំនាន់ថ្មី) នឹងអាចគាំទ្រ ឬជំនួសការងារមួយចំនួនក្នុងការរាយការណ៍ព័ត៌មាន និងកម្មវិធីផ្សេងៗ។ 
 
ទោះយ៉ាងណាក៏ដោយ មិនថាមានបញ្ហាអ្វី ChatGPT នៅតែជាចលនាជំរុញដ៏សំខាន់មួយសម្រាប់វិស័យប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការលើកឡើងអំពីបញ្ហាប្រឈម ជាពិសេសបញ្ហាក្រមសីលធម៌អ្នកសារព័ត៌មាន។ 
 
រហូតមកដល់ពេលនេះ អ្នកជំនាញនៅតែបែងចែកអំពីអត្ថប្រយោជន៍ និងគ្រោះថ្នាក់នៃការនាំយក AI ទៅក្នុងការផលិតសារព័ត៌មាន ហើយកត្តាមួយណានឹងមានឥទ្ធិពលខ្លាំងជាង។ ប៉ុន្តែមិនថាយ៉ាងណា សង្រ្គាមរវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយចំនួនបានផ្ទុះឡើងចាប់តាំងពី ChatGPT បានកកើត។ 
 
បើតាមអ្នកជំនាញ Bale ប្រសិនបើបន្ទប់ព័ត៌មានពីមុនបានស្វែងយល់ច្រើនពីរបៀបដែល Google Search ដំណើរការ ម៉្លេះពេលនេះពួកគេអាចនឹងប្រឈមមុខនឹងការលំបាកកាន់តែច្រើនជាងនេះ។
 
ការដកស្រង់ខ្លឹមសារ និងប្រភព ដែលត្រូវបានគេមើលឃើញថាជាបញ្ហាចម្បងសម្រាប់អ្នកបង្កើតមាតិកា កំពុងក្លាយជាការប្រឈមមុខដាក់គ្នាក្នុងចំណោមអ្នកបោះពុម្ពផ្សាយ និងក្រុមហ៊ុនដែលលើកកម្ពស់ការអនុវត្ត AI ជាមួយនិយតករ និងអ្នកនយោបាយ ដែលសុទ្ធសឹងតែបុគ្គលដែលមានប្រតិកម្មយឺតយ៉ាវចំពោះការផ្លាស់ប្តូរបច្ចេកវិទ្យា។ 
 
គំរូបច្ចុប្បន្នរបស់ ChatGPT ស្ទើរតែគ្មានការដកស្រង់ ឬព័ត៌មានច្បាស់លាស់ដែលបង្ហាញពីប្រភពដើមដែលផ្តល់ជូនអ្នកប្រើប្រាស់។
 
ថ្វីបើដូច្នេះ យោងតាមការស្រាវជ្រាវកាលពីចុងឆ្នាំ ២០២៣ ដែលមានចំណងជើងថា«Next-Gen Journalists : Navigating Misinformation, AI & The Future of Journalism » ដោយក្រុមហ៊ុនទំនាក់ទំនងជាយុទ្ធសាស្ត្រ Greentarget អ្នកសារព័ត៌មាននាពេលអនាគតមានទស្សនៈខុសៗគ្នាលើ AI ដែលមានឥទ្ធិពលទៅលើវិជ្ជាជីវៈនេះ។ 
 
ការស្រាវជ្រាវបានធ្វើការស្ទង់មតិនិស្សិតផ្នែកសារព័ត៌មាន និងអ្នកសារព័ត៌មានវ័យក្មេងចំនួន ១០០នាក់ រៀបរាប់ពីអ្វីដែលអ្នកជំនាញសារព័ត៌មានជំនាន់ក្រោយបានព្យាករអំពី AI និងបញ្ហាប្រឈម និងឱកាសដែលពួកគេប្រឈមមុខ។ ខណៈពេលដែលជិត៣ភាគ៤នៃនិស្សិតសារព័ត៌មាន និងអ្នកជំនាញដែលបានស្ទង់មតិរំពឹងថា AI នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យមួយនេះ មានតែពាក់កណ្តាលប៉ុណ្ណោះដែលជឿថាបច្ចេកវិទ្យានេះបង្កការគំរាមកំហែង។ 
 
ទន្ទឹមនេះ អ្នកជំនាន់ក្រោយភាគច្រើនបានប្រើប្រាស់ឧបករណ៍ AI រួចហើយសម្រាប់ការស្រាវជ្រាវ ការសរសេរ និងការកែសម្រួល។ ការស្រាវជ្រាវបង្ហាញថា អ្នកសារព័ត៌មានជំនាន់ក្រោយមើលឃើញថា AI ជាបច្ចេកវិទ្យាមួយដ៏កំពុងតែរីកចម្រើន។ ទោះបីជា បញ្ញាសិប្បនិម្មិតមិនបានជ្រៀតចូលទៅក្នុងកម្មវិធីសិក្សារបស់សាលាសារព័ត៌មាន ដូចដែលវាមានជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដោយ ភាគច្រើន ៥៧ភាគរយនៃអ្នកឆ្លើយតបបាននិយាយថា ការប្រើប្រាស់ និងផលប៉ះពាល់នៃ AI ក្នុងវិស័យសារព័ត៌មានជាផ្នែកមួយនៃដំណើរការអប់រំរបស់ពួកគេ។
 
ជារួម មនុស្សមួយចំនួននៅតែចាត់ទុក AI មិនសូវមានការគំរាមកំហែង ដោយលើកឡើងថា បញ្ញាសិប្បនិម្មិត គឺមិនចាំបាច់ក្នុងវិស័យសារព័ត៌មាន ឬថាប្រសិនបញ្ញាសិប្បនិម្មិត ធ្វើនៅក្នុងវិស័យសារព័ត៌មាន វាគ្រាន់តែជាផ្សព្វផ្សាយព័ត៌មានមិនពិតប៉ុណ្ណោះ។ អ្នកកាសែតវ័យក្មេងមួយចំនួននិយាយថា AI មិនបានបង្ហាញពីព្រឹត្តិការណ៍ និងបទពិសោធន៍ពិតរបស់មនុស្សឡើយ។ ចំណែកអ្នកផ្សេងទៀតមានការព្រួយបារម្ភថា បញ្ញាសិប្បនិម្មិតមានសក្តានុពលអាចជំនួសការងារអ្នកកាសែត៕ 

Tag:
 AI
 ​ សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com