ជាតិ
ក្រសួងអប់រំ ណែនាំឱ្យបាញ់ទឹកនៅទីធ្លាសាលា និងដំបូងអគារសិក្សា ដើម្បីបន្ថយកម្ដៅ
30, Apr 2024 , 1:59 pm        
រូបភាព
អ្នកគ្រូនៅសាលាបឋមសិក្សា៧មករា ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បាញ់ទឹកក្នុងថ្នាក់រៀនដើម្បីជួយបន្ថយកម្ដៅ។ រូបពី ហ្វេសប៊ុកអ្នកគ្រូ សុខខំ
អ្នកគ្រូនៅសាលាបឋមសិក្សា៧មករា ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បាញ់ទឹកក្នុងថ្នាក់រៀនដើម្បីជួយបន្ថយកម្ដៅ។ រូបពី ហ្វេសប៊ុកអ្នកគ្រូ សុខខំ
ភ្នំពេញ៖ អំឡុងពេលអាកាសធាតុកើនកម្ដៅខ្លាំង ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យលោកគ្រូ អ្នកគ្រូ តាមសាលាបើកទ្វារ បង្អួចបន្ទប់រៀន ឱ្យស្រឡះ ហើយត្រូវតែបាញ់ទឹកនៅទីធ្លាគ្រឹះស្ថានសិក្សា​ និងដំបូលអគារសិក្សា តាមលទ្ធភាពជាក់ស្ដែង ដើម្បីបន្ថយកម្ដៅ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ។

 
ការឡើងកម្ដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។ ដើម្បីថែរក្សាសុខភាពនិងបង្ការជំងឺនានាអំឡុងពេលអាកាសធាតុក្ដៅខ្លាំងនេះ ក្រសួងអប់រំ បានណែនាំដល់បុគ្គលិកអប់រំ និងអ្នកសិក្សានៅគ្រប់
គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវស្លៀកសម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆ័ត្រជារបាំងការពារកម្ដៅថ្ងៃពេលចេញក្រៅ។ 
 
ជាមួយគ្នាដែរ ប្រសិនបើមានរោគសញ្ញា ដូចជាវិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល មាត់ស្ងួត រមួលសាច់ដុំ ជារោគសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ហើយសម្រាកពី២ ទៅ៥នាទី ហើយពិសាទឹកត្រជាក់យឺតៗកុំបន្តសកម្មភាព ព្រោះអាចមានហានិភ័យខ្ពស់។ 
 
ចំពោះ វិធានការអនុវត្តនៅតាមគ្រឹះស្ថានសិក្សា គ្រូៗត្រូវណែនាំសិស្សឱ្យលេងក្នុងម្លប់ ឬនៅក្នុងបន្ទប់រៀន នៅពេលចេញលេង។ តាមសាលាទាំងអស់ ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ទទួលទាន និងទឹកសម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សាឱ្យបានសមស្របតាមតម្រូវការ។ ក្រសួងបន្ថែមដូច្នេះ។
 
ក្រសួងអប់រំ បានសង្កត់ធ្ងន់ថថា៖ «ត្រូវបាញ់ទឹកដាក់ទីធ្លាគ្រឹះស្ថានសិក្សា ឬដំបូលអគារសិក្សា តាមលទ្ធភាពនិងស្ថានភាពជាក់ស្ដែងដើម្បីបន្ថយកម្ដៅ ឬអាចពិភាក្សាជាមួយអ្នកអាណាព្យាបាលសិស្ស ដើម្បីរកលទ្ធភាពបំពាក់កង្ហារនៅតាមបន្ទប់រៀនជាដើម»។ 
 
ក្រសួងអ​ប់រំ ក៏តម្រូវឱ្យសាលាទាំងអស់ បន្តដាំនិងថែរក្សាដើមឈើ ដែលមានស្រាប់នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដើម្បីក្លាយជាម្លប់កាត់បន្ថយកម្តៅ។ ចំណែក គ្រូៗ ត្រូវពិនិត្យតាមដានឱ្យបានញឹកញាប់ និងជាប្រចាំលើសុខភាពរបស់សិស្សានុសិស្ស ដែលបង្កដោយអាកាសធាតុក្តៅខ្លាំង ជាពិសេសកុមារតូចៗ។ 
 
អំឡុងពេលអាកាសធាតុក្តៅខ្លាំង ក្រសួងអប់រំ ឱ្យចៀសវាងពិសាភេសជ្ជៈ ដែលបណ្ដាលឱ្យជាតិទឹក នៅក្នុងរាងកាយថយចុះមានដូចជា ពិសាគ្រឿងស្រវឹង ជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើន ជាតិអំបិលច្រើន។ 
 
ទន្ទឹមនឹងនេះ ត្រូវចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក៕ 

Tag:
 អាកាសធាតុ
  ក្ដៅខ្លាំង
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com